ភ្នំពេញ៖ ស្របពេលដែលពិភពលោក កំពុងប្រឈមភាពលំបាក មិនធ្លាប់មានពីមុនមកនៃវិបត្តិបណ្តាលមកពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ការរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១នៅកម្ពុជា បានបង្ហាញពីឱកាសល្អបំផុត សម្រាប់កំណើនថ្មីនៃពាណិជ្ជកម្មសកល និងការរីកចម្រើននៃបច្ចេកវិទ្យា ក្នុងឧស្សាហកម្ម៤.០ នេះ។
វេទិកា សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1) បានរៀបចំធ្វើនៅក្រសួងពាណិជ្ជកម្មក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា ដោយអញ្ជើញថ្លែងសន្ទរកថាគន្លឹះ បើកវេទិការនេះ តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី ២៤ខែវិច្ឆិកា ឆ្នាំ ២០២១។
វេទិកានេះ ធ្វើឡើងក្រោមមូលបទ៖ «ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអនុភាវូបនីយកម្មខ្សែច្រវ៉ាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០» ដែលមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំ អ្នកធុរកិច្ចកិច្ច និងអ្នកជំនាញប្រមាណ ៥០០នាក់ មកពីជាង ៥០ប្រ ទេស នៅក្នុងទ្វីបអាស៊ី និងអឺរ៉ុប។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ក្នុងបរិបទនេះ កិច្ចសហប្រតិបត្តិការរវាងអាស៊ី និងអឺរ៉ុប មានសារៈសំខាន់ជាងពេលណាៗទាំងអស់។ ទ្វីបទាំងពីរពិតជាមានសារៈសំខាន់ចំពោះគ្នាទៅវិញទៅមក និងអាស្រ័យគ្នាទៅវិញទៅមក។ ប្លុកទាំងពីរអាចផ្លាស់ប្តូរទៅជាទីផ្សារដ៏រស់រវើក ដែលនឹងក្លាយជាក្បាលរថភ្លើងនៃសេដ្ឋកិច្ចពិភពលោក និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព និងរួមបញ្ចូលនៅក្នុងសម័យក្រោយកូវីដ១៩។
ឆ្នាំនេះ គឺជាខួបលើកទី២៥ នៃការបង្កើតការងារ ASEM។ សមិទ្ធិផលគួរឱ្យកត់សម្គាល់ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលនេះ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសនានាកាន់តែជិតស្និទ្ធ និងទំនាក់ទំនងគ្នាទៅវិញទៅមក។
ប្រទេសជាសមាជិកអាស៊ី-អឺរ៉ុប (ASEM) ត្រូវបានចាត់ទុកថា ជាក្បាលម៉ាស៊ីននៃកំណើនពិភពលោក និងដើរតួនាទីយ៉ាងសំខាន់ ក្នុងអភិបាលកិច្ចសកល ដោយសារប្រទេសទាំងនោះ មានចំណែក ៦៥% នៃសេដ្ឋកិច្ចពិភពលោក ៥៥% នៃពាណិជ្ជកម្មពិភពលោក និង ៧៥% នៃសកម្មភាពទាក់ទងនឹងទេសចរណ៍ពិភពលោក។
អឺរ៉ុបនៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជា។ ផលិតផលសំខាន់ៗ បាននាំចេញពីកម្ពុជា រួមមាន៖ សម្លៀកបំពាក់ និងវាយនភណ្ឌ កង់ និងផលិតផលកសិកម្មជាដើម។ ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មនេះ បន្តធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពរបស់ធុរកិច្ច និងប្រជាជនកម្ពុជា និងបណ្តាប្រទេស ASEM (អាស៊ី-អឺរ៉ុប)។ វាគឺជាគោលដៅរួម ឆ្ពោះទៅរកការសម្រេចបាននូវការរីកចម្រើន និងវិបុលភាពរួមគ្នា៕