Sunday, November 28, 2021

ក្រុមហ៊ុន ជេស៉ី អ៊ែរឡាញ ជួលផ្ទះគេធ្វើជាការិយាល័យបម្រើការងារ ក្របង់ថ្លៃឈ្នួលពេក ម្ចាស់គេចាក់សោបិទខ្ទប់ជាប់កម្មករលាងសម្អាតពីរនាក់

ភ្នំពេញ ៖ ក្រុមហ៊ុន ជេស៉ី អ៊ែរឡាញ ជួលផ្ទះគេធ្វើជាការិយាល័យបម្រើការងារ លុះយូរខែហើយមិនបានបង់ប្រាក់ថ្លៃឈ្នួលឱ្យទៅម្ចាស់ផ្ទះ ស្រាប់តែម្ចាស់ផ្ទះដាក់ឱសានវាទ រួចហើយ មកចាក់សោបិទខ្ទប់ ស្រាប់តែកម្មករប្រុស-ស្រីពីរនាក់ កំពុងតែបោសជូតសម្អាតនៅខាងក្នុង ដែលគ្នាមិនដឹងរឿងអីសោះនោះ ជាប់គាំងចេញមិនរួច ក៏ឆោឡោផ្អើលគេឯង និងផ្អើលដល់សមត្ថកិច្ច។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្រុមហ៊ុន ជេស៉ី អ៊ែរឡាញ តាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ, ប៉ុន្តែប្រហែលជា ១ម៉ោង ក្រោយមក ក៏ត្រូវសមត្ថកិច្ចអន្តរាគមន៍ឲ្យបើកសោឡើងវិញ។

តាមការសាកសួររបស់សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមនុស្សប្រុសស្រីពីរនាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រឹម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ និងមានឧបករណ៍បោកសម្អាត ដុសច្រាស បានឈប់ម៉ូតូ ហើយដើរចូលទៅក្នុងក្រុមហ៊ុន ជេស៉ី អ៊ែរឡាញ ដើម្បីធ្វើការបោសជូតសម្អាតនៅបរិវេណខាងក្នុងក្រុមហ៊ុន , ខណៈនោះ ស្រាប់តែមានស្ត្រីម្នាក់ បានកាន់សោច្រវាក់ចំនួន២ មកចាក់សោទ្វារនៅពីមុខក្រុមហ៊ុន ធ្វើឱ្យពីរនាក់ប្ដីប្រពន្ធនោះជាប់គាំងនៅខាងក្នុង។

លុះពេលលាងសម្អាត ដុសច្រាសរួចហើយ កម្មករប្រុសស្រីពីរនាក់នោះ ក៏បានចុះមកខាងក្រោមវិញ ដោយមិនដឹងថា ស្ថានភាពទ្វារយ៉ាងម៉េចនោះទេ, ហើយភ្លាមៗនោះ ក៏ឃើញសោទ្វារបានចាក់ពីខាងក្រៅ ទើបពួកគាត់បង្កភាពឆោឡោឡើង និងមានអ្នកខ្លះបានទៅរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃទី១ ដើម្បីជួយអន្តរាគមន៍បើកទ្វារឡើងវិញ។

មនុស្សប្រុសស្រីទាំងពីរនាក់នេះ ១- ឈ្មោះ នួន មុំ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរអនាម័យ, ២- ឈ្មោះ លឹម សុធា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអនាម័យ។

រឿងនេះ កម្លាំងសមត្ថកិច្ចបានទាក់ទងទៅម្ចាស់ផ្ទះជួលដើម្បីសួរនាំ, ម្ចាស់ផ្ទះជួលឈ្មោះ សុខ ហួត ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរលក់ដូរ បានប្រាប់ឲ្យដឹងថា ដោយសារតែម្ចាស់ក្រុមហ៊ុន ជេស៉ី អ៊ែរឡាញ នេះ មិនបានបង់ថ្លៃជួលផ្ទះមកឲ្យគាត់រយៈពេលយូរខែមកហើយ ទើបថ្ងៃនេះគាត់បានមកដល់ទីតាំងក្រុមហ៊ុននេះដោយផ្ទាល់ ដើម្បីចាក់សោរបិទចោល, តែពេលចាក់សោ គាត់មិនចាប់អារម្មណ៍ឃើញមានមនុស្សនៅខាងក្នុងនោះទេ , ដូច្នេះ គឺគាត់មិនមានចេតនាចាក់សោបង្ខាំងមនុស្សប្រុសស្រីទាំងពីរនាក់នៅក្នុងផ្ទះនេះឡើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN