Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំ ASEM បញ្ជាក់សាជាថ្មី អំពីសារសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួម ដោះស្រាយបញ្ហាតំបន់ និងសកល ដែលជាក្តីបារម្ភរួមគ្នា

spot_img

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាដ៏មានសារសំខាន់ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប(ASEM-13) លើកទី១៣ ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម” ។

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣(ASEM-13) ត្រូវបានចាប់ផ្តើមដំណើរការ ដោយមានការអញ្ជើញចូលរួម ពីប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប ចំនួន ៥១រូប អមដោយមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប និងអគ្គលេខាធិការអាស៊ានផងដែរ។ បន្ទាប់ពីការផ្សាយវីដេអូបង្ហាញពីវប្បធម៌ និងអរិយធម៌របស់ខ្មែរហើយនោះ កិច្ចប្រជុំដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំ បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូល។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ពីផលលំបាកទាំងឡាយបង្កឡើងដោយជំងឺកូវីដ១៩ ក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះ។ សម្តេចតេជោ ក៏បានបង្ហាញនូវកិច្ចប្រឹងប្រែងរបស់ប្រទេសអាស៊ី-អឺរ៉ុប ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ សម្តេចតេជោ បានមានប្រសាសន៍ទៀតថា កិច្ចប្រជុំកំពូល ASEM-13 នាថ្ងៃនេះ គឺជាឱកាសដ៏ទាន់ពេលមួយ សម្រាប់ថ្នាក់ដឹកនាំ ASEM បញ្ជាក់សាជាថ្មី អំពីសារសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងសកល ដែលជាក្ដីបារម្ភរួមគ្នា។

ខណៈដែលយើងទាំងអស់គ្នា ខិតខំប្រឹងប្រែងស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្នុងដំណាក់កាល នៃការរស់នៅជាមួយជំងឺកូវីដ-១៩ មូលបទដែលយើងបានជ្រើសរើសសម្រាប់កិច្ចប្រជុំកំពូល ASEM លើកទី ១៣ នេះ ពោលគឺ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា” កាន់តែមានសុពលភាព និង ភាពសមស្របជាងពេលណាៗទាំងអស់ ។ ជាការពិត នៅលើពិភពលោកក្រោយវិបត្តិនៃជំងឺកូវីដ-១៩ យើងពិតជាមានសេចក្តីត្រូវការក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូអាស៊ី-អឺរ៉ុប ក្នុងគោលដៅរក្សា
បាននូវពហុភាគីនិយមដ៏រឹងមាំមួយ ដែលនឹងនាំមកនូវកំណើនជាសកល មិនត្រឹមតែមាន “ចីរភាព” ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាន “ការចែករំលែក” ផងដែរ ។

ចាប់ពីពេលបង្កើតឡើងនៅឆ្នាំ ១៩៩៦ មកកិច្ចប្រជុំកំពូល ASEM បានក្លាយជាវេទិកាដ៏សំខាន់មួយ ក្នុងការភ្ជាប់ទំនាក់ទំនង និងការលើកកម្ពស់ភាពជាដៃគូរវាងទ្វីបអាស៊ី និង អឺរ៉ុប ។ ភាពខ្លាំងរបស់ ASEM គឺស្ថិតនៅលើគោលការណ៍ស្នូលរបស់ខ្លួន ជាអាទិ៍: ភាពមិនផ្លូវការ ភាពបត់បែនបាន ការគោរពគ្នាទៅវិញទៅមក ក្នុងស្មារតីកុងសុងស៊ីស និងភាពជាដៃគូស្មើភាព ។ សម្តេចតេជោ មានជំនឿថា ក្នុងសភាពការណ៍បច្ចុប្បន្ន យើងត្រូវការនូវគោលការណ៍ទាំងនេះ កាន់តែខ្លាំងឡើងថែមទៀត ដោយសារ តែយើងកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង និងការ ឆ្លើយតបរួមគ្នារបស់យើងគ្រប់រូប ។

កិច្ចប្រជុំកំពូល ASEM លើកទី ១៣ របស់យើង បានកំណត់គោលដៅរបស់ខ្លួន ដោយឈរ លើគោលការណ៍នៃកំណើនរួមគ្នា ការអភិវឌ្ឍប្រកបដោយចីរភាព និងពហុភាគីនិយម ផ្អែកលើវិធាន ច្បាប់ ។ ក្នុងនាមជាវេទិកាពហុភាគីដ៏សំខាន់មួយ ដែលតភ្ជាប់រវាងទ្វីបអាស៊ី និង អឺរ៉ុប ASEM គឺជា កម្លាំងសកលដ៏សំខាន់ និងរឹងមាំ ។ ក្នុងស្មារតីនេះ សម្តេចនាយករដ្ឋមន្រ្តី យល់ថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ របស់ ASEM ដើម្បីពហុភាគីនិយមមួយ ដែលរឹងមាំ មានប្រសិទ្ធភាព និងមានសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើវិធានច្បាប់ គប្បីដើរតួជាត្រីវិស័យសម្រាប់គ្រប់សកម្មភាពរបស់ ASEM ទាំងមូល ។

ខណៈដែល ASEM) កំពុងបន្តដំណើរឆ្ពោះទៅកាន់ទសវត្សរ៍បន្ទាប់នៃអត្ថិភាពរបស់ខ្លួន យើងទាំងអស់គ្នា មានការទទួលខុសត្រូវរួម ក្នុងការធានាថា ASEM នៅបន្តជាវេទិកាអន្តរតំបន់ដ៏សំខាន់ និងរឹងមាំមួយ ដែលអាចនាំមកនូវអត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រជាជនរបស់ខ្លួន ព្រមទាំងអាចចូល រួមចំណែកកាន់តែទូលំទូលាយថែមទៀត ដល់ការធានា និងរក្សានូវសន្តិភាព ស្ថិរភាព វិបុលភាព និងការ អភិវឌ្ឍរបស់ពិភពលោក ។

កិច្ចប្រជុំកំពូល ASEM នាថ្ងៃនេះ គឺជាឱកាសដ៏ទាន់ពេលមួយ សម្រាប់ថ្នាក់ដឹកនាំ ASEM បញ្ជាក់សាជាថ្មី អំពីសារសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួម ដោះស្រាយបញ្ហាតំបន់ និងសកល ដែលជាក្តីបារម្ភរួមគ្នា ។ ក្នុងន័យនេះ គោលបំណងសំខាន់ៗនៃ កិច្ចប្រជុំកំពូលរបស់យើង គឺ ៖

ទី១-ធ្វើឱ្យកាន់តែស៊ីជម្រៅនៃការតភ្ជាប់អន្តរតំបន់ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងកំណើនរួមគ្នា
ទី២-លើកស្ទួយភាពជាដៃគូអន្តរតំបន់ ដើម្បីអភិបាលកិច្ចសកល
ទី៣-លើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគី ផ្អែកលើវិធានច្បាប់
ទី៤-ទាញអត្ថប្រយោជន៍ពីនវានុវត្តន៍ ការតភ្ជាប់ឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម៤.០
ទី៥-ពង្រឹងភាពលេចធ្លោ និងភាពពាក់ព័ន្ធរបស់ ASEM និង
ទី៦-ដោះស្រាយបញ្ហាពហុវិស័យនានា ជាអាទិ៍ : ការប្រែប្រួលអាកាសធាតុ ភាពក្រីក្រ ការលើកកម្ពស់សិទ្ធិអំណាចស្ត្រី ព្រមទាំងបញ្ហាប្រឈមឆ្លងដែនផ្សេងៗទៀត ។

ចាប់តាំងពីបានចូលរួមនៅក្នុងដំណើរការ ASEM នៅឆ្នាំ ២០០៤ កម្ពុជាតែងតែយកចិត្តទុកដាក់ ចំពោះដំណើរការនៃកិច្ចប្រជុំកំពូលនេះ ។ ការរក្សាសន្ទុះនៃដំណើរការ ASEM ពិតជាមានសារសំខាន់ កាន់តែខ្លាំងឡើង នៅក្នុងបរិបទនៃការរស់នៅជាមួយជំងឺកូវីដ-១៩ នាបច្ចុប្បន្ននេះ ។ ជាក់ស្ដែង កាលពី ។ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ យើងបានអនុម័តសេចក្ដីថ្លែងការណ៍រដ្ឋមន្ត្រី ASEM ស្តីពីជំងឺកូវីដ-១៩ ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងកិច្ចសហការយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ ទន្ទឹមនេះដែរ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់ អាស៊ាន និងអាស៊ីបូព៌ា (ERIA) កម្ពុជាបានចេញផ្សាយសៀវភៅស្រាវជ្រាវគាំទ្រដល់កិច្ចប្រជុំ ASEM លើកទី ១៣ ក្រោមចំណងជើងថា “កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ ៖ កិច្ចសហប្រតិបត្តិការ ពហុភាគីនិយម ដើម្បីអនាគតដែលមានភាពធន់ ចីរភាព និងផ្អែកលើវិធានច្បាប់ សម្រាប់ ASEM“ ដែលជាចំណែកមួយនៃការផ្តល់ទស្សនាទានដល់ដំណើរការ ASEM ។ យើងក៏បានរៀបចំព្រឹត្តិការណ៍ អមចំនួន ៦ បន្ថែមទៀត ក្រោមកិច្ចសហការជាមួយដៃគូ ASEM ទាំងអស់ និងមូលនិធិអាស៊ី-អឺរ៉ុប ផងដែរ ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×