Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាណូត​ដឹកជញ្ជូន​អ្នកដំណើរ​មិន​យក​ប្រាក់​ពី​ឫស្សីកែវ​ទៅ​តាខ្មៅ​មាន​ចំនួន​អ្នក​ជិះ​ជិត​៦០០០​នាក់ ក្នុង​រយៈពេល​ជាង​១០​ថ្ងៃ​

​​ភ្នំពេញ​៖ កាណូត​ដឹកជញ្ជូន​អ្នកដំណើរ​មិន​យក​ប្រាក់​ដែល​ចាប់​ចេញដំណើរ​ពី​ចំណត​ឫស្សីកែវ​ទៅ​ក្រុង​តាខ្មៅ ក្នុង​រយៈពេល​ជាង​១០​ថ្ងៃនេះ​បាន​ដឹកជញ្ជូន​អ្នកដំណើរ​បាន​ចំនួន​ជិត​៦០០០​នាក់ ជាមួយនិង​ភាពសប្បាយ​រីករាយ​នៃ​ការផ្តើម​ឲ្យមាន​ការធ្វើ​ចរាចរណ៍​លើ​ផ្លូវទឹក​។​

លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មេសា ឆ្នាំ​២០១៨​នេះ​ថា កាណូត​ដឹកជញ្ជូន​អ្នកដំណើរ​មិន​យក​ប្រាក់​ដែល​ចាប់ផ្តើម​ចេញដំណើរ​ពី​ចំណត​ឫស្សីកែវ​ទៅ​ចំណត​ក្រុង​តាខ្មៅ ចាប់ពី​ថ្ងៃ​៦ មេសា​រហូត​ដល់​១៩ មេសា​២០១៨​នេះ​មាន អ្នកជិះ​ចំនួន​៥៩៣៦​នាក់ ដោយ​ប្រើប្រាស់​កាណូត​ចំនួន​៣​គ្រឿង ក្នុង​មួយ​ថ្ងៃ​២០​ជើង ដោយ​ឆ្លងកាត់​ចំនួន​៤​ចំណត រួម​មាន​ចំណត​ឫស្សីកែវ ផ្សារ​ចាស់ ចតុមុខ និង​ចំណត​ស្ថានីយ​ក្រុង​តាខ្មៅ ។​

លោក​សាំ ពិសិដ្ឋ បានបញ្ជាក់​ថា ក្នុង​រយៈពេល​ជាង​១០​ថ្ងៃនេះ ចំនួន​អ្នក​មក​ទទួល​សេវាកម្ម​ជិះ​កាណូត​នេះ​ច្រើនជាងគេ​គឺ​នៅ​ថ្ងៃ​ទី​១៦ មេសា ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​បុណ្យចូលឆ្នាំថ្មី ដោយមាន​ចំនួន​រហូត​ដល់​ចំនួន​៨៩១​នាក់ ។​

លោក​សាំ ពិសិដ្ឋ បាន​បន្ត​បញ្ជាក់ទៀតថា កាណូត​ដឹកជញ្ជូន​អ្នកដំណើរ​មិន​យក​ប្រាក់​នេះ​បាន ចាប់ផ្តើម​ឲ្យ​ដំណើរការ​កាលពី​ថ្ងៃ​ទី​៦ មេសា ហើយ​ជា​គម្រោង ការ​ជិះ​កាណូត​មិន​យក​លុយ​នេះ​នឹង​បន្ត​រហូត​ដល់​១​សីហា​២០១៨ ។ ដូច្នេះ​ទេ​លោក​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​បន្ត​ការគាំទ្រ​និង​ជិះ​កាណូត​នេះ​ឲ្យបាន​ច្រើន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​លើ​ផ្លូវគោក​។​

គួរបញ្ជាក់​ថា ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ ប្រជាពលរដ្ឋ​យ៉ាងច្រើន​បាន​ជិះ​កាណូត​ដឹកជញ្ជូន​អ្នកដំណើរ ឫស្សីកែវ​-​តាខ្មៅ ដោយ​ក្នុង​រយៈពេល ៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​១៤ មេសា ដល់​ថ្ងៃ​១៧​មេសា មាន​អ្នក​ជិះ​ចំនួន​ជិត​៣០០០​នាក់ ជាមួយនិង​ភាពសប្បាយ​រីករាយ​នៃ​ការផ្តើម​ឲ្យមាន​ការធ្វើ​ចរាចរណ៍​លើ​ផ្លូវទឹក​នេះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​