ភ្នំពេញ ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកានៃព្រឹទ្ធសភាដ៏ឧត្តុងឧត្តម នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ជាកិច្ចចាប់ផ្តើមឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ បានថ្លែងមតិស្វាគមន៍ និងថ្លែងអំណរគុណតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងបានជម្រាបជូនអង្គប្រជុំ អំពីរបាយការណ៍លទ្ធផលរបស់គណៈកម្មការជំនាញលើសេចក្តីព្រាងច្បាប់នេះ ហើយបានឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីសាវតា គោលបំណង អត្ថប្រយោជន៍ និងខ្លឹមសារនៃពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទនេះ និងបានឆ្លើយបំភ្លឺនូវចម្ងល់មួយចំនួនដែលលើកឡើងដោយសមាជិក សមាជិកា ដ៏ឧត្តុងឧត្តមនៃគណៈកម្មការទី៩។ ពិធីសារនេះបានផ្តល់អត្ថប្រយោជន៍សំខាន់ៗដល់ប្រទេសកម្ពុជារួមមាន៖ ក្នុងនាមជាប្រទេសអភិវឌ្ឍតិចតួច នឹងទទួលបាននូវការអនុវត្តនីតិវិធីពិសេសសម្រាប់រដ្ឋសមាជិកអភិវឌ្ឍតិចតួច នៅពេលដោះស្រាយវិវាទដែលកើតឡើងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋសមាជិកផ្សេងទៀតក្នុងក្របខ័ណ្ឌអាស៊ាន។ បន្ថែមពីលើនេះ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបង្ហាញពីការប្តេជ្ញាចិត្ត និងការរួមចំណែកដ៏សំខាន់របស់កម្ពុជា ដល់ការពង្រឹងយន្តការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌអាស៊ាន ដោយប្រើប្រាស់កិច្ចព្រមព្រៀងគ្របដណ្ដប់ទាំងឡាយរបស់អាស៊ាន ដែលទទួលបានការផ្តល់សច្ចាប័នពីស្ថាប័ននីតិបញ្ញត្តិរួចហើយធ្វើជាមូលដ្ឋាន។

ឆ្លងតាមការពិភាក្សាយ៉ាងល្អិតល្អន់ អង្គប្រជុំបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីក្រសួងពាណិជ្ជកម្ម ព្រមទាំងបានផ្តល់ការឯកភាពដោយឯកច្ឆ័ន្ទ និងទទួលយកទាំងស្រុងនូវសេចក្តីព្រាងច្បាប់នេះ ដោយរក្សានូវខ្លឹមសារដើមទាំងស្រុង នៃសេចក្តីព្រាងរបស់រាជរដ្ឋាភិបាល ហើយត្រៀមបញ្ជូនសេចក្តីព្រាងច្បាប់នេះ ដាក់ជូនសម័យប្រជុំពេញអង្គនៃព្រឹទ្ធសភា ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ កូលាប




