Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ប្រសិទ្ធនាម ស្ពានសម្ពោធថ្មី ជា «ស្ពានភ្ជាប់និស្ស័យ» មានអត្ថន័យជ្រាលជ្រៅទាំងអតីតកាល និងបច្ចុប្បន្ន

spot_img

កំពង់ចាម ៖ ធ្វើដំណើរជីវិតដ៏មោះមុត វែងអន្លាយចាកចេញពីដីភក់ដីល្បប់ ចំការស្រែ ផេះផង់នៃភ្លើងសង្គ្រាម ក្នុងនាមជាស្វាមី-ភរិយា គូទី១៣ លើទឹកដីនៃរបប ប៉ុល ពត អស់កាលដ៏យូរអង្វែងមក, ហាក់ដូចជាមួយរំពេចសោះ ស្រាប់តែ ៤៦ឆ្នាំ បានកន្លងផុតទៅ បច្ចុប្បន្ន ទិដ្ឋភាពអតីតកាលទាំងនោះ បានប្រែក្លាយជាទ្រព្យ សាងភ័ព្វវាសនាថ្មី ដល់ពលរដ្ឋប្រុសស្រីផងទាំងពួង ក្នុងនោះ ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ក៏មានស្ពានភ្ជាប់និស្ស័យ ស្ទឹងត្រង់-ក្រូចឆ្មារ ផងដែរ។

នេះជាការរំលេចរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រំលឹកគ្រាដែលរបប ប៉ុល ពត បានចាប់ភ្ជាប់គូ ស្វាមី-ភរិយា រវាងសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាគូទី១៣ គ្មានអ្វីក្រៅពីបាតដៃទទេ មកដល់ពេលនេះ យើងមានអ្វីឡើងវិញអស់ហើយ គឺ ប្រពៃណី វប្បធម៌ព្រលឹងជាតិ, ការរស់រៀនឡើងវិញរបស់ប្រជាពលរដ្ឋ , ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី, សេរីភាពរបស់បងប្អូនប្រជាពលរដ្ឋ, សណ្ដាប់ធ្នាប់ សន្តិសុខ សន្តិភាព និងការអភិវឌ្ឍ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលត្រូវបានសម្តេចប្រសិទ្ធនាមបន្ថែមថា ជា «ស្ពានភ្ជាប់និស្ស័យ» ស្ថិតនៅចំណុច ភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុច ភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលចំណាយថវិកា ក្នុងការសាងសង់ជិត៥៧លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានផ្ដោតអត្ថន័យទៅលើ «ស្ពានភ្ជាប់និស្ស័យ» នេះថា គឺជាការភ្ជាប់និស្ស័យកម្ពុជា-ចិន, ភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ, ភ្ជាប់និស្ស័យកំពង់ចាម-ត្បូងឃ្មុំ ហើយភ្ជាប់និស្ស័យជាពិសេសនោះ គឺនិស្ស័យរវាងសម្តេច និងភរិយា គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយក៏ជាទឹកដីដែលសម្ដេចទាំងទ្វេមានអនុស្សាវរីយ៍នៅទីនេះច្រើនរាប់មិនអស់ រួមមានទាំងល្វីងជូរចត់ និងគ្រាកំសត់។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ឡើងវិញថា ទីតាំងស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ជាតំបន់សមរភូមិសង្គ្រាម ជាតំបន់ទម្លាក់គ្រាប់បែក។ ពីអតីតកាល ជាការលំបាកណាស់សម្រាប់ពលរដ្ឋនៅស្ទឹងត្រង់-ក្រូចឆ្មារ ទោះក្នុងស្ថានភាពចែវទូកដរ ទូកដរប្រើម៉ាស៊ីន ឬសាឡាងក៏ដោយ។ តែពេលនេះ យើងមានស្ពានលែងលំបាកទៀតហើយ គឺ «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» ឬ «ស្ពានភ្ជាប់និស្ស័យ» ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នករៀបអាពាហ៍ពិពាហ៍នានា គួរថត Pre-Wedding នៅតាមដងស្ពានឆ្លងទន្លេមេគង្គនេះ ហើយកុំភ្លេចនឹកដល់ឈ្មោះស្ពានភ្ជាប់និស្ស័យនេះផង។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ពលរដ្ឋអាយុ៦០ឆ្នាំឡើង នឹងបានដឹងពីស្ថានភាពទូកដរខ្មែរកាលពីសង្គមចាស់ គឺចែវនឹងដៃ អត់មានម៉ាស៊ីនទេ។ គ្រានោះ អ្នកជំងឺ ស្ត្រីឆ្លងទន្លេខ្លះ បានរងគ្រោះដល់អាយុជីវិត ព្រោះតែគ្មានស្ពាន ដើម្បីធ្វើដំណើរឱ្យបានលឿនទាន់ពេលវេលា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកាសដាក់ចេញនយោបាយ ដែលផ្តល់អាទិភាពលើ ទឹក ផ្លូវ ភ្លើង និងមនុស្ស តាំងពីឆ្នាំ១៩៨៧ មកនោះ នៅតែជានយោបាយត្រឹមត្រូវសម្រាប់កសាង និងអភិវឌ្ឍន៍កម្ពុជា។

ស្ពាននេះ គឺជាស្ពានយុទ្ធសាស្ត្រមួយយ៉ាងសំខាន់សម្រាប់តភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានឆាប់រហ័ស, ជាស្ពានផ្តល់សក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើងតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×