Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យដកហូតដីចំនួន ២០០០ ហិកតា ពីអតីតអភិបាលខេត្តកំពង់ឆ្នាំង

spot_img

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានចេញសារពិសេស ដោយបានបញ្ជាឲ្យដកហូតដីចំនួន ២០០០ ហិកតា ពីអតីតអភិបាលខេត្តកំពង់ឆ្នាំង គឺ ឯកឧត្តម ឈួរ ច័ន្ទឌឿន ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មកជាសម្បត្តិរដ្ឋវិញ ។ តាមរយៈសារពិសេសនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យអនុវត្តន៍ច្បាប់ឲ្យបានតឹងរឹងចំពោះមន្ត្រី ឬ ប្រជាពលរដ្ឋណាដែលមានការពាក់ព័ន្ធកាន់កាប់ ដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដោយខុសច្បាប់ ។

សារសំឡេង សម្ដេចតេជោ ហ៊ុន ​សែន ពាក់ព័ន្ធពីបញ្ហានៃ ​បឹងទន្លេសាប នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចេញបញ្ជាថែមទៀតឱ្យដកយកមកវិញឱ្យអស់នូវដីទាំងឡាយនៅជាប់បឹងទន្លេសាប ដែលបានកាប់ទន្ទ្រានរួចហើយ ដូចជានៅខេត្តកំពង់ឆ្នាំង។ សម្តេចបញ្ជាក់ថា បើសិនរបាយការណ៍រាជបណ្ឌិត្យសភានេះខុស ក៏ខ្ញុំសូមអធ្យាស្រ័យ ឮថាអតីតអភិបាលខេត្តដែលទើបចាក់ចេញមុននេះ បានកាប់បំផ្លាញយកដីប្រមាណជា២ពាន់ហិកតាឯនោះ ដូច្នេះខ្ញុំមិនខ្វល់ថា វាជាដីរបស់អតីតអភិបាលខេត្ត ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទេ ទោះបីថ្នាក់ណាក៏ដោយ ត្រូវតែប្រមូលយកមកវិញឱ្យអស់ ហើយដីនោះត្រូវតែជាកម្មវត្ថុនៃការដាំដើមឈើឡើងវិញនៅពេលក្រោយ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចេញបញ្ជាថែមទៀតឱ្យដកយកមកវិញឱ្យអស់នូវដីទាំងឡាយនៅជាប់បឹងទន្លេសាប ដែលបានកាប់ទន្ទ្រានរួចហើយ ដូចជានៅខេត្តកំពង់ឆ្នាំង។

បើតាមសម្តេចតេជោ ផ្ទៃដីបឹងទន្លេសាបត្រូវបានកំណត់រួចជាស្រេចហើយ ទាំងតំបន់មួយ តំបន់ពីរ និងតំបន់បី ដូច្នេះការកាប់ទន្ទ្រានដែលរំលោភតំបន់ទាំងនេះត្រូវដកហូតត្រឡប់មកវិញមិនថាជារបស់មន្ត្រីឬប្រជាពលរដ្ឋ។

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយ លោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង និងត្រូវមានការដោះស្រាយជាបន្ទាន់។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អនាធិបតេយ្យបែបនេះ មិនអាចទទួលយកបានទេ ក៏មិនអាចអត់ឱនឱ្យបានដែរ សម្រាប់មន្រ្តីដែលធ្វើការងារពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងដែនដីជាខេត្ត ជាស្រុក ឬមន្រ្តីដទៃទៀត ដែលចូលទៅពាក់ព័ន្ធដើម្បបង្កើតជាស្ថានកាប់រានទន្ទ្រាន យកដីធ្លីនៅទីនោះប្រជាពលរដ្ឋក៏ដូចគ្នា យើងមិនអាចទទួលយកបានទេនូវការកាប់រានទន្ទ្រានដីព្រៃលិចទឹក នៃតំបន់ទន្លេសាបរបស់យើង ដូច្នេះដើម្បីការពារបឹងទន្លេសាបរបស់យើងដែលកំពុងរងគ្រោះស្រាប់ដោយការគោករាក់ និងការបាត់បង់ព្រៃឈើដោយការបំផ្លិចបំផ្លាញពីក្រុមជនអនាធិបតេយ្យ ទៅហើយនោះចាំបាច់មានវិធានការ»។

សម្តេចបានស្នើដល់ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំកម្លាំងដើម្បីចុះស្រាវជ្រាវរកមន្រ្តីណាខ្លះ ដែលមានការពាក់ព័ន្ធជាមួយនឹងការកាប់ទន្ទ្រានយកដីបឹងទន្លេសាបនេះ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសទាំងអស់។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យមន្រ្តីខិលខូចដែលពាក់ព័ន្ធនឹងការកាប់ទន្ទាននៅបឹងទន្លេសាបហើយចង់បានការរបន្ធូរបន្ថយទោស ត្រូវចូលសារភាពទោសកំហុសជាបន្ទាន់ ក្នុងករណីដែលមិនចេញសារភាពជាបន្ទាន់ទេសម្តេចបញ្ជាឱ្យក្រុមដែលចេញទៅអនុវត្តធ្វើការចាប់ខ្លួនតែម្តង សម្រាប់ផ្តន្ទាទោសតាមច្បាប់ហើយឈានទៅរឹបអូស មិនត្រឹមតែដីធ្លីនៅហ្នឹងកន្លែងទេ ទ្រព្យសម្បត្តិដែលគេទទួលបានពីបទល្មើសនេះនឹងត្រូវរឹបអូស។

អ្នកទាំងនេះ មិនសមធ្វើជាមន្រ្តីទៀតទេពួកគេដេកគុកប្រសើរជាធ្វើជាមន្រ្តី ហើយសូមកុំនិយាយថា ធ្វើការជូនបក្សជូនរដ្ឋយូហើយ បែរជារដ្ឋ និងគណបក្សមិនយោគយល់ យើងគ្មានការយោគយល់ណាសម្រាប់អំពើទុច្ចរិតបែបនេះ សម្រាប់មន្រ្តីរបស់យើងនោះទេ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×