រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បានលើកឡើងថា ចក្រភពអង់គ្លេស អាល្លឺម៉ង់ ប៊ែលហ្ស៊ិចត្រូវតែបញ្ចេញសកម្មភាពឱ្យបានច្រើនដើម្បីជួយប្រទេសបារាំងក្នុងការដោះស្រាយបញ្ហាជនអន្តោប្រវេសន្ត៍ខុសច្បាប់ និងការជួញដូរមនុស្សជាដើម។
ថ្លែងក្រោយជនអន្តោប្រវេសន្ត៍ចំនួន២៧នាក់បានស្លាប់កាលពីថ្ងៃពុធ នៅពេលដែលទូកធ្វើដំណើររបស់ពួកគេបានលិចទឹក
ខណៈពួកគេព្យាយាមឆ្លងដែន។ បើតាមលោក Darmanin ថ្លែងបញ្ជាក់ប្រាប់វិទ្យុ RTL ថា ជន្តោប្រវេសន្ត៍ទាំងអស់នោះបានទាក់ទាញពីទីផ្សារការងាររបស់ចក្រភពអង់គ្លេស។
លោក Darmanin បន្តថា ៖«វាគឺជាបញ្ហារបស់អន្តរជាតិ យើងប្រាប់ទៅប្រទេសជាមិត្តរបស់យើងដូចជា ប៊ែលហ្ស៊ិច អាល្លឺម៉ង់ ចក្រភពអង់គ្លេស ឱ្យពួកគេជួយយើងដើម្បីប្រឆាំងជាមួយអ្នកជួយដូរ ដែលធ្វើការក្នុងកម្រិតអន្តរជាតិ។»
បើតាម លោក Darmanin ប៉ូលីសរបស់បារាំងបានចាប់ឃាត់ខ្លួនជនអន្តោប្រវេសន្ត៍ចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីលង់ទឹកកាលពីថ្ងៃពុធ ហើយជនអន្តោប្រវេសន្ត៍២នាក់បានរួចជីវិត ដោយពួកគេជាជនជាតិអឺរ៉ាក់ និងសូម៉ាលី។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងរូបនេះបានអះអាងថា បារាំងនិងចក្រភពអង់គ្លេសគួរតែធ្វើការជាមួយគ្នា ប៉ុន្តែបារាំងបានដាក់ការស្តីបន្ទោសជាថ្មីទៅលើទីក្រុងឡុងន៍ចំពោះការធ្វើការមិនគ្រប់គ្រាន់ ដើម្បីរារាំងជនចំណាកស្រុកដែលឆ្លងទៅកាន់ឆ្នេរអង់គ្លេស។
ក្នុងនោះ លោក Darmanin បន្តថា៖« នេះគឺការគ្រប់គ្រងជនអន្តោប្រវេសន្ត៍ដែលអាក្រក់សម្រាប់ចក្រភពអង់គ្លេស។»
សូមជម្រាបបន្តិចថា ជនអន្តោប្រវេសន្ត៍ដែលប៉ុនប៉ងព្យាយាមឆ្លងដែនតាមផ្លូវសមុទ្រទៅកាន់ចក្រភពអង់គ្លេស គឺមកពីបណ្តាប្រទេសជាច្រើនរួមមាន ស៊ីរី អាហ្វហ្គានីស្ថាន និងអេរីទ្រីជាដើម។ ការប៉ុនប៉ងឆ្លងដែនរបស់ពួកគេគឺក្រោមហេតុផលច្រើនយ៉ាង ដោយខ្លះគេចចេញពីប្រទេសដែលមានសង្គ្រាមហែកហួរ ហើយខ្លះទៀតចាកចេញពីប្រទេសរបស់ខ្លួន ដើម្បីស្វែងរកឱកាសការងារថ្មីដើម្បីធ្វើឱ្យជីវិតមានភាពល្អប្រសើរ និងខ្លះទៀតចង់ទាមទារសិទ្ធិជ្រកកោននៅចក្រភពអង់គ្លេស ដែលមានន័យថា ការផ្លាស់ប្តូរស្របច្បាប់ទៅប្រទេសថ្មីសម្រាប់ហេតុផលសុវត្ថិភាព៕ ប្រភព៖ BBC News