ភ្នំពេញ ÷ បុរសម្នាក់បានរួមដំណើរជាមួយនិងនារីម្នាក់ទៀត បានបើករថយន្តម៉ាកព្រូសមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនដូចហោះ បានរេចង្គូតទៅប៉ះខឿនផ្លូវបណ្តាលឲ្យក្រឡាប់ផ្ងារជើង អូសទៅមុខជាច្រើនម៉ែត្រ សំណាងល្អមិនគ្រោះថ្នាក់ដល់តៃកុងរថយន្ត និងនារីរួមដំណើរជាមួយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចំណុចនៅនិងគល់ស្ពានអាកាសចោមចៅខាងលិច ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបងប្រុសម្នាក់ សុំមិនបញ្ចេញឈ្មោះនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ រួមដំណើរជាមួយនិងនារីម្នាក់ទៀត បានបើករថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BA-8954 បើកបរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុ.កខឿនផ្លូវយ៉ាងពេញទំហឹង ធ្វើឲ្យតៃកុងទប់ចង្កូតមិនជាប់ ក៏ក្រឡាប់ផ្ងារជើងឡើងលើ អូសទៅមុខជាងជាច្រើនម៉ែត្រ ហើយភ្លាមៗនោះដែរ បុរសជាតៃកុងនិងនារីរួមដំណើរជាមួយ បានលូនចេញពីក្នុងរថយន្ត រួចគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត





