Saturday, March 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិរុទ្ធគ្រឿងញៀនម្នាក់ ដែលជាប់ទោស ១៤ឆ្នាំ សុំតុលាការកំពូល ជួយរកយុត្តិធម៌ និងដោះលេង ពីពន្ធនាគារ

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសាទុក្ខ របស់បុរសជាប់ចោទម្នាក់ ដែលត្រូវបានតុលាការដំបូងខេត្តបាត់ដំបង កាត់ទោសឲ្យជាប់ពន្ធធានាគារ កំណត់ ១៤ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៧លានរៀល ជាប់ពាក់ព័ន្ធការជួញដូរ គ្រឿងញៀន ប្រព្រឹត្តនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯ ក្រុងដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៩។

សវនាការនេះ ដឹកនាំដោយ លោកចៅក្រម និល ណុន ជាប្រធាន ក្រុមប្រឹក្សាជំនុំជម្រះ និង មានលោកព្រះរាជអាជ្ញារង ប៊ូ ប៊ុនហេង គឺ ជាតំណាងមហាអយ្យការ។

យោងតាមការអានសំណុំរឿងក្តីរបស់ចៅក្រមរបាយការណ៍ បានឲ្យដឹងថា ជនជាប់ចោទ មានឈ្មោះ ញ៉េម វាសនា ហៅ ស្នា ភេទ ប្រុស អាយុ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសាក់។ និងបច្ចុប្បន្ននេះ ត្រូវឃុំខ្លួន នៅពន្ធនាគារ ខេត្តបាត់ដំបង។

ជនជាប់ចោទឈ្មោះ ញ៉ែម វាសនា ត្រូវបានសាលាដំបូងខេត្តបាតដំបង កាលពីថ្ងៃ ទី១៣ ខែ កញ្ញា ឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារកំណត់ ១៤ ឆ្នាំ និងពិន័យជាប្រាក់ចំនួន៧ លានរៀល ពីបទ «ជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន» តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ជនជាប់ចោទបានប្តឹងរឧទ្ទរណ៍ តែសាលាឧទ្ធរណ៍ខេត្តបាត់ដំបងបានតម្កល់ទោសគាត់រក្សានៅដដែល។ គាត់ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៩ នៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ សមត្ថកិច្ចដកហូតបាន គ្រឿងញៀនប្រភេទ ម៉ាទឹកកក ទម្ងន់ ៦១,៥១ ក្រាម ។

នាពេលសវនាការ ជនជាប់ចោទ ញ៉ែម វាសនា បានឆ្លើយបដិសេធ ចំពោះការចោទប្រកាន់ និង ការកាត់ទោសរូបគាត់ អំពីសំណាក់ តុលាការថ្នាក់ក្រោម។

ឈ្មោះ ញ៉ែម វាសនា បាននិយាយថា គាត់មិនបាន ប្រព្រឹត្តអ្វី ដូចការចោទគាត់នោះឡើយទេ ។
ទោះយ៉ាងណាក្តី គាត់ទទួលស្គាល់ថា ជាអ្នកប្រើប្រាស់គ្រឿងញៀន ។

ឈ្មោះ ញ៉ែម វាសនា បានសុំឲ្យតុលាកាកំពូល មេត្តាដូរបទចោទគាត់ ពីបទ « ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន» មកជាបទ« ប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន» វិញ និងសម្រេចដោះលែងគាត់ ឲ្យមានសេរីភាពវិញ។
សំណុំរឿងក្តីនេះ តុលាការកំពូល នឹងប្រកាសដីកា នៅព្រឹកថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ២០២១ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×