Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រោយ​​​ចូល​​ឆ្នាំ​ថ្មី​​ ​​ភ្ញៀវ​​ទេសចរ​ និង​​​​ពលរដ្ឋ​​ខេត្ត​ព្រះសីហនុ ​​​​បន្ត​រិះ​គន់​ក្រុង​ជ័យ​លាភី​ផ្កា​រំដួល​ ៣ទង​ ថា​គ្មាន​លទ្ធ​ភាព​​​​​​​​គ្រប់​​​គ្រង​​​​សំរាម​​ឲ្យ​​ល្អ​​ទេ​

ខេត្ត​ព្រះ​សីហនុ៖ ​​ភ្ញៀវ​ទេសចរ​ជាតិអន្តរជាតិ ពិសេស​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្រុងព្រះសីហនុ ​​​ដែល​​ជា​ទីក្រុង​ស្អាត ទើប​ទទួល​ជ័យលាភី​ផ្កា​រំដួល​​​៣ទង​ពី ​សម្តេច​​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន​ ​នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ឆ្នាំ​២០១៨នេះ បានបន្ត​រិះគន់​រដ្ឋបាលក្រុង-​ខេត្ត​ព្រះសីហនុ​នៅ​​ក្រោយ​ពិធី​​បុណ្យ​ចូលឆ្នាំ​ថ្មីឆ្នាំ​នេះ​ ថា​មិន​ទាន់​អាច​គ្រប់គ្រង​កាក​សំណល់​សំរាម​ ឲ្យបាន​ល្អ​ទេ។ ​

​​ភ្ញៀវទេសចរ ​ពិសេសភ្ញៀវជាតិ​ ​បាន​​​បង្ហាញការហួស​ចិត្ត និងបានបញ្ចេញទស្សនថា មិនគួរណា​កាក​សំណល់​សំរាម ​ត្រូវ​គេ​គរទុក​ចោល​គ្មាន​របៀប​រៀប​​រយ និង​​ជះ​ក្លឹន​​ស្អុយ​​អសោច នៅ​តាមទី​សាធា​រណៈ ឬតាម​ចិញ្ចើម​ផ្លូវ​ធ្វើដំណើរនាទីប្រជុំជនក្រុងទេសចរណ៍​​​ជាប់ឆ្នេរ​សមុទ្រ​មួយនេះ​ទេ។

ចំណែក ប្រជា​ពលរដ្ឋ​រស់នៅក្នុងក្រុងព្រះសីហនុភាគច្រើន ក៏បានរិះគន់ថ្នាក់ដឹកនាំ​​ស្ថាប័ន​ពាក់ព័ន្ធ ដែលជា​អ្នក​ទទួល​ខុស​ត្រូវការងារ​ប្រមូល​សំរាម រួមមាន៖ ​ក្រុម​ហ៊ុនប្រ​មូល​សំរាម ពិសេស​ថ្នាក់​ដឹក​​នាំនៃ​រដ្ឋបាលក្រុងខេត្ត​ព្រះ​សីហនុ ដែល​មិនទាន់​អាច​គ្រប់​គ្រង​កាក​សំណល់​សំរាម ដែលប្រជា​ពលរដ្ឋ​បាន​វេច​ខ្ចប់ និងយកទៅ​​​​គរទុក​នៅ​តាម​មុខ​ផ្ទះ ឬ​ទីតាំង​នីមួយៗ​ ប៉ុន្តែ​មិន​មាន​រថយន្ត​ក្រុម​ហ៊ុន​ប្រមូល​សំរាម ​មកដឹក ឬប្រមូល​សំរាម​​​ឲ្យបាន​ទាន់​​​ទេ។

​​​​​ប្រជាពលរដ្ឋ​ភាគ​ច្រើន​​​បាន​រអ៊ូរទាំ និង​រិះគន់​ក្រុម​ហ៊ុន​ប្រមូល​សំរាម ដែល​ទើប​ទទួលសិទ្ធិថ្មី ដើម្បី​ប្រមូល​សំរាម នាទី​ប្រជុំ​ជន​ក្រុង​ព្រះ​សីហនុ ជំនួស​ឲ្យ​ក្រុម​ហ៊ុន​ស៊ិនទ្រី ដែលត្រូវ​បញ្ចប់​កុង​ត្រាថា មិន​ទាន់​មាន​លទ្ធភាព ឬខ្វះ​បទ​ពិសោធន៍​ក្នុង​ការ​ងារ​ប្រមូល​សំរាម​​ទេ ហើយ​សំរាម​ត្រូវ​គេ​ទុក​ចោល​យូរ​ថ្ងៃ​នៅ​​តាម​ចិញ្ចើម​ផ្លូវ​ថ្នល់ ​និង​ជះក្លឹន​ស្អុយ​។

​​បញ្ហា​សំរាម​នេះដែរ ​ប្រជាពល​រដ្ឋ​នៅ​តាម​គ្រួសារខ្លះ បាន​ចំអក និង​ប្រដូចការទុក​កាក​សំណល់​សំរាម​គរ​ចោល​នៅ​តាម​ចិញ្ចើម​ផ្លូវ​ និង​មានក្លឹន​ស្អុយ​រាល់​ថ្ងៃនេះ ជា​ពិសេស​កាក​សំណល់​សំរាម ដែលត្រូវ​គេគរ​ទុក​ចោល នៅ​ក្រោយ​ពិធី​បុណ្យ​ចូលឆ្នាំថ្មីបាន​បញ្ចប់​នេះ ស្ទើរ​ក្លាយ​ទៅជា​ទីតាំង​​ពិព័រ​ណ៍​​ សំរាម ដើម្បី​​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិអន្តរ​ជាតិ​ ចូល​មក​ទស្សនា​អញ្ចឹងដែរ​។

តាមការកត់​សម្គាល់​សំរាម​​​គរទុក​ចោល​យូរ​ថ្ងៃ​នៅ​តាម​ចិញ្ចើមផ្លូវ ហើយ​គ្មាន​រថយន្ត​ក្រុម​ហ៊ុន​​​មក​ប្រមូល​ឲ្យបាន​ទៀង​ទាត់​ ឬទាន់ពេល​​នេះ គឺកំពុង​រង់​ការរិះ​គន់ពីសំណាក់ប្រជាពលរដ្ឋរស់​​ទីប្រជុំ​ជន​ក្នុងក្រុងព្រះសីហនុ និង​ភ្ញៀវ​ទេសចរ​ជាបន្ត​បន្ទាប់​ ​ព្រោះ​បាន​​ជះក្លឹន​ស្អុយ​អសោច​ដល់​អ្នក​ដំណើរ​​ឆ្លង​កាត់​ និង​ពលរដ្ឋរស់​នៅក្នុង​មូល​ដ្ឋាននេះ​​។

ប្រជាពលរដ្ឋមួយចំនួន ​បានប្រដូច​ក្រុង​ព្រះសីហនុ ដែលទើប​ឈ្នះ​ជ័យ​លាភីជា​ទីក្រុងស្អាត ​និង​ទទួល​បានផ្កា​រំដួល​៣ទង​ពី ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីក្នុង​ពេលថ្មីៗ​​នេះ ថា​​បាន​ក្លាយ​ទៅជា​ទីកន្លែង​​តាំង​ពិព័រណ៍​សំរាម សម្រាប់​ផ្តល់​ជូន​ភ្ញៀ​វទេសច​ជាតិអន្តរជាតិ​​ ដែល​ចូល​មក​ដល់​មូល​ដ្ឋាននេះ​។

ភ្ញៀវ​ទេសចរខ្លះទៀត បង្ហាញការហួសចិត្តថា មិនគួរណាក្រុង​ព្រះសីហនុ ដែលទើប​ជាប់​ចំណាត់ថ្នាក់ទីក្រុងស្អាត ហើយ​ឈ្នះ​ជ័យលាភីទទួល​បាន​ផ្កា​រំដួល ៣ទង ពី​សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ ក្នុង​ឆ្នាំ​២០១៨នេះ ​ប៉ុន្តែ​បែរ​ជា​ជាក់​ស្តែង​បរិស្ថាន​​ នៅ​ក្នុង​ទីក្រុងទាំងមូល គឺគ្មាន​អនាម័យ ​ដោយ​កាក​សំណល់​សំរាម ​ត្រូវគេ​ទុក​ចោល​យូរថ្ងៃ គ្មាន​សណ្តាប់​ធ្នាប់​នៅ​តាមចិញ្ចើមផ្លូវ​សាធារណៈ​និង​មាន​ក្លឹន​ស្អុយ​បែប​នេះ​ទៅវិញ​។
​​
ចំណុចនេះ​ ​ភ្ញៀវ​ទេសចរ​ជាតិ ​បាន​ទទូច​ដល់​ថ្នាក់​ដឹក​នាំ​​រដ្ឋ​បាលក្រុងខេត្ត​ព្រះ​សីហនុ ពិសេសក្រុម​ហ៊ុនប្រមូល​សំរាម និង​ប្រជា​ពលរដ្ឋរស់​មូលដ្ឋាន​នេះ ត្រូវរួមសហ​ការ​គ្នា​សំអាត​បរិស្ថាន​​មូលដ្ឋាននេះ ឲ្យ​បាន​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន ព្រោះក្រុង​ព្រះសីហនុ​នេះ ទើ​បជាប់​ចំណាត់​ថ្នាក់ថា ជា​ទីក្រុង​ស្អាត ​និង​ទទួលបាន​ជ័យ​លាភីផ្ការំដួល​៣ទង ពីសម្តេច​ប្រមុខដឹកនាំ​​ ដើម្បី​រក្សា​កិត្តិ​យស​ខេត្ត ​​កិត្តិយស​ប្រទេស​ជាតិ ជាពិសេស​កុំឲ្យ​ប៉ះ​ពាល់​កិត្តិយស របស់​សម្តេច​តេជោ ​ហ៊ុន សែន ដែល​បាន​ផ្តល់​ទំនុក​ចិត្ត និង​​លើក​ទឹក​ចិត្តដល់​ថ្នាក់​ដឹក​នាំ​​ក្រុងខេត្តព្រះ​សីហនុ​កន្លង​មក។

​​ទោះជាបែបនេះក្តី ទាំង​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិភាគច្រើន ​បាន​​គាំទ្រ ទៅ​លើសកម្ម​ភាព​ដឹកនាំ របស់​ លោក អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះសីហនុ និង ​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ​នៅក្នុងអាណត្តិនេះ ដែល​បាន​​ដឹក​នាំអភិវឌ្ឍមូល​ដ្ឋាន​​​មាន​ការរីក​ចម្រើន​ស្ទើរគ្រប់វិស័យ ពិសេស​​លើវិស័យ​សំណង់នៅ​ក្នុងប៉ុន្មានឆ្នាំ​ចុង​ក្រោយ​​នេះ​។ ​

ភ្ញៀវទេសចរជាតិ ដែល​បាន​ធ្វើដំណើរមក​កម្សាន្ត​ខេត្ត​ព្រះសីហនុ នាឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ឆ្នាំនេះ ក៏​បាន​កោត​សរសើរ ​ដល់​ថ្នាក់​ដឹក​​រដ្ឋបាល​ក្រុង​ និង​ខេត្ត​ព្រះ​សីហនុ ​ដែល​បានរួម​សហការ​គ្នា ​អភិវឌ្ឍ​សួន​ច្បារ តាំង​ភ្លើង​បំភ្លឺ ស្តារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ពង្រីក​ផ្លូវ​ថ្នល់ ​​លូបង្ហូរទឹក ​និងស្តារ​អូរធម្ម​ជាតិមួយ​ចំនួន​បាន​ធំទូលាយ ​ដើម្បី​​រំដោះ​ទឹក​ជន​លិច​​ មាន​លទ្ធ​ផលវិជ្ជមាន​ច្រើន​នាពេល​កន្លង​មក​នេះ។ ​

យ៉ាង​ណា​ក៏​ដោយចុះ ទាំង​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ក្រុង​ព្រះ​សីហនុ និង​ភ្ញៀវ​ទេសចរ​​ជាតិ បាន​សំណូមពរ​ដល់​អភិបាល​ក្រុងខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​ជួយ​​ជម្រុញ​ទៅក្រុម​ហ៊ុន​ប្រមូលសំរាម ឲ្យបន្ត​សកម្មភាព​ចុះ​ប្រមូល​សំរាម នៅ​តាមទី​សាធា​រណៈ ឬ​តាមផ្លូវសំខាន់ៗ ដែល​ភ្ញៀវ​ទេស​ចរនិយមធ្វើ​ដំណើរ​​​ឆ្លងកាត់​ឲ្យបាន​ជា​ប្រចាំ​ ​ដោយ​មិន​ត្រូវ​ទុក​ឲ្យ​កាក​សំណល់​សំរាម​គរទុក​ចោល​ច្រើន​ថ្ងៃ និងមានជះ​ក្លឹន​ស្អុយដូចរាល់​ថ្ងៃនេះ​ទៀតទេ។

ទាក់​ទិន​បញ្ហានេះ មន្ត្រី​​រដ្ឋបាល​ក្រុង​ខេត្ត​ព្រះសីហនុ ​បាន​ឲ្យដឹង​ថា​ ​បញ្ហា​សំរាម​នេះ ​អាជ្ញាធរ​ពាក់​ព័ន្ធ បាន​​យក​ចិត្ត​ទុក​ដាក់ ​ដើម្បីធ្វើ​យ៉ាង​ណា​កែឆ្នៃ ឲ្យ​​បរិស្ថាន​ខេត្ត​ព្រះសីហនុ​ទាំង​មូល ឲ្យមានអនាម័យ និង​សោ​ភ័ណ្ឌ​ភាពល្អ និង​​​ឆ្លើយតប​ជ័យ​លាភីផ្កា​រំដួល ៣ទង ​ដែល​សម្តេច​នាយករដ្ឋមន្ត្រី ​ទើប​បាន​​ប្រគល់​ជូន​នាឆ្នាំ​២០១៨នេះ​​៕ ​ដែន សីមា​