Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិតឆ្នើម ៨ នាក់ទទួលបានការហាត់ការដែលមានប្រាក់ឧបត្ថម្ភជាមួយក្រុមហ៊ុន Axiata ក្នុងកម្មវិធី SmartEdu USDP រដូវកាលទី ៣

spot_img

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ – កម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យ (USDP) បានត្រលប់មកវិញកាន់តែរំភើប ដោយមានក្រុមចំនួន ៣ ក្រុមពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានបង្ហាញដំណោះស្រាយឌីជីថលដល់ថ្នាក់ដឹកនាំក្រុមហ៊ុន Heineken Cambodia ក្រុមហ៊ុន Prudential Cambodia និង ក្រុមហ៊ុន Smart Axiata។

វគ្គផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំ យុវជន និងកីឡា ឯកឧត្ដម Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងDato’ Izzaddin Idris ប្រធាន និងនាយកប្រតិបត្តិក្រុមនៃ Axiata Group Berhad។

ក្រុម Smart ដែលមាននិស្សិតថ្នាក់បរិញ្ញាបត្រចំនួន៨ នាក់បានធ្វើបទបង្ហាញគំនិតច្នៃប្រឌិតមួយ ដើម្បីជំរុញការបញ្ចូលទឹកប្រាក់តាមបែបឌីជីថល ហើយត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់ CEO Challenge ដោយឈ្នះទឹកប្រាក់ចំនួន ១,៨០០ ដុល្លារ។

ដំណោះស្រាយដែលត្រូវបានបង្កើតឡើងដោយចំណាយពេលត្រឹមតែ៤៨ម៉ោង ត្រូវបានធ្វើការវិនិច្ឆ័យដោយ លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata លោក Balaji Ravi នាយកផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Prudential Cambodia និង លោក Franco Zhao នាយកផ្នែកឌីជីថល និងបច្ចេកវិទ្យាក្រុមហ៊ុន Heineken Cambodia។

រង្វាន់ផ្សេងទៀតដែលត្រូវបានប្រគល់ជូនបេក្ខជនក្នុងវគ្គផ្តាច់ព្រ័ត្រនេះរួមមាន ពានរង្វាន់ក្រុមធ្វើបានល្អបំផុតទី២ ជាមួយរង្វាន់ទឹកប្រាក់ចំនួន ១,០០០ ដុល្លារ ហើយក្រុមជ័យលាភីនៃក្រុមធ្វើបានល្អបំផុតទី១ ទទួលបានរង្វាន់ទឹកប្រាក់ចំនួន ១,៤០០ ដុល្លារ។ បេក្ខជនឆ្នើមចំនួន ៨ នាក់ នឹងទទួលបានការហាត់ការដែលមានប្រាក់ឧបត្ថម្ភ រយៈពេល២ខែ នៅឯក្រុមហ៊ុនរបស់ Axiata ក្នុងប្រទេសម៉ាឡេស៊ី។

ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់កម្មវិធី SmartEdu USDP រដូវកាលទី ៣ លោក Feiruz Ikhwan មានប្រសាសន៍ថាកម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់សិទ្ធិអំណាចដល់យុវជនកម្ពុជាជាមួយនឹងជំនាញ និងសមត្ថភាពច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ដែលនឹងជួយលើកកម្ពស់សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា។
«កម្មវិធី SmartEdu USDP គឺជាឱកាសដ៏ល្អមួយ សម្រាប់យុវជនកម្ពុជាក្នុងការរៀនជំនាញដោះស្រាយបញ្ហាពិតនានា ក្នុងជីវិត ក្នុងបរិយាកាសជាមួយបច្ចេកវិទ្យាកុំព្យូទ័រ។ អ្នកចូលរួមត្រូវបានលើកទឹកចិត្តឱ្យបង្អាកភាពដដែលៗ គិតត្រិះរិះពិចារណាប្រកបដោយគំនិតច្នៃប្រឌិត និងសម្រេចថ្លឹងថ្លែងហានិភ័យ។ យើងមានមោទនភាពក្រៃលែង ដែលបានដើរតួនាទីក្នុងការជំរុញសក្ដានុពលអ្នកដឹកនាំឌីជីថលរបស់ពួកគេ ព្រមទាំងអភិវឌ្ឍអ្នកដឹកនាំឌីជីថលក្នុងប្រទេសកម្ពុជា។ កម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យរយៈ១៣ ថ្ងៃ អាចធ្វើទៅបានតាមរយៈមូលនិធិកសាងសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងការគាំទ្រដ៏ជ្រាលជ្រៅពីក្រសួង អប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។»

កម្មវិធីដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៨ បានត្រលប់មកព្រះរាជាណាចក្រកម្ពុជាវិញបន្ទាប់ពីបានផ្អាកអស់រយៈ ពេលពេញមួយឆ្នាំក្នុងឆ្នាំ ២០២០ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ ដោយត្រូវបានជ្រើសរើសពីសាកលវិទ្យាល័យ ចំនួន ១២ កន្លែងនៅទូទាំងប្រទេសកម្ពុជា និស្សិតកម្ពុជាចំនួន ៤៨ នាក់ដំបូងត្រូវបានបែងចែកទៅក្នុងក្រុមចំនួន ៨ ក្រុម បានចូលរួមកម្មវិធី សិក្ខាសាលាអ្នកដឹកនាំអាជីវកម្ម នៅសណ្ឋាគារ Garden City ក្នុងរាជធានីភ្នំពេញ។ ពួកគេបានធ្វើការបន្ថែមលើ ដើម្បីធ្វើឲ្យប្រសើរឡើងនូវជំនាញទំនាក់ទំនង ភាពច្នៃប្រឌិត និងការត្រិះរិះពិចារណា ព្រមទាំងសមត្ថភាពគ្រប់គ្រងអារម្មណ៍ផងដែរ។ អ្នកចូលរួមទាំងអស់បានឆ្លងកាត់បញ្ហាប្រឈមជាច្រើនទាក់ទងនឹងអាជីវកម្មឌីជីថល សិក្ខាសាលា និង ការប្រកួតប្រជែង ដែលពួកគេត្រូវបានជំរុញយា៉ងមឹុងម៉ាត់ និងផ្តល់មតិកែលម្អចំៗដល់គ្នាទៅវិញទៅមក។

សមាជិកក្រុមជ័យលាភីពានរង្វាន់ CEO Challenge យឹម សាលីនដា បានចែករំលែកថា «ទោះបីគេងមិនគ្រប់គ្រាន់អំឡុងពេលចូលរួមក្នុងសិក្ខាសាលា Bootcamp ក៏ដោយ ប៉ុន្ដែកម្មវិធីនេះមានប្រយោជន៍ណាស់ ព្រោះសិក្ខាសាលានេះបង្រៀនលើសពីជំនាញផ្នែកអាជីវកម្មទៅទៀត ខ្ញុំបានរៀនមេរៀនល្អៗជាច្រើន ជាពិសេសនៅពេលធ្វើការងារជាក្រុម។ ការប្រកួតប្រជែងក្នុងកម្មវិធី CEO Challenge គឺជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មែនទែន។ វាពិតជាលំបាកនៅពេលដែលធ្វើការងារ ក្រោមសម្ពាធ និងពេលវេលាកំណត់ ប៉ុន្តែខ្ញុំមិនមានការសោកស្តាយណាមួយទេ ព្រោះកម្មវិធី Bootcamp នេះបានរៀបចំយ៉ាងពេញលេញឱ្យខ្ញុំក្លាយជាអ្នកដឹកនាំនាពេលអនាគត។»

កម្មវិធី SmartEdu USDP ត្រូវបានដាក់ឲ្យដំណើការកាលពីខែតុលា ឆ្នាំ២០១៨ ជាផ្នែកមួយនៃអនុស្សារណៈយោគយល់គ្នាជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និង ក្រុមហ៊ុន Smart Axiata។ ជាផ្នែកមួយនៃអនុស្សារណៈយោគយល់គ្នា ក្រុមហ៊ុន Smart បានប្តេជ្ញាវិនិយោគទឹកប្រាក់ចំនួន ១លាន ៥សែនដុល្លារ សម្រាប់ រយៈពេល៣ឆ្នាំទៅក្នុងកម្មវិធីចំនួន២នៃ SmartEdu រួមមាន កម្មវិធីអាហារូបករណ៍ SmartEdu និងកម្មវិធីអភិវឌ្ឍន៍និស្សិតសកលវិទ្យាល័យ SmartEdu (USDP)។
កម្មវិធី SmartEdu USDP រំពឹងថា នឹងអភិវឌ្ឍគំនិតអាជីវកម្មឌីជីថលល្អបំផុតរបស់ប្រទេសកម្ពុជាបន្ថែមទៀតជាមួយនឹងជំនាញ ដើម្បីជួយជំរុញដល់បច្ចេកវិទ្យាឌីជីថលក្នុងប្រទេសផងដែរ។

សម្រាប់បច្ចុប្បន្នភាពនិងព័ត៌មានបន្ថែមអំពីកម្មវិធី កម្មវិធី SmartEdu សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart For Cambodia តាមរយៈ www.facebook.com/smartforcambodia or visit https://www.smartedu.com.kh .

អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។

Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។

ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!

ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
www.smart.com.kh
កញ្ញា កែវ ព្រីយ៉ានិត្យ
Tel: +855 10 202 157
keo.priyanith@smart.com.kh ៕

spot_img
×