នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំទ្វេភាគី តាមរយៈប្រព័ន្ធអនឡាញ ជាមួយធនាគាររដ្ឋវៀតណាម ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម។
កិច្ចប្រជុំទ្វេភាគីនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាព រវាងធនាគារកណ្តាលទាំងពីរ។ កិច្ចប្រជុំទ្វេភាគីបានពិភាក្សាផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, ការអភិវឌ្ឍវិស័យធនាគារ, វិធានការឆ្លើយតបរបស់ធនាគារកណ្តាលចំពោះឥទ្ធិពលអវិជ្ជមាននៃជំងឺកូវីដ-១៩, ការជំរុញការទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់ និងការពិនិត្យមើលពីវឌ្ឍនភាព ជាមួយនឹងការកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
អង្គប្រជុំក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងធនាគារកណ្តាលទាំងពីរ នាពេលកន្លងមក ដែលបានរួមចំណែកអភិវឌ្ឍវិស័យធនាគារ។ កិច្ចសហប្រតិបត្តិការល្អរវាងវិស័យធនាគារបានរួមចំណែកគាំទ្រកំណើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ ក្នុងប្រទេសទាំងពីរ។
លោកជំទាវ ទេសាភិបាល ធនាគាររដ្ឋវៀតណាម បានថ្លែងសរសើរពីជោគជ័យរបស់កម្ពុជាក្នុងការសម្រេចបានការចាក់វ៉ាក់សាំងដ៏ឆាប់រហ័ស ដែលបានជួយការពារសុខភាពប្រជាជន និងជំរុញសកម្មភាពសេដ្ឋកិច្ច។ ជាមួយគ្នានេះ លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការដែលធនាគារជាតិនៃកម្ពុជាបានដាក់ចេញដោយមានប្រសិទ្ធភាព ក្នុងអំឡុងពេលកូវីដ-១៩ ដែលសម្រេចបានសមិទ្ធផលល្អ ក្នុងការរក្សាបានវឌ្ឍនភាពនិងស្ថិរភាពប្រព័ន្ធធនាគារ និងរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ និងកម្រិតទាបនៃអតិផរណា។
ធនាគាររដ្ឋវៀតណាម ក៏បានអបអរសាទរ ចំពោះការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ទំនើប ជាពិសេស ប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់កន្លោង ជួយដោះស្រាយបញ្ហាទូទាត់ឆ្លងគ្រឹះស្ថាន និងការតភ្ជាប់ជាមួយប្រព័ន្ធទូទាត់ទាំងក្នុងស្រុកនិងតំបន់។
ឯកឧត្តម ជា ចាន់តូ ក៏បានថ្លែងអំណរគុណចំពោះធនាគាររដ្ឋវៀតណាម ជាពិសេស លោកជំទាវ ទេសាភិបាល Nguyen Thi Hong និងថ្នាក់ដឹកនាំ ធនាគាររដ្ឋវៀតណាម ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អប្រសើរ ក្រោមអនុស្សរណៈយោគយល់រវាងធនាគារកណ្តាលទាំងពីរទៅលើកិច្ចសហប្រតិបត្តិការទូទៅ, លើការត្រួតពិនិត្យធនាគារ និងលើការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។
ឯកឧត្តម ទេសាភិបាល ក៏បានថ្លែងអំណរគុណដល់ធនាគាររដ្ឋនិងរដ្ឋាភិបាលវៀតណាមដែលគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ដោយបានបន្តផ្តល់អាហារូបករណ៍ ដល់មន្ត្រីធនាគារជាតិនៃកម្ពុជា សម្រាប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសវៀតណាម។
កិច្ចប្រជុំបានប្រព្រឹត្តទៅប្រកបដោយជោគជ័យនិងផ្លែផ្កា ក្រោមស្មារតីមិត្តភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការល្អ។ អង្គប្រជុំក៏បានកំណត់ទិសដៅការងារអាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងនោះរួមមាន៖ ការចែករំលែកចំណេះដឹងលើការអភិវឌ្ឍប្រព័ន្ធទិន្នន័យសម្រាប់អត្រាប្តូរប្រាក់, ការជំរុញការប្រើប្រាស់រូបិយវត្ថុជាតិ, ការពង្រឹងការត្រួតពិនិត្យដោយផ្អែកលើហានិភ័យ និងការអភិវឌ្ឍប្រព័ន្ធទូទាត់។ ធនាគាររដ្ឋវៀតណាម ក៏នឹងបន្តរួមចំណែកផ្តល់អាហារូបករណ៍ដល់មន្ត្រីធនាគារជាតិនៃកម្ពុជា ដើម្បីសិក្សាថ្នាក់ឧត្តមសិក្សា នៅប្រទេសវៀតណាម៕