ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកជំទាវ រ៉េតណូ អិល.ភី. ម៉ារស៊ូឌី (Retno L.P. Marsudi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ។

ការបំពេញទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកជំទាវ រ៉េតណូ អិល.ភី. ម៉ារស៊ូឌី (Retno L.P. Marsudi) នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកជំទាវ រ៉េតណូ អិល.ភី. ម៉ារស៊ូឌី នឹងមានជំនួបជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដោយនឹងពិភាក្សាលើទិដ្ឋភាពមួយចំនួន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងអាទិភាពនានា របស់កម្ពុជា ពេលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២។
ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ រ៉េតណូ អិល.ភី. ម៉ារស៊ូឌី មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងកម្ពុជា និងឥណ្ឌូនេស៊ី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជាតិទាំងពីរ និងពិភពលោក៕រក្សាសិទ្ធិដោយ ៖ កូលាប

