ស្ទឹងត្រែង ៖ កម្លាំងនគរបាលព្រំដែនបង្រ្កាបនិងរឹបអូសបាន គ្រឿងញៀនចំនួន១៧០ដុំ ប្រមាណ១៧០គីឡូក្រាម កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២៤វិច្ឆិកា២០២១ នៅចំណុចកោះល្ង ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលជនល្មើសដឹកតាមទូកមួយគ្រឿង ពីប្រទេសឡាវ ចូលមកកម្ពុជា ។ ជនល្មើសបានបើកទូករត់ឡើងគោក រួចរត់គេចខ្លួនបាត់ស្រមោល ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៤វិច្ឆិកា កម្លាំងនគរបាលការពារព្រំដែន បានចុះល្បាតតាមដងទន្លេ បានប្រទះឃើញទូកមួយគ្រឿង បើកពីកោះស្តាំ ស្រុកមឿងខូង ប្រទេសឡាវ ឆ្លងកាត់ចូកទឹកដីឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា ។ ដោយឃើញលើទូក ដឹកសុទ្ធតែការ៉ុងជាច្រើន សង្ស័យជារបស់គេចពន្ធ ពេលនោះកម្លាំងនគរបាល បានដេញតាមនិងបញ្ជាឱ្យឈប់ ដើម្បីត្រួតពិនិត្យ រហូតមកដល់ចំណុចកោះល្ង ពេលនោះ ជនល្មើសបានបើកទូករត់ឡើងគោក រួចរត់គេចខ្លួនបាត់ស្រមោល ។ បន្ទាប់មក កម្លាំងនគរបាលបានឆែកក្នុងការ៉ុងនោះ ប្រទះឃើញសុទ្ធសឹង ជាថ្នាំញៀនទាំងអស់ ។ បន្ទាប់ពីឆែកឆេរពិនិត្យក្នុងការ៉ុង ពណ៌ផ្ទៃមេឃរួច ឃើញកញ្ចប់គ្រឿងញៀន មានចំនួន១៧០ដុំ ប្រមាណ១៧០គីឡូក្រាម ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលព្រំដែន បានរៀបចំសំណុំរឿង បញ្ជូនមកឱ្យខាងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីស្រាវជ្រាវរកមេខ្លោង ចាត់ការតាមច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ កូលាប



