Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា រង់ចាំស្វាគមន៍ជានិច្ច ចំពោះវិស័យឯកជនឥណ្តូនេស៊ី ដែលមានបំណងធ្វើការវិនិយោគ លើវិស័យកសិកម្ម

spot_img

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម សង្ឃឹម និងជឿជាក់ថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្តូនេស៊ី ប្រទេសទាំងពីរ នឹងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ជារួម និងដោយឡែកវិស័យកែច្នៃកសិផល និងខ្សែច្រវាក់តម្លៃបន្ថែម និងរង់ចាំស្វាគមន៍ជានិច្ច ចំពោះវិស័យឯកជនឥណ្តូនេស៊ី ដែលមានបំណងធ្វើការវិនិយោគ លើវិស័យកសិកម្ម នាពេលអនាគត។

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេង សាខុន បានទទួលជួបឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្តូនេស៊ី ដើម្បីសម្តែងការគួរសម ពិភាក្សាការងារ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។

មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងកោតសរសើរ ក្នុងខណ:ដែលឯកឧត្តម បានបំពេញការងារទទួលបានជោគជ័យ ក្នុងរយៈពេលជាង ០៣ឆ្នាំកន្លងទៅនេះ ជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្តូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតយកឱកាសនៃជំនួបការទូតនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត ដោយសង្ខេបអំពីស្ថានភាព និងដំណើរការវិវត្តរីកចម្រើន ក្នុងវិស័យកសិកម្មកម្ពុជា ជាពិសេសក្នុងដំណាក់កាលនៃវិបត្តិជំងឺឆ្លងសកលកូវីដ-១៩។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល វិស័យកសិកម្មកម្ពុជាជាវិស័យអាទិភាពមួយ ហើយបានប្រែក្លាយទៅជាប្រទេសមួយដែលមានលទ្ធភាពផ្គត់ផ្គង់ខ្លួនឯងផង និងធ្វើការនាំចេញកសិផលសំខាន់ដែលមានសក្តានុពលសំខាន់ផង មានជាអាទិ៍៖ ស្រូវ អង្ករ ចេក ដំឡូងមីស្រស់-ក្រៀម គ្រាប់ស្វាយចន្ទីស្រស់ និងកែច្នៃរួច ស្វាយស្រស់ ផលិតផលមួយចំនួនទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមបានគាំទ្របេក្ខភាពរបស់ឯកឧត្តម Yuri Octavian Thamrin ដែលនឹងត្រូវឈរឈ្មោះបោះឆ្នោត នាពេលខាងមុខ ដើម្បីទទួលបានតួនាទី ជានាយកអង្គការព្រៃឈើអន្តរជាតិ នៅតំបន់ត្រូពិក (International Tropical Timber Organization) សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ប្រទេសទាំងពីរ នឹងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជារួម និងដោយឡែកវិស័យកែច្នៃកសិផល និងខ្សែច្រវាក់តម្លៃបន្ថែម ជាពិសេសការចែករំលែកបទពិសោធន៍ លើការងារគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើឲ្យកាន់តែល្អប្រសើរទ្វេឡើង និងរង់ចាំស្វាគមន៍ជានិច្ច ចំពោះវិស័យឯកជនឥណ្តូនេស៊ី ដែលមានបំណងធ្វើការវិនិយោគ លើវិស័យកសិកម្មនាពេលអនាគត ហើយបានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យ ក្នុងការបន្តបេសកកម្មការទូតនៅកម្ពុជា។

ឯកឧត្តម Sudirman Haseng បានថ្លែងថា ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឯកឧត្តមឯកអគ្គរដ្ឋទូតថា នឹងខិតខំពង្រឹង និងពង្រីកបន្ថែមទៀត ជាពិសេសលើចំណុចសំខាន់ៗ ដែលបានរំលេចឡើងខាងលើ ដោយឯកឧត្តមរដ្ឋមន្រ្តី។

ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តី ចំពោះការគាំទ្របេក្ខភាពរបស់ឯកឧត្តម Yuri Octavian Thamrin ដែលត្រូវឈរឈ្មោះបោះឆ្នោតនាពេលខាងមុខ ដើម្បីទទួលបានតួនាទីជានាយកអង្គការព្រៃឈើអន្តរជាតិនៅតំបន់ត្រូពិក (International Tropical Timber Organization) សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។

ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ភាគីឥណ្ឌូនេស៊ី នឹងផ្តល់ការបណ្តុះបណ្តាលសមត្ថភាព គ្រប់គ្រងព្រៃឈើ និងភ្លើងឆេះព្រៃដល់មន្ត្រីរដ្ឋបាលព្រៃឈើកម្ពុជា ដែលស្ថិតនៅក្នុងក្របខ័ណ្ឌគម្រោងកម្មវិធី នៃការគ្រប់គ្រងព្រៃឈើនៅក្នុងមហាអនុតំបន់មេគង្គ។
ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានបន្ថែមថា ភាគីឥណ្ឌូនេស៊ី បានរៀបចំសេចក្តីព្រៀងអនុស្សារណៈ នៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិលើវិស័យកសិកម្ម រវាងប្រទេសទាំងពីរ ហើយសង្ឃឹមថា នឹងអាចចុះហត្ថលេខា នាពេលវេលាសមស្របណាមួយខាងមុខ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×