ភ្នំពេញ៖ សម្រាប់ឆ្នាំ២០២១នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានចំណាត់ថ្នាក់ល្អ ពីស្ថាប័នវាយតម្លៃឥណទានអន្តរជាតិ ដែលនិងជម្រុញឱ្យធនាគារកាន់តែមានទំនុកចិត្តពីអតិថិជន។ ធនាគារអេស៊ីលីដា បានជូនដំណឹងថា ការទទួលបានចំណាត់ថ្នាក់នេះ គឺផ្អែកលើ ១.ស្ថានភាពធុរកិច្ចរឹងមាំ ស្ថស្ថិរភាពលំហូរប្រាក់ចំណូល និងមូលដ្ឋានប្រាក់បញ្ញើរឹងមាំ និង២. ការគ្រប់គ្រងគុណភាពទ្រព្យសកម្មបានល្អ។
លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាហិរញ្ញវត្ថុ បានមានប្រសាសន៍ថា នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានចំណាត់ថ្នាក់ Stand-Alone Credit Profile (SACP) កម្រិត “bb” និង Credit Ratings កម្រិត “B+/Stable/B” ដែលជាចំណាត់ថ្នាក់មួយខ្ពស់គួរឱ្យកត់សម្គាល់ សម្រាប់ធនាគារនៅកម្ពុជា ជាពិសេសក្នុងបរិបទនៃជំងឺកូវីដ-១៩។
លោកស្រីបានបន្តថា ជាការពិតណាស់ការដែលធនាគារ អេស៊ីលីដា បានទទួលចំណាត់ថ្នាក់ដ៏ល្អនេះ គឺដោយសារធនាគារ មានមូលដ្ឋានគ្រឹះមួយចំនួនដូចជា ស្ថានភាពធុរកិច្ចរឹងមាំ ស្ថិរភាពលំហូរប្រាក់ចំណូល និងមូលដ្ឋានប្រាក់បញ្ញើរឹងមាំ និងការគ្រប់គ្រងគុណភាពទ្រព្យសកម្មបានល្អ។ លោកស្រីបានបន្តទៀតថាកត្តាទាំងអស់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពរឹងមាំនៃបណ្តាញធុរកិច្ចរបស់ធនាគារ តាមរយៈការរក្សាបាននូវកំណើន ជោគជ័យ ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់។
លោកស្រីបានបញ្ជាក់ថា ការដែលធនាគារអេស៊ីលីដា ទទួលចំណាត់ថ្នាក់ដ៏ល្អ ពីស្ថាប័នវាយតម្លៃឥណទានអន្តរជាតិនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្តល់ជាគំនិត និងការសម្រេចចិត្តបានយ៉ាងឆាប់រហ័សដល់វិនិយោគិន និងអតិថិជនអំពីភាពអាចជឿជាក់បាន ទំនុកចិត្ត ជំនឿចិត្ត និងសុវត្ថិភាពក្នុងការវិនិយោគជាមួយធនាគារតាមរយៈការប្រើប្រាស់សេវា ការទិញភាគហ៊ុន ការដាក់ប្រាក់បញ្ញើ ការផ្តល់ប្រាក់កម្ចី ការធ្វើជាដៃគូអាជីវកម្មជាដើម។
គួរបញ្ជាក់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទីមួយក្នុងប្រទេសកម្ពុជា ដែលបានបោះផ្សាយបោះផ្សាយមូលបត្រកម្មសិទ្ធជាសាធារណៈ នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា៕