Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងក្រុមសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាពរបស់ចិន ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ៖ ស្តីពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាពរបស់សាធារណរដ្ឋប្រជាមានិតចិន ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ស៊ូ ហ្សឹងតឺ នាយកក្រុមសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាពរបស់ចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាពរបស់សាធារណរដ្ឋប្រជាមានិតចិន (CCIC) ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច តាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម សមាជិកCCIC តំណាង CCIC ប្រចាំប្រទេសកម្ពុជា និងប្រទេសថៃ។

អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាឯកសារក្របខណ្ឌសម្រាប់តម្រង់ទិសកិច្ចសហប្រតិបត្តិការរយៈពេលវែង សម្រាប់ជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិន។ អនុស្សរណៈនេះមានគោលដៅធានានូវគុណភាព សុវត្ថិភាពផលិតផលនាំចេញ-នាំចូល និងបង្កើតយន្តការសម្រាប់តាមដានប្រភពនៃផលិតផល ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងការលុបបំបាត់របាំងពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីឱ្យបានកាន់តែប្រសើរ និងបម្រើឱ្យផលប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×