Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្គាល់គ្នាតាមហ្វេសប៊ុក ល្បួងនារីកម្មកររោងចក្រ ឡើងឋានសួគ៍បានពីរដង ថែមទាំងចង់ស៊ីដាច់ម៉ូតូរបស់ជនរងគ្រោះទៀត ទីបំផុតជាប់ខ្នោះ

spot_img

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋានខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនក្រោយពីបានធ្វើសកម្មភាព លួងលោមនារីម្នាក់ យកទៅរួមភេទ បានសម្រេចចំនួនពីរលើក ហើយនិងធ្វើសកម្មភាពបោកយកម៉ូតូ របស់នារីរងគ្រោះជិះគេចខ្លួនទៀតផង។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ ១០៤ នៅសង្កាត់ទៀន ខណ្ឌដង្កោ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន បានមាន ឈ្មោះ សំណាង ហៅរតនា អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីង សង្កាត់ចោចៅ ខណ្ឌពោធិ៍សែនជ័យ (ជនសង្ស័យគ្មានសារធាតុញៀន) ។

ចំណែកនារីរងគ្រោះឈ្មោះ ប្រាក់ ចន្ធូ អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវវេងស្រេង ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទី នារីរងគ្រោះ បានលេងហ្វេសប៊ុកឈ្មោះ Chan To Love នៅក្នុងផ្ទះជួល ក៏បានឃើញហ្វេសប៊ុកឈ្មោះ ជាងជួសជុលទូរស័ព្ទគ្រប់ប្រភេទ ដែលជារបស់ជនសង្ស័យ ហើយនារីរងគ្រោះក៏បានឆាតទៅសួរជនសង្ស័យ ដើម្បីរកទិញទូរស័ព្ទបង់រំលោះមួយរឿង រួចជនសង្ស័យបានឆាតតបមក នារីរងគ្រោះប្រាប់ថារូបគេ ស្រឡាញ់ពេញចិត្តនារីរងគ្រោះខ្លាំងណាស់ ដូចនេះមិនបាច់បង់រំលោះទេ រូបគេនិងឲ្យទូរស័ព្ទមួយគ្រឿងទៅនារីរងគ្រោះយកប្រើ។

លុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩ និង០០នាទី ជនសង្ស័យបានឆាតសុំណាត់ជួបនារីរងគ្រោះនៅផ្ទះជួល រួចជនស្ស័យក៏បានជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AR-8526 មកដឹកជនរងគ្រោះ ពីផ្ទះជួលទៅដើរលេងនៅខាងក្រោយសណ្ឋាគារសុខា ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដើម្បីនិយាយលួងលោមនារីរងគ្រោះថារូបគេ ស្រឡាញ់នារីរងគ្រោះយកធ្វើជាប្រពន្ធពិតប្រាកដ។

រហូតដល់វេលាម៉ោង២២ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យក៏បានដឹកជនរងគ្រោះ មកដេកផ្ទះសំណាក់យីហោឈ្មោះ មេដៃមាស ម្តុំផ្សារស៊ិនជូរីផ្លាស្សា ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យដេកជាមួយនារីរងគ្រោះដល់ភ្លឺ និងបានរួមភេទបានសម្រេចចំនួន២លើក ហើយក៏ដឹកនារីរងគ្រោះ មកផ្ទះជួលនៅផ្លូវវេងស្រេង ស្ថិតនៅភូមិត្រពាំងថ្លឹងវិញ។

បន្ទាប់មកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨ និង០០នាទី ជនសង្ស័យបានទូរស័ព្ទមកលេខនារីរងគ្រោះ ០៨៨៥១៧៣៨១៧ បានឲ្យនារីរងគ្រោះឲ្យជិះម៉ូតូទៅយករូបគេ ម្តុំខាងកើតស្ពានអាកាសរវង្វង់មូលចោមចៅ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយនារីរងគ្រោះ ក៏បានជិះម៉ូតូរបស់ខ្លួនម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខស្វាយរៀង 1R-1484 ពេលនារីរងគ្រោះទៅដល់ ជនសង្ស័យឲ្យនារីរងគ្រោះអង្គុយពីខាងក្រោយ ជនសង្ស័យជាអ្នកឌុបម្តង។

ពេលនោះជនសង្ស័យ ក៏បានឌុបនារីរងគ្រោះទៅលេងសួនច្បារតាមមាត់ទន្លេ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រហូតដល់វេលាម៉ោង២១ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យក៏បានដឹកជនរងគ្រោះត្រឡប់មកវិញ ហើយបានប្រាប់ថា នាំនារីរងគ្រោះយកទៅជួបជាមួយនិងឪពុកម្តាយរបស់គេ រួចក៏បានដឹកជនរងគ្រោះ ដល់ផ្លូវបេតុង៦០ម៉ែត្រ ទិសដៅពីកើតទៅលិចស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ឃើញមានសភាពស្ងាត់ ជនសង្ស័យធ្វើជាធ្លាក់មួកសុវត្ថិភាព ហើយប្រាប់នារីរងគ្រោះឲ្យចុះទៅរើស ពេលនារីរងគ្រោះដើរទៅរើសមួក ជនសង្ស័យក៏បានបើកម៉ូតូរបស់ជនរងគ្រោះ គេចខ្លួនបាត់បាត់ស្រមោល។

ពេលនោះដែរ នារីរងគ្រោះក៏បានស្រែកឆោឡោ ហើយកម្លាំងសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតនោះ ក៏បានជួយអន្តរាគមន៍ ដេញតាមពីក្រោយនិងស្រែកតាមវិទ្យុទាក់ទង ឲ្យគោលដៅខាងមុខជួយស្ទាក់ចាប់ជនសង្ស័យ បើករត់រហូតដល់ចំណុចសាលាបឋមសិក្សាទៀន ស្ថិតនៅសង្កាត់ទៀន ខណ្ឌដង្កោ មានចំងាយពីកន្លែងកើតហេតុប្រវែង៣០០០ម៉ែត្រ ទើបឃាត់ខ្លួនជនសង្ស័យបានរួម និងវត្ថុតាង យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។

វត្ថុតាងចាប់យក ៖ ១/ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខស្វាយរៀង 1R-1484 ចំនួន១គ្រឿង , ២/កាបូបស្ពាយពណ៌សូកូឡា ចំនួន០១, ៣/កាបូបតូច ពណ៌សូកូឡាចំនួន១។

បច្ចុប្បន្ននេះ ជនសង្ស័យ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសតាមច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×