Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ ៖ តាំងពីថ្ងៃទី៧ខែធ្នូឆ្នាំ២០២៥មកទល់ថ្ងៃនេះ កងទ័ពថៃ បានឈ្លានពានមកលើបូរណភាពទឹកដី និងដែនអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងជាក់ស្តែងប្រកែកមិនបាន

ភ្នំពេញ ៖ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី២១ខែធ្នូឆ្នាំ២០២៥នេះ បានផ្ញើលិខិតចំហ…ជាសាធារណៈទៅកាន់សហគមន៍អន្តរជាតិ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ដោយបានអះអាងថា អ្វីដែលបាននិងកំពុងបន្តកើតឡើង នៅបណ្តោយព្រំដែនខាងលិចនៃកម្ពុជា តាំងពីថ្ងៃទី៧ខែធ្នូឆ្នាំ២០២៥មកទល់ថ្ងៃនេះ គឺជាការឈ្លានពានមួយជាក់ស្តែងប្រកែកមិនបាន ពីសំណាក់កងទ័ពថៃ មកលើបូរណភាពទឹកដីនិងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖
-អ្វីដែលបាននិងកំពុងបន្តកើតឡើង នៅបណ្តោយព្រំដែនខាងលិចនៃកម្ពុជា តាំងពីថ្ងៃទី៧ខែធ្នូឆ្នាំ២០២៥មកទល់ថ្ងៃនេះ គឺជាការឈ្លានពានមួយជាក់ស្តែងប្រកែកមិនបាន ពីសំណាក់កងទ័ពថៃ មកលើបូរណភាពទឹកដីនិងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ។ អ្វីដែលបាននិងកំពុងបន្តប្រព្រឹត្តទៅនេះ មិនមែនជាឧបទ្ទវហេតុមួយចៃដន្យ, មិនមែនជាការផ្ទុះអាវុធមួយរប៉េះរប៉ោះ ហើយក៏មិនមែនជាចម្បាំងមួយដែលកើតចេញពីភាពតានតឹងជាអចិន្ត្រៃយ៍គ្រប់គ្រងមិនបានទាល់តែសោះនោះដែរ ។ តាមពិត វាគឺជាសង្គ្រាមទាំងស្រុងនិងទាំងកំរោលមួយ ដែលដុះចេញពីចេតនាពេញលេញរបស់ទីក្រុងបាងកក និងដែល ត្រូវបានគិតគូរគ្រោងទុកជាមុនយ៉ាងល្អិតល្អន់បំផុតដោយកងទ័ពថៃ ។ គោលដៅរបស់បាងកក ដែលប្រើប្រាស់ដំណាលគ្នាកងកម្លាំងជើងគោក ជើងទឹក ព្រមទាំងជើងអាកាស គឺ ឈ្លានពានយកទឹកដីកម្ពុជា វាយបាននៅទីណាដោតទង់ជាតិថៃនៅទីនោះ ដោយវាយប្រហារមិនត្រឹមតែលើទីតាំងយោធាប៉ុណ្ណោះទេ តែលើប្រជាជនស៊ីវិលស្លូតត្រង់ ហេដ្ឋារចនាសម្ព័ន្ធ និងប្រាង្គប្រាសាទបុរាណដែលមហាបុព្វបុរសខ្មែរ បានបន្សល់ទុក និងដែលមួយចំនួនបានក្លាយទៅជាបេតិកភណ្ឌពិភពលោក ។

-មានហេតុផលជាសារវន្តចំនួន៥ ដែលច្បាស់ជានឹងជម្រះក្តីមន្ទិលសង្ស័យរបស់មតិអន្តរជាតិ និងធ្វើឱ្យសហគមន៍អន្តរជាតិយល់ដឹងថា ថៃគឺជាអ្នកឈ្លានពាន រីឯកម្ពុជាគឺជាអ្នកត្រូវថៃឈ្លានពាន ៖

ទី១-កម្ពុជាជាប្រទេសតូចមិនអាចធ្វើសង្គ្រាមឈ្លានពានប្រទេសថៃជាប្រទេសធំបានទេ…
-កម្ពុជាជាប្រទេសតូច គឺតូចទាំងទឹកដី តូចទាំងសេដ្ឋកិច្ច តូចទាំងយោធានិងតូចទាំងមហិច្ឆតា ។ ដូចនេះ កម្ពុជាមិនអាចឈ្លានពានប្រទេសខ្លាំងជាងខ្លួន ដល់ទៅ៣ដង ដូចជាប្រទេសថៃបានឡើយ ។ កម្ពុជាតែងតែអត់ធ្មត់ និងអំពាវនាវឱ្យមានការដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី តាំងពីមុនផ្ទុះអាវុធលើកទី១ រហូតដល់មានការទទួលយកបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។ បើកម្ពុជាពិតជាចង់បានសង្គ្រាម តើកម្ពុជាខិតខំបង្កើត និងរក្សាសន្តិភាព តាំងពីឆ្នាំ១៩៩៨ ដើម្បីអ្វី?

ទីពីរ-កម្ពុជាទាមទារឱ្យគោរពខ្សែបន្ទាត់ព្រំដែន តាមផែនទី តាមសន្ធិសញ្ញាព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ ប៉ុន្តែ ថៃទាមទារខ្សែបន្ទាត់ព្រំដែនតាមផែនទីឯកតោភាគីរបស់ខ្លួន…
-ប្រទេសកម្ពុជា និងប្រទេសថៃ គឺជាអ្នកជិតខាងនឹងគ្នា ដែលមានខ្សែបន្ទាត់ព្រំដែនច្បាស់លាស់កំណត់ដោយអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងផែនទី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ព្រមទាំងមានអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខ័ណ្ឌព្រំសីមាព្រំដែនគោក ដើម្បីឈានទៅបោះបង្គោលព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍជាមួយគ្នាឱ្យបាន ១០០ ភាគរយ។ ដូចនេះ គ្មានហេតុផលណាមួយ ដែលកម្ពុជាមានចេតនាឬប៉ុនប៉ងរំលោភបំពាន និងឈ្លានពានលើអធិបតេយ្យភាពរបស់ប្រទេសថៃនោះឡើយ។

ទី៣-កម្ពុជាប្រើយន្តការអន្តរជាតិដើម្បដោះស្រាយបញ្ហាព្រំដែន ប៉ុន្តែ ថៃធ្វើសង្គ្រាមដើម្បីឈ្លានពានយកទឹកដី…
-ជាក់ស្ដែង ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ទាំងជម្លោះកាលពីឆ្នាំ១៩៥៤,ជម្លោះឆ្នាំ២០០៨-២០១១ និងជម្លោះបច្ចុប្បន្ននេះ កម្ពុជាតែងតែប្រកាន់យកយន្តការអន្តរជាតិ និងច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ជាលទ្ធផលនៃជម្រើសផ្លូវច្បាប់នេះ កម្ពុជាបានទទួលជោគជ័យ ដោយក្នុងករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២ និងឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចថាប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទព្រះវិហារស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។ នេះបង្ហាញថាកម្ពុជាជាប្រទេសការពារអធិបតេយ្យភាពរបស់ខ្លួនដោយប្រើយន្តការច្បាប់អន្តរជាតិហើយគ្មាន
ហេតុផលណាដែលកម្ពុជាច្រានចោលយន្តការដែលខ្លួនធ្លាប់ទទួលបានជោគជ័យ២លើករួចមកហើយនេះ ហើយបែរជាទៅបង្កសង្រ្គាមជាមួយប្រទេសថៃនោះឡើយ។

ទី៤-កម្ពុជាស្គាល់ច្បាស់ពីសោកនាដកម្មនៃសង្គ្រាម និងផ្ដល់តម្លៃខ្ពស់បំផុតដល់សន្តិភាព…
-កម្ពុជាជាប្រទេសស្រលាញ់សន្តិភាព។ ក្នុងរយៈពេលជិត៥០ឆ្នាំកន្លងទៅនេះ ក្រោយពីឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ ក្នុងនោះរួមមានទាំងរបបខ្មែរក្រហមប្រល័យពូជសាសន៍មួយផងនោះ រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ឱ្យតម្លៃខ្ពស់បំផុតដល់សន្តិភាព រហូតទទួលបានមេដៃមាសសន្តិភាពពិភពលោកឆ្នាំ២០២១ និងមេដៃសន្តិភាពសម្រាប់មនុស្សជាតិនិងភពផែនដីឆ្នាំ២០២៤ ព្រមទាំងពានរង្វាន់អាស៊ានឆ្នាំ២០២៥។ កម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាមឆ្អែតឆ្អន់ហើយ កម្ពុជាត្រូវការសន្តិភាព និងស្ថិរភាពសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដូចនេះ គ្មានហេតុផលណាមួយដែលកម្ពុជាទៅរំលោភបំពានឈ្លានពានលើប្រទេសណាមួយ បង្កសង្គ្រាមបំផ្លាញសន្តិភាពដែលរកបានមកដោយលំបាកនោះឡើយ។

ទី៥-ថៃប្រកាសសង្គ្រាមជាចំហ និងវាយប្រហារយ៉ាងព្រៃផ្សៃមកលើកម្ពុជា…

-ការផ្ទុះឡើងវិញនៃសង្គ្រាមព្រំដែន ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥រហូតដល់ពេលនេះ គឺនាយករដ្ឋមន្ត្រីថៃ និងមេទ័ពកំពូលរបស់ថៃ បានប្រកាសសង្គ្រាមឱ្យយោធាថៃវាយប្រហារកម្ពុជាដោយពង្រីកវិសាលភាពតាមបណ្តោយព្រំដែនគោកជាង ៨០០គីឡូម៉ែត្រ និងបើកប្រតិបត្តិការយោធាវាយលុកចូលជ្រៅជាង ៨០-៩០ គីឡូម៉ែត្រដីមកក្នុងអធិបតេយ្យភាពកម្ពុជា។ ក្នុងន័យនេះ ថៃប្រើកម្លាំងគ្រប់ប្រភេទ ទាំងជើងគោក ជើងអាកាស និងជើងទឹក ក្នុងនោះរួមមានយន្តហោះចម្បាំងF-16 និង Gripen គ្រាប់បែកចង្កោម ផ្សែងពុល ដ្រូនពិឃាដ ដ្រូនទម្លាក់គ្រាប់បែក យន្តហោះគ្មានមនុស្សបើក កាំភ្លើងធំ កាំភ្លើងត្បាល់រ៉ុកកែតចម្ងាយឆ្ងាយ រថក្រោះ រថពាសដែក ព្រមទាំងកម្លាំងទ័ពថ្មើរជើង ដើម្បីបំផ្លាញទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជាស្ពានថ្នល់ សាលារៀន វត្តអារាម ជំរំជនភៀសខ្លួន និងលំនៅដ្ឋានប្រជាជន ហើយបន្តបដិសេធមិនគោរពបទឈប់បាញ់។ ដូចនេះ ច្បាស់ណាស់ថាប្រទេសកម្ពុជាមិនមែនជាអ្នករំលោភបំពាន និងបង្កសង្គ្រាមឈ្លានពានទៅលើប្រទេសថៃនោះទេ ហើយសកម្មភាពអស់ទាំងនេះពុំមែនជាការអនុវត្តសិទ្ធិការពារខ្លួនដូចប្រទេសថៃបានអះអាងឡើយ។

-ផ្អែកលើចំណុចទាំង៥នេះ គឺប្រទេសកម្ពុជាជាអ្នករងគ្រោះការពារខ្លួន ហើយប្រទេសថៃជាអ្នកបង្កសង្គ្រាមឈ្លានពានលេបយកទឹកដីកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×