ភ្នំពេញ៖ឯកឧត្ដម ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា៖ ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅដ្ឋានស្នាក់នៅ ត្រូវស្វែងយល់ឱ្យបានច្បាស់ពីអនុក្រឹត្យ លេខ០៣ អនក្រ បក របស់រាជរដ្ឋាភិបាល ស្តីពី ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំបើមិនដូច្នេះបងប្អូននឹងប្រឈមការផាកពិន័យធ្ងន់ធ្ងរហើយមានទោសទណ្ឌថែមទៀត។
ការលើកឡើងរបស់ ឯកឧត្ដមហ៊ុន សុរិទ្ធី បានធ្វើឡើងនាព្រឹកថ្ងៃទី២៤ខែមីនា ឆ្នាំ២០២៦ ខណៈដែលឯកឧត្ដមនិងឯកឧត្ដមឆាយ វីរៈ អភិបាលរងតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាធិបតីភាព ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យ លេខ០៣ អនក្រ បក របស់រាជរដ្ឋាភិបាល ស្តីពី ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំទៅដល់ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅស្នាក់នៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ហ៊ុន សុរិទ្ធី បានលើកឡើងទៀយថា៖ ការបង្កើតឱ្យមានពិធីផ្សព្វផ្សាយស្តីពីអនុក្រឹត្យ លេខ០៣ អនក្រ បក ខាងលើ ជាមួយនិងការបង្កឱ្យមានការចោទជាសំណួរ ពីបងប្អូនជាម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅដ្ឋានស្នាក់នៅក្នុងរាជធានីភ្នំពេញនេះ គឺក្នុងគោលបំណងឱ្យបងប្អូនបានយល់ច្បាស់ពីអនុក្រឹត្យ លេខ០៣ អនក្រ បក នេះ ជៀសវាងឱ្យបាននូវការផាកពិន័យធ្ងន់ធ្ងរនិងការមានទោសទណ្ឌ។
ឯកឧត្ដមហ៊ុន សុរិទ្ធី បញ្ជាក់ថា៖ អនុក្រឹត្យ លេខ០៣ អនក្រ បក នេះ បើម្ចាស់ទីតាំងជួលឱ្យជនបរទេសស្នាក់នៅធ្វេសប្រហែសខកខានមិនបំពេញកាតព្វកិច្ច រាយការណ៍អំពីការស្នាក់របស់ជនបរទេស ហើយមានបទល្មើសកើតឡើងនោះ នឹងត្រូវផាកពិន័យចំនួន៤លានរៀល សម្រាប់ជនបរទេសម្នាក់ ចុះបើ១០ទៅ២០នាក់ ថាតើនឹងអស់លុយប៉ុន្មាន។ដូច្នេះសូមបងប្អូនជាម្ចាស់ទីតាំងស្វែងយល់ឱ្យបានច្បាស់ពីអនុក្រឹត្យនេះ ជៀសវាងទទួលការផាកពិន័យធ្ងន់ធ្ងរហើយ មានទោសទណ្ឌថែមទៀត។
ក្នុងឱកាសនោះដែរឯកឧត្ដមឆាយ វីរៈ បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលបង្កើតឱ្យមានអនុក្រឹត្យ លេខ០៣ អនក្រ បក នេះឡើង គឺក្នុងគោលបំណងសម្រួល ដល់ការអនុវត្ត កិច្ចប្រតិបត្តិការរបស់អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចក្នុងការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ ការអញ្ជើញបងប្អូនមកស្តាប់នៅពេលនេះ គឺដើម្បីឱ្យបងប្អូនបានយល់ច្បាស់ពីអនុក្រឹត្យ លេខ០៣ អនក្រ បកនេះ ហើយបើមានការសង្ស័យត្រូវរាយការណ៍មកអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច ជៀសវាងឱ្យបាននូវការផាកពិន័យធ្ងន់ធ្ងរនិងការមានទោសទណ្ឌ។
សូមបញ្ជាក់ថា យោងតាមមាត្រា១៩ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ បានឱ្យដឹងថា ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំដែលធ្វេសប្រហែសខកខានមិនបំពេញកាតព្វកិច្ច រាយការណ៍អំពីការស្នាក់របស់ជនបរទេសទេ នឹងត្រូវផាកពិន័យចំនួន៤លានរៀល ដោយមិនទាន់គិតដល់ព្យសនកម្មដែលកើតឡើងពីការធ្វេសប្រហែស។ សម្រាប់មាត្រា២០ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់៤លានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ៕ រក្សាសិទ្ធដោយ៖សុទ្ធលី












