Thursday, December 9, 2021

ទេសរដ្ឋមន្ដ្រីឆាយ ថន ៖ ជំរឿនប្រជាជន និងលំនៅដ្ឋាន ជាប្រភពតែមួយគត់ នៃទិន្នន័យប្រជាសាស្រ្ត សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌រហូតដល់កម្រិតភូមិ

ខេត្តព្រះសីហនុ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងផែនការ មានប្រសាសន៍ថា ជំរឿនប្រជាជន និងលំនៅដ្ឋាន ជាប្រភពតែមួយគត់ នៃទិន្នន័យប្រជាសាស្រ្ត សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌រហូតដល់កម្រិតភូមិ។ លទ្ធផលជំរឿនទូទៅប្រជាជន ដែលត្រូវបានផ្សព្វផ្សាយនាថ្ងៃនេះ មានសារៈប្រយោជន៍ចំពោះរាជរដ្ឋាភិបាល សម្រាប់ជាព័ត៌មានប្រើប្រាស់របស់ខេត្តផ្ទាល់។ រាជរដ្ឋាភិបាល បានធ្វើកិច្ចការជាច្រើន ដើម្បីកំណើនសេដ្ឋកិច្ច និងវិបុលភាព របស់ប្រជាជន ដើម្បីកាត់បន្ថយភាពក្រីក្រ និងទទួលបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងផែនការ ឯកឧត្តម សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជនរាជធានីខេត្ត ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុងស្រុក ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកែប ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តកោះកុង តំណាងអង្គការ UNFPA និងចៅសង្កាត់ទាំង៤ ក្នុងក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុ ចែកចេញជា២ក្រុង និង៣ស្រុក មាន ២៣ឃុំ និង ៦សង្កាត់ ស្មើនឹង ១១១ភូមិ។ រាជរដ្ឋាភិបាលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្ត ចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្ម ជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ ដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ច ទីតាំងភូមិសាស្ត្រតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្របខណ្ឌជាតិតំបន់ និងអន្តរជាតិ។ ខេត្តព្រះសីហនុត្រូវបានប្រសិទ្ធនាមជា ” តារារ:នាទិសនារតី ” ជាមួយសន្ទុះនៃការអភិវឌ្ឍដ៏ខ្លាំងក្លាប្រកបដោយចីរភាព ជាពិសេសការវិនិយោគលើវិស័យអចលនទ្រព្យរួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្នាក់នៅរួមសណ្ឋាគារ មណ្ឌលកម្សាន្ត ។ល។ ក្រៅពីនោះខេត្តមានកោះតូចធំចំនួន៣២កោះ រមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតចំនួន៣២កន្លែង កំពង់ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន ផ្លូវដែក និងតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងធនធានធម្មជាតិដ៏សម្បូរបែបអំណោយផលដល់ការវិនិយោគលើគ្រប់វិស័យ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងផែនការ មានប្រសាសន៍បើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាពលរដ្ឋរាជធានីខេត្តឆ្នាំ២០១៩ លទ្ធផលចុងក្រោយ នៃការគិតខំរបស់មន្ត្រីត្រួតពិនិត្យនិងមន្ត្រីសម្ភាសន៍ចំនួនប្រមាណជាង៥ម៉ឺននាក់ ដែលបានសម្ភាសន៍ប្រមាណ ៣,៥លានគ្រួសារ នៅក្នុងទូទាំងប្រទេស ដើម្បីប្រមូលព័ត៌មាន ហើយមន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានកែច្នៃ និងវិភាគទិន្នន័យ ដោយសហការជាមួយមន្ត្រីបច្ចេកទេសនិងអ្នកជំនាញការអន្តរជាតិបានបញ្ចប់ទាន់ពេលវេលា។ យើងដឹងហើយថាជំរឿនប្រជាជន និងលំនៅដ្ឋានជាប្រភពតែមួយគត់ នៃទិន្នន័យប្រជាសាស្រ្ត សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌រហូតដល់កម្រិតភូមិ។ លទ្ធផលជំរឿនទូទៅប្រជាជន ដែលត្រូវបានផ្សព្វផ្សាយនាថ្ងៃនេះមានសារៈប្រយោជន៍ចំពោះរាជរដ្ឋាភិបាលស្របទៅតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលបានដាក់ចេញ ជាពិសេសសម្រាប់ជាព័ត៌មានប្រើប្រាស់របស់ខេត្តផ្ទាល់។ រាជរដ្ឋាភិបាលបានធ្វើកិច្ចការជាច្រើនដើម្បីកំណើនសេដ្ឋកិច្ច និងវិបុលភាពរបស់ប្រជាជន ដើម្បីកាត់បន្ថយភាពក្រីក្រ និងទទួលបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម បានបន្តថាលទ្ធផលចុងក្រោយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនខេត្តព្រះសីហនុ មានចំនួន ៣១០,០៧២នាក់ កើនឡើង ២២១,៣៩៦នាក់ នៅឆ្នាំ២០០៨។ អត្រាកំណើនប្រចាំឆ្នាំ មាន៣,១ ភាគរយ នៅឆ្នាំ២០១៩។ ខេត្តព្រះសីហនុ រាប់បញ្ចូលជនបទេសមានជាង ៨ម៉ឺននាក់ផងដែរ។ ដង់ស៊ីតេប្រជាជន ក្នុងមួយគីឡូម៉ែត្រក្រឡាបានកើនឡើង ១១៤នាក់ ក្នុងឆ្នាំ២០០៨ ទៅ ១៦០នាក់ នៅឆ្នាំ២០១៩។ អត្រាចេះអាន និងសរសេរ ប្រជាជនខេត្តព្រះសីហនុសរុបចាប់ពីអាយុ ៧ឆ្នាំឡើង បានកើនឡើងពី ៨០,៧ភាគរយ ក្នុងឆ្នាំ២០០៨ ដល់ ៨៩,៩ភាគរយ នៅឆ្នាំ២០១៩។ គម្លាតនៅតិចតួចរវាងអត្រាអក្ខរភាពបុរសនិងស្ត្រី មាន៩១,៧ភាគរយសម្រាប់បុរស និង ៨៦,៩ភាគរយសម្រាប់ស្ត្រី។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានផ្តល់អនុសាសន៍ថា យើងត្រូវប្រើប្រាស់ទិន្នន័យជំរឿនជាតិ ដែលជាទិន្នន័យមានគុណភាពល្អ ទុកចិត្តបាន ឱ្យបានទូលំទូលាយ ក្នុងការរៀបចំគោលនយោបាយ ការសម្រេចនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព ការវាស់វែង ការអនុវត្តសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ និងកម្មវិធីផ្សេងទៀត។ យកចិត្តទុកដាក់វិភាគទិន្នន័យជំរឿនឱ្យបានគ្រប់ជ្រុងជ្រោយ សំបូរបែប ធានាឆ្លើយតបសេចក្តីត្រូវការការប្រើប្រាស់ទិន្នន័យគ្រប់ប្រភេទ រួមទាំងការសិក្សា ស្រាវជ្រាវ និងតម្រូវការទិន្នន័យសម្រាប់ថ្នាក់ក្រោមជាតិ តាមដែលអាចធ្វើបាន៕រក្សាសិទ្ធិដោយ ៖ កូលាប