ពិតជារឿងដ៏ភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ ខណៈបានឃើញវីដេអូកំពុងត្រូវបានចែករំលែក បានបង្ហាញមនុស្សម្នាបើកបរតាមផ្លូវ នាំគ្នាឈប់រថយន្តចុះរើសលុយជាមួយអារម្មណ៍សប្បាយអរយ៉ាងខ្លាំង ដោយលុយទាំងនោះគឺសុទ្ធតែជាប្រភេទក្រដាស 1$ និង 20$ ដែលបានធ្លាក់ចេញពីរថពាសដែក១គ្រឿង ក្រាលប្រសាចពាសពេញដងផ្លូវ។
អាជ្ញាធរបាននិយាយថា ហេតុការណ៍នេះ បានកើតឡើងនៅលើផ្លូវ Interstate 5 ក្នុងទីក្រុង Carlsbad រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បណ្តាលឲ្យកកស្ទះចរាចរណ៍អស់រយៈពេលមួយសន្ទុះធំផងដែរ ខណៈរថពាសពាស១គ្រឿងនោះ កំពុងឆ្ពោះចេញពី San Diego ទៅកាន់ការិយាល័យមួយរបស់ Federal Deposit Insurance។
វីដេអូដែលបង្ហោះតាមអ៊ីនធឺណិតបង្ហាញឱ្យឃើញអ្នកដំណើរមួយក្រុម ពិតជាសប្បាយអរយ៉ាងខ្លាំង ដោយក្នុងនោះ អ្នកខ្លះបាចលុយទៅលើអាកាសឡើងប្រសាចតែម្តង។
មន្រ្តីប៉ូលីសម្នាក់ ដែលល្បាតនៅផ្លូវហាយវ៉េកាលីហ្វ័រញ៉ា លោក Curtis Martin បាននិយាយថា «ទ្វារមួយត្រូវបានបើក ហើយបាវផ្ទុកលុយក៏បានធ្លាក់ចេញ»។
លោក Curtis Martin ក៏បានឲ្យដឹងផងដែរថា មនុស្សពីរនាក់ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ និងក៏បានព្រមានអ្នកផ្សេងទៀតដែលប្រសិនត្រូវបានរកឃើញថា បានយកប្រាក់របស់គេធ្វើជាកម្មសិទ្ធិរបស់ខ្លួន នឹងអាចប្រឈមការចោទប្រកាន់ព្រហ្មទណ្ឌ ហេតុនេះ លោកក៏អំពាវនាវដល់អ្នកដែលបានរើសយករួចហើយ សូមយកលុយមកប្រគល់ឲ្យម្ចាស់គេវិញជាបន្ទាន់។
តែយ៉ាងណា គេក៏ពុំទាន់ដឹងពីចំនួនពិតប្រាកដ នៃការខាតបង់ប៉ុន្មាននៅឡើយទេ ប៉ុន្តែ គេជឿថា នឹងមានការខាតបង់ប្រាក់រាប់ពាន់លានដុល្លាឯណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




