Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមលើកទី៧ ដើម្បីពិនិត្យ ពិភាក្សា និងសម្រេច លើរបៀបវារៈ សំខាន់ៗ ចំនួន២

spot_img

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា ជាតិគាំពារសង្គម នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំលើកទី៧ របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម តាមរយៈប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីលោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ ពិភាក្សា និងសម្រេច លើរបៀបវារៈ សំខាន់ៗ ចំនួន២។

១) ឯកសារទស្សនទានស្តីពី «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» សេចក្តីព្រាងឯកសារទស្សនទាន ស្តីពី «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage – UHC)» នេះ ត្រូវបានរៀបចំឡើង ដើម្បីកំណត់អំពីក្របខណ្ឌ ក៍ដូចជាគោលបំណង គោលដៅ អភិក្រម វិធិសាស្ត្រ និងជម្រើសគោលនយោបាយគោល ដែលឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្ន ជាពិសេស វឌ្ឍនភាព និងបញ្ហាប្រឈមដែលកំពុងជួបប្រទះក្នុងការអភិវឌ្ឍ និងអនុវត្តប្រព័ន្ធថែទាំសុខភាពសង្គមនៃព្រះរាជាណាចក្រកម្ពុជា។
ឈរលើឯកសារទស្សនទាននេះ, ការរៀបចំ «ផែនទីបង្ហាញផ្លូវ» ផ្តោតលើវិមាត្រចំនួនបី ១៖ ពង្រីកវិសាលភាពគ្របដណ្តប់ការថែទាំសុខភាពលើប្រជាពលរដ្ឋ, ២៖ ពង្រឹងការគ្របដណ្តប់សេវាសុខាភិបាល, និង៣៖ ការពារហានិភ័យហិរញ្ញវត្ថុ។

ដើម្បីឈានទៅសម្រេចបាននូវ UHC តាមដំណាក់កាល បរិបទ និងធនធានសមស្រប, ឯកសារទស្សនទាន ក៍គិតបញ្ចូលផងដែរ នូវកត្តាឆ្លងវិស័យគួបផ្សំចំនួន ៧ ផ្សេងទៀតរួមមាន៖ ១. ប្រព័ន្ធអភិបាលកិច្ច, ២. ការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស, ៣. លិខិតបទដ្ឋានគតិយុត្ត, ៤. ការលើកកម្ពស់ហិរញ្ញប្បទានសុខាភិបាល, ៥. ការបង្កើនការអប់រំ និងផ្សព្វផ្សាយ, ៦. ផែនការយុទ្ធសាស្ត្រទំនាក់ទំនង, និង៧. យន្តការត្រួតពិនិត្យ និងវាយតម្លៃ។

ជាលទ្ធផល ដើម្បីឲ្យឯកសារនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ, អង្គប្រជុំបានផ្តល់ទិសដៅ និងបានសម្រេចបង្កើតក្រុមការងារ បច្ចេកទេសអន្តរក្រសួង ដើម្បីរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវឆ្ពោះ ទៅការគ្របដណ្តប់សុខភាពជាសកល ដែលឈរលើមូលដ្ឋានទស្សនទាន ជាមូលដ្ឋានទាំងនេះ ។

២) ជម្រើសក្នុងការរៀបចំកែសម្រួលស្ថាប័នទីភ្នាក់ងារ បញ្ជាក់ចំណាយសេវាសុខាភិបាល ប្រតិបត្តិតាមការឯកភាពជាគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ក្រុមប្រឹក្សាជាតិគាំពារសង្គម បានពិភាក្សាលើជម្រើសក្នុងការរៀបចំស្ថាប័ន «ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល (ទ.ប.ច.ស)» ក្នុងគោលបំណងកែសម្រួលស្ថាប័ននេះ ដោយពង្រីកវិសាលភាពគ្របដណ្តប់លើរបបថែទាំសុខភាព និងរបបហានិភ័យការងារ ដែលកំពុងអនុវត្តដោយបេទ្បាជាតិ សន្តិសុខសង្គម (ប.ស.ស.) និងមុខងារពាក់ព័ន្ធថ្មីៗមួយចំនួន បន្ថែមលើមូលនិធិសមធម៌សុខាភិបាល។

អង្គប្រជុំបានពិភាក្សា និងសម្រេចបង្កើនឯករាជ្យភាពរបស់ ទ.ប.ច.ស ទាំងក្នុងទិដ្ឋភាពហិរញ្ញវត្ថុ និងទិដ្ឋភាពប្រតិបត្តិការ ចំណុះឲ្យក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងអភិបាលកិច្ចល្អ ដោយធានានូវប្រតិតុល្យការ និងបង្កើនប្រសិទ្ធភាព ក្នុងប្រព័ន្ធថែទាំសុខភាពសង្គមនៅកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×