ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំ ASEM បានអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣ នៃកិច្ចប្រជុំកំពូល ASEM13។

ឯកសារលទ្ធផលសំខាន់ៗចំនួន៣ នោះរួមមាន ៖ ១) សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13 , ២) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺកូវីដ-១៩ និង៣) ឯកសារសកម្មភាពអនាគតស្តីពី ការតភ្ជាប់ ASEM។
ថ្នាក់ដឹកនាំ ASEM បានសម្តែងការកោតសរសើរខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំកំពូលនេះបានយ៉ាងល្អឥតខ្ចោះ និងបានអបអរសារទរដ៏ស្មោះស្ម័គ្រជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះការដឹកនាំកិច្ច ប្រជុំកំពូលនេះយ៉ាងជោគជ័យ ដែលបានចូលរួមចំណែកដល់ការពង្រឹងពហុភាគីនិយមការធ្វើឱ្យដំណើរការ ASEM កាន់តែរឹងមាំ និងប្រកបដោយភាពធន់បរិយាប័ន្ន និងចីរភាព ក្រោយសម័យកាលជំងឺកូវីដ-១៩។ ថ្នាក់ដឹកនាំ រង់ចាំចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៤ នៅអឺរ៉ុប ក្នុងឆ្នាំ២០២៣។

កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ក្រោមមូលបទ «ការ ពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម» នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក កម្ពុជា បានអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនេះ ដោយមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ/ រដ្ឋាភិបាល ឬតំណាងជាន់ខ្ពស់នៃបណ្តាប្រទេសដៃគូ ASEM ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈ កម្មការអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន។
នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) បានក្លាយជាវេទិកាដ៏មានសារសំខាន់មួយ ក្នុងការភ្ជាប់ទំនាក់ទំនងអាស៊ី និងអឺរ៉ុប ព្រមទាំងលើកកម្ពស់ភាពជាដៃគូរវាងទ្វីបទាំងពីរ។ សម្រាប់ ដំណើរឆ្ពោះទៅអនាគតនាពេល២៥ឆ្នាំខាងមុខទៀត សម្តេច បានសង្កត់ធ្ងន់ថា ដៃគូ ASEM ចាំបាច់ ត្រូវពង្រឹងការប្តេជ្ញាចិត្តទ្វេដងដើម្បីឈានទៅសម្រេចបានពហុភាគីនិយម ប្រកបដោយប្រសិទ្ធភាព ការស្ដារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយបរិយាប័ន្ននិងភាពធន់ និងធ្វើឱ្យ ASEM កាន់តែមានភាពលេចធ្លោ និងរឹងមាំនៅក្នុងអភិបាលកិច្ចសកល។

ដើម្បីសម្រេចបានគោលបំណងខាងលើនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យ ពង្រឹងកាន់តែស៊ីជម្រៅនូវការតភ្ជាប់អន្តរតំបន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងកំណើនរួមគ្នា ការលើកកម្ពស់ភាពជាដៃគូអន្តរតំបន់សម្រាប់អភិបាលកិច្ចសកល ប្រព័ន្ធពហុភាគីផ្អែកលើវិធាន ច្បាប់កាន់តែមានប្រសិទ្ធភាព តម្រូវការទាញផលប្រយោជន៍បន្ថែមទៀតពីនវានុវត្តន៍ ការតភ្ជាប់ ឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤០ ការលើកកម្ពស់ភាពលេចធ្លោនិងភាពពាក់ព័ន្ធ ASEM និង កិច្ចខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាពហុវិស័យនានា ជាអាទិ៍ បម្រែបម្រួលអាកាសធាតុមភាព ក្រីក្រ ការលើកកម្ពស់សិទ្ធិអំណាចស្ត្រី និងបញ្ហាប្រឈមឆ្លងដែនផ្សេងៗទៀត។
ថ្នាក់ដឹកនាំ ASEM បានស្តាប់ និងកត់សម្គាល់អនុសាសន៍នានា តាមរយៈការថ្លែងរបាយការណ៍ លទ្ធផលនៃព្រឹត្តិការណ៍អមចំនួន០៥ ដូចជា កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ កិច្ច ប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុប វេទិកាអាស៊ី-អឺរ៉ុប ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ និងវេទិកាប្រជាជនអាស៊ី-អឺរ៉ុប។ ថ្នាក់ដឹកនាំបាន កោតសរសើរកម្ពុជា ដែលបានរៀបចំមហោស្រពវប្បធម៌ ASEM ដើម្បីបង្ហាញពីភាពដ៏សម្បូរបែបន គំនិតច្នៃប្រឌិតសិល្បៈ និងភាពចម្រុះសិល្បៈ នៅអាស៊ីនិងអឺរ៉ុប ព្រមទាំងផ្តួចផ្តើមឱ្យមានវេទិកា ស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះ ថ្នាក់ដឹកនាំ ASEM បានផ្លាស់ប្តូរទស្សនៈ ត្រង់ទៅត្រង់មក ឥតលាក់លៀមទៅលើបញ្ហាជាច្រើនដែលជាក្តីបារម្ភនិងផលប្រយោជន៍រួម ដោយ បានកត់សម្គាល់ចំណុចសំខាន់ៗដូចតទៅ៖

បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឆ្ពោះទៅកសាងសហគមន៍ ASEM មួយប្រកបដោយភាព សុខដុមរមនា មានភាពប្រកួតប្រជែង ភាពធន់ និងចីរភាព ដើម្បីប្រជាជនអាស៊ី និងអឺរ៉ុប ដោយឈរលើគោលការណ៍ស្នូលរបស់ ASEM គឺភាពមិនផ្លូវការ និងបត់បែន ស្របតាម ស្មារតីនៃកុងសុងស៊ីស និងភាពជាដៃគូស្មើភាព។
គូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ប្រព័ន្ធអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការ តំបន់ផ្សេងទៀត ក្នុងការរក្សាសន្តិភាព និងសន្តិសុខសកល ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ព្រមទាំងប្រកាន់ខ្ជាប់នូវសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។
រំលឹកឡើងវិញពីសារសំខាន់នៃវិធានការកសាងទំនុកចិត្ត និងការបង្ការទំនាស់តាមបែបការទូត ក៏ដូចជាគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការយល់ពីគ្នាទៅវិញទៅមក ផលប្រយោជន៍ទៅវិញទៅមក និងការលះបង់ចោលនូវការប្រើកម្លាំង និងការគំ.រាម កំ.ហែងប្រើប្រាស់កម្លាំងនៅក្នុងទំនាក់ទំនងអន្តរជាតិ។
ប្ដេជ្ញាចិត្តធ្វើការរួមគ្នាដើម្បីសន្តិភាព និងសន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និង កំណើនប្រកបដោយបរិយាប័ន្ន ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងការ លើកកម្ពស់ និងការការពារសិទ្ធិមនុស្សអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និង សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។

ប្តេជ្ញាចិត្តអនុវត្តរបៀបវារៈឆ្នាំ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព និងរបៀបវារៈ សកម្មភាព Addis Ababa ដើម្បីលុបបំបាត់ភាពក្រីក្រ បញ្ចប់ភាពអត់ឃ្លាន កាត់បន្ថយវិសមភាព និងកសាងអនាគតមួយប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព សំដៅធានាឱ្យបានថា មិនមាន – នរណាម្នាក់ត្រូវបានទុកចោលឡើយ។
បញ្ជាក់ពីការតាំងចិត្ត និងឆន្ទៈ ស្របតាមលទ្ធផល COP26 ក្នុងការដោះស្រាយបញ្ហា ប្រឈមសកលដែលកំពុងបន្តកើនឡើង ពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ ព្រឹត្តិការណ៍ ធាតុអាកាសធ្ងន់ធ្ងរ ការបាត់បង់ជីវចម្រុះ និងការបំពុល ព្រមទាំងបញ្ជាក់ពីសារសំខាន់នៃ ការផ្តល់ហិរញ្ញប្បទាន និងបច្ចេកវិទ្យាដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរ និងបានប្តេជ្ញាពង្រឹង កិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់គោលបំណងនេះ។
ស្វាគមន៍ការអនុម័តសេចក្ដីថ្លែងការណ៍រដ្ឋមន្ត្រីនៃប្រទេសម្ចាស់ផ្ទះ និងប្រទេសសម្របសម្រួល តំបន់ ASEM ស្តីពីជំងឺកូវីដ-១៩ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ និងសេចក្តីថ្លែងការណ៍ ទីក្រុងភ្នំពេញ ស្តីពីការស្តារសង្គមសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ-១៩ ដែលឯកសារទាំង ពីរនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ដៃគូ ASEM ក្នុងការគ្រប់គ្រងការរីករាលដាលន ជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព ធានានូវលទ្ធភាពអាចស្វែងរកបានវ៉ាក់សាំងក្នុងតម្ល សមរម្យ និងការទទួលបានដោយសមធម៌នូវវ៉ាក់សាំងប្រកបដោយសុវត្ថិភាព គុណភាព និង ប្រសិទ្ធភាព ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចសង្គមបណ្តាលមកពីជំងឺកូវីដ-១៩ ។

គូសបញ្ជាក់ពីតម្រូវការចំបាច់ក្នុងការបន្តរក្សាសេដ្ឋកិច្ចសកលបើកចំហ និងអះអាងសាជាថ្មីពី ការប្តេជ្ញាចិត្តពង្រឹង និងប្រកាន់ភ្ជាប់នូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលបើកចំហ យុត្តិធម៌ តម្លាភាព បរិយាប័ន្ន គ្មានការរើសអើង និងផ្អែកលើវិធានច្បាប់ ដែលមានអង្គការពាណិជ្ជកម្ម ពិភពលោក (WTO) ជាស្នូល ដើម្បីកំណើនរយៈពេលវែង ។
បង្ហាញពីចំណាប់អារម្មណ៍រួមរបស់ដៃគូ ASEM ក្នុងការលើកកម្ពស់ការតភ្ជាប់អាស៊ី-អឺរ៉ុប ដែលមិនត្រឹមតែជាការតភ្ជាប់ទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង តភ្ជាប់ទំនាក់ទំនងសង្គម-វប្បធម៌ និងទំនាក់ទំនងប្រជាជន និងប្រជាជន ផងដែរ។
ចាត់ទុកវិស័យទេសចរណ៍ប្រកបដោយចីរភាព និងសេដ្ឋកិច្ចប្រកបដោយភាពច្នៃប្រឌិត ជា កាតាលីករ ក្នុងការជំរុញការតភ្ជាប់រវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការបង្កើតការងារប្រកបដោយគុណភាព ព្រមទាំងគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការលើវិស័យទាំងអស់នេះ ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបណ្តាល មកពីការរីករាលដាលនៃជំងឺកូវីដ-១៩។
ប្ដេជ្ញាចិត្តធានាឱ្យមានការចូលរួមប្រកបដោយអត្ថន័យរបស់យុវជន នៅក្នុងគ្រប់វិស័យ និង នៅក្នុងជីវិតសាធារណៈ និងនយោបាយនៅគ្រប់កម្រិត ព្រមទាំងលើកទឹកចិត្តឱ្យមានការ ពង្រីកកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរកម្មវិធីអប់រំ ក្នុងចំណោមដៃគូ ASEM តាមរយៈ យុទ្ធសាស្ត្រ ASEM ដើម្បីចែករំលែកឧត្តមានុវត្តន៍នៃវិធីសាស្ត្រដោះស្រាយបញ្ហាសកុលរួម។

នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំ ASEM បានអនុម័តឯកសារលទ្ធផលសំខាន់ៗ ចំនួន៣នៃកិច្ចប្រជុំកំពូល ASEM13 គឺ៖ (១) សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13 (២) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ-១៩ និង (៣) ឯកសារសកម្មភាពអនាគត ស្តីពីការតភ្ជាប់ ASEM។
ថ្នាក់ដឹកនាំ ASEM បានសម្តែងការកោតសរសើរខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបាន រៀបចំកិច្ចប្រជុំកំពូលនេះបានយ៉ាងល្អឥតខ្ចោះ និងបានអបអរសារទរដ៏ស្មោះស្ម័គ្រជូន សម្តេចតេជោ នាយករដ្ឋមន្រ្តី ចំពោះការដឹកនាំកិច្ចប្រជុំកំពូលនេះយ៉ាងជោគជ័យ ដែលបានចូលរួមចំណែកដល់ការ ពង្រឹងពហុភាគីនិយមការធ្វើឱ្យដំណើរការ ASEM កាន់តែរឹងមាំ និងប្រកបដោយភាពធន់ បរិយាប័ន្ន និង ចីរភាព ក្រោយសម័យកាល ជំងឺកូវីដ-១៩។ ថ្នាក់ដឹកនាំរង់ចាំចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៤ នៅអឺរ៉ុប ក្នុងឆ្នាំ២០២៣។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានកម្ពុជាជាម្ចាស់ផ្ទះ។ កិច្ចប្រជុំបានធ្វើឡើង ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយមដើម្បី កំណើនរួម»។

ASEM13 គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលទទួលបាននូវមហាកិត្តិយស និងមោទកភាព ក្នុងការរៀបចំជំនួបកំពូលកម្រិតពិភពលោកមួយ ដែលមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ចំនួន ៥១ប្រទេស មកពីទ្វីបទាំងពីរ ប្រធានសហគមន៍អឺរ៉ុប និងប្រធានក្រុមប្រឹក្សាអឺរ៉ុប បូកទាំងអគ្គលេខាធិការអាស៊ាន។ ប្រទេសជាសមាជិក ASEM គឺតំណាងឱ្យ ៦៥ភាគរយ នៃចំនួនសេដ្ឋកិច្ចពិភពលោក, ៦០ភាគរយ នៃចំនួនប្រជាជនពិភពលោក ទាំងមូល, ចំនួន៥៥ភាគរយ នៃចំនួនពាណិជ្ជកម្ម និង៧០ នៃចំនួនទេសចរណ៍នៃពិភពលោកទាំងអស់៕ រក្សាសិទ្ធិដោយ ៖ កូលាប










