Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារខេត្តក្រចេះ បន្តចុះមូលដ្ឋាន ស្វែងយល់កង្វល់ជីវភាព របស់បងប្អូនជនជាតិភាគតិច ក្នុងតំបន់កោះទន្លេមេគង្គ

spot_img

បឹងចារ-សំបូរ ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការីបានចុះទៅ ជួបសំណេះសំណាលជាមួយមន្ត្រីមូលដ្ឋាន និងតំណាងប្រជាជនរស់នៅ លើកោះត្នោត ក្នុងឃុំបឹងចារ ដើម្បីពិនិត្យវឌ្ឍនភាពជំហានការងារ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ និងឆ្លៀតស្វែងយល់កង្វល់ការលំបាកក្នុងជីវភាព រស់នៅរបស់បងប្អូនជនជាតិភាគតិច នៅតំបន់កោះនៃទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ។

ជំនួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅនៅក្នុងបរិវេណអនុវិទ្យាល័យបឹងចារ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់ លោកជំទាវតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោកស្រី អស់លោកជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារស្រុក មេឃុំបឹងចារ មេភូមិចំណុះទាំង៧ រួមទាំងមន្ត្រីមូលដ្ឋានជាច្រើនរូបទៀត សរុបអ្នកចូលរួមមានចំនួន២៣០នាក់។

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់លោក ហ៊ុល សឿង មេឃុំបឹងចារពីសភាពការណ៍ទូទៅ និងស្ថានភាពជាក់ស្ដែងនៃជីវភាពរស់នៅរបស់ប្រជាជន និងការចូលរួមយោបល់របស់តំណាងប្រជាពលរដ្ឋពីបញ្ហាគ្រប់គ្រង និងប្រើប្រាស់ដីធ្លីសហគមន៍ជនជាតិរួចមក ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះបានថ្លែងកោតសរសើរចំពោះស្មារតីសាមគ្គីភាពរបស់មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងឃុំបឹងចារទាំងមូល ដែលភាគច្រើនជាប្រជាជនភាគតិចជនជាតិគួយ ក្នុងការរួមគ្នាពុះពារកសាងជីវភាព រស់នៅប្រកបដោយភាពសុខដុមរមនា ដោយជំនះបានបញ្ហាប្រឈមនានា រួមទាំងផលប៉ះពាល់ដែលបង្កឡើងដោយកូវីដ-១៩ ដើម្បីអភិវឌ្ឍមូលដ្ឋានទឹកដីកោះនៃទន្លេមេគង្គនេះឱ្យមានការរីកចំរើនលូតលាស់ជាលំដាប់។

ទន្ទឹមនោះ ឯកឧត្តមប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងគូសបញ្ជាក់បន្ថែមទៀតថា ដើម្បីរួមចំណែករក្សា និងពង្រីកសមិទ្ធផលរួមរបស់សង្គមជាតិដែលយើងសំរេចបានកន្លងមក យើងទាំងអស់គ្នាត្រូវរួមគ្នាបន្តចូលរួមយ៉ាងសកម្មក្នុងចលនាជាតិ ក្រោមមគ្គុទ្ទេសក៍ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធ ទប់ស្កាត់ គ្រប់គ្រងកូវីដ-១៩ ដើម្បីឱ្យជំហាន នៃការបើកសកម្មភាពសេដ្ឋកិច្ច សង្គម និងប្រទេសជាតិយើងឡើងវិញឈានទៅមុខយ៉ាងរឹងមាំ។

ដោយឡែកចំពោះភារកិច្ចការងារជាក់ស្ដែងឆ្ពោះ ទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២ខាងមុខ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានសំដែងនូវអំណរសាទរ ប្រកបដោយជំនឿជឿជាក់មោះមុត ចំពោះការប្ដេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់មន្ត្រីមូលដ្ឋាន និងប្រជាជនឃុំបឹងចារដែលបានសន្យាការពារដាច់ខាតជ័យជំនះ រាល់អាណត្តិបោះឆ្នោតកន្លងមក គឺគណបក្សប្រជាជនកម្ពុជា ដណ្ដើមបានអាសនៈទាំងអស់ក្នុងក្រុមប្រឹក្សាឃុំបឹងចារ។

ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានផ្ដល់ជូនភួយ និងថវិកាមួយចំនួនជូនអ្នកចូលរួម និងប្រជាពលរដ្ឋចាស់ៗ ក្រីក្រក្នុងមូលដ្ឋាននោះផងដែរ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×