Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន បុរសដែលជេរប្រមាថសមត្ថកិច្ច ពេលកំពុងអនុវត្តច្បាប់ចរាចរណ៍ ក្រោយពេលចោទប្រកាន់ជាច្រើនបទល្មើស

ភ្នំពេញ៖ លោក ឯក ប៉ូលីហ្វីល ចៅក្រមស៊ើបសួ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសដែលជេរប្រមាថសមត្ថកិច្ចដាក់ពន្ធនាគារ ក្រោយពេលចោទប្រកាន់ជាច្រើនបទល្មើស។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បុរស់ម្នាក់ឈ្មោះ យឹង វណ្ណដា ដែលបានធ្វើសកម្មភាពជេរប្រមាថមើលងាយ និង ដេញវាយសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ​ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ត្រូវបានចៅក្រមស៊ើបសួរចេញដីកាឲ្យឃុំខ្លួន និងបញ្ជូនទៅពន្ធនាគារ។

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា ជនបង្ក ឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជាសន្តិសុខឯកជន ដែលបានធ្វើសកម្មភាពជេរប្រមាថមើលងាយ និង ដេញវាយសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ​ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿង និងបញ្ជូនទៅតុលាកា​រ​ នៅវេលាម៉ោង ១៦:០០នាទី រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីបន្ត ។

សម្រាប់ជនម្នាក់នេះ ត្រូវបានលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ត្រូវបានចោទប្រកាន់ពីបទ បើកបរយានយន្តមិនព្រមបញ្ឈប់យានយន្តតាមបញ្ជារបស់មន្រ្តីនគរចរាចរណ៍ផ្លូវគោក បទ រារាំង ឬប្រើប្រាស់មធ្យោបាយណាមួយដើម្បីជាឧបសគ្គដល់ចរាចរសាធារណៈ បទហិង្សាដោយចេតនា បទប្រមាថ និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ តាមមាត្រា៧៦ និងមាត្រា៨០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា២១៧ មាត្រា៥០២ និងមាត្រា៥០៣ នៃក្រមព្រហ្មទណ្ឌ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនបង្កឈ្មោះ យឹង វណ្ណដា អាយុ២៧ឆ្នាំ មុខរបរជាសន្តិសុខឯកជន ត្រូវបានសមត្ថកិច្ច នៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនក្រោយមានបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។

ជនបង្ករូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅវេលាម៉ោងជាង១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្ដុបផ្សារដើមគរ ស្ថិតក្នុងខណ្ឌទួលគោក ពេលជននេះកំពុងធ្វើដំណើរតាមដងផ្លូវ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×