ភ្នំពេញ ៖ ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអន្តរក្រសួង-ស្ថាប័ន ដើម្បីរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (ASEFYLS4) បានគូសបញ្ជាក់ពីសារៈសំខាន់របស់យុវជនក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសគឺជំរុញការស្ដារសង្គមសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។ ក្នុងនោះដែរ ឯកឧត្តម បានថ្លែងអំណរគុណដល់ ASEF ក៏ដូចជាឥស្សរជនអាស៊ី-អឺរ៉ុបផ្សេងៗទៀត ដែលបានផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំវ័យក្មេង ASEF ជាពិសេសយុវជនកម្ពុជា ឱ្យបានចូលរួម និងស្វែងយល់ពីការងារសំខាន់ៗ ជាពិសេសកិច្ចការអភិវឌ្ឍប្រកបដោយចីរភាព ទាំងនៅថ្នាក់នយោបាយ និងបច្ចេកទេស ដែលអាចជួយពង្រីកវិសាលភាពចំណេះដឹងរបស់យុវជនយើងជំនាន់ក្រោយថែមមួយកម្រិតទៀត។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីបិទកិច្ចប្រជុំកំពូល ASEFYLS4 ក្រោមមូលបទ «ការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩» (Sustainable Development in a post-COVID-19 World) តាមរយៈការថតវីដេអូទុកជាមុន (pre-recorded) កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្ដម Ambassador Leon FABER នាយករងប្រតិបត្តិនៃមូលនិធិអាស៊ី-អឺរ៉ុប ព្រមទាំង យុវជន ASEF សរុបចំនួនប្រមាណ ២០០នាក់ ដែលមកពី៥១ប្រទេស ដោយក្នុងនោះយុវជនរបស់កម្ពុជាមានចំនួន ៣០រូប។
ឯកឧត្តម សុខ សូកេន បានលើកឡើងថា ការស្ដែងឱ្យឃើញនូវផលប៉ះពាល់ជាច្រើនផ្នែកនៃនិន្នាការសកល បានបង្ហាញពីភាពផុយស្រួយរបស់ស្ថានភាពពិភពលោកក្នុងកម្រិតផ្សេងៗគ្នា។ ឯកឧត្តម ជឿជាក់យ៉ាងមុតមាំថា តាមរយៈការចូលរួមរបស់យុវជននៅគ្រប់តំបន់ អាចនឹងពង្រឹងភាពធន់របស់សង្គម ដើម្បីឱ្យមានភាពប្រសើរឡើងនៃពិភពលោកនិងសង្គមសម្រាប់ជំនាន់ក្រោយៗទៀត។

កិច្ចប្រជុំខាងលើ គឺជាព្រឹតិ្តការណ៍អមមួយក្នុងចំណោមព្រឹត្តិការណ៍អមទាំង៧ និងជាព្រឹតិ្តការណ៍អមយុវជន ផ្លូវការរបស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)។ កិច្ចប្រជុំកំពូល ASEFYLS4 នេះ គឺធ្វើឡើងអស់រយៈពេលជាងមួយឆ្នាំមកហើយ ពោលគឺមាន៤ ដំណាក់កាលធំៗ ដូចជា៖ ដំណាក់កាលទី១៖ ការជ្រើសរើស និងបណ្ដុះបណ្ដាលយុវជនបង្គោល (Navigators Selecting and Trainings) ដំណាក់កាលទី២៖ ការកសាងចំណេះដឹង (Knowledge Building) ដំណាក់កាលទី៣៖ ការអនុវត្ដសកម្មភាពនៃភាពជាអ្នកដឹកនាំ (Leadership in Action) និងដំណាក់កាលទី៤៖ គឺកិច្ចប្រជុំ ASEFYLS4 ចាប់ពីថ្ងៃទី ២២-២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ កិច្ចប្រជុំកំពូល ASEFYLS4 រយៈពេល៥ថ្ងៃនេះបានផ្ដោតសំខាន់លើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហ¬ប្រជាជាតិ ចំនួន៤ រួមមាន៖ SDG3 សុខភាព និងសុខុមាលភាពមាំមួន (Good Health & Wellbeing) SDG4 ការអប់រំប្រកបដោយគុណភាព (Quality Education) SDG8 ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច (Decent Work & Economic Growth) និង SDG13 សកម្មភាពបរិស្ថាន(Climate Action)។

ជាមួយគ្នានេះដែរ ដើម្បីជាការគាំទ្រដល់ SDG13: សកម្មភាពបរិស្ថាន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារអន្តរក្រសួង-ស្ថាប័នដើម្បីរៀបចំ ASEFYLS4 បានរៀបចំកម្មវិធីដាំដើមឈើសាមគ្គីយុវជនអាស៊ី-អឺរ៉ុប ក្រោមអធិបតីភាព ឯកឧត្តមហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាយុវជនអាស៊ី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅតំបន់អង្គរ ខេត្តសៀមរាប។ រយៈពេល៥ថ្ងៃ នៃកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំវ័យក្មេងទាំង ១៥០នាក់ បានធ្វើបទបង្ហាញ និងពិភាក្សាគ្នា ផ្លាស់ប្ដូរទស្សនៈ និងបទពិសោធន៍ ជាពិសេសធ្វើការឆ្លុះបញ្ចាំងពីគម្រោងសកម្មភាពរបស់ខ្លួនដែលបានធ្វើឡើងក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ លើសនេះទៀត ថ្នាក់ដឹកនាំ វ័យក្មេងបានធ្វើការអនុម័តសេចក្ដីថ្លែងការណ៍យុវជន ASEM ដោយសេចក្ដីថ្លែងការណ៍នេះដែលបានអានជូនថ្នាក់ដឹកនាំអាស៊ី-អឺរ៉ុប នៅក្នុងកិច្ចប្រជុំកំពូល ASEM13 ដោយក្នុងនោះមានតំណាងយុវជនម្នាក់មកពីកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ