កណ្តាល ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា កងកម្លាំងសមត្ថកិច្ច បានចុះត្រួតពិនិត្យសិប្បកម្មផលិតភេសជ្ជៈប៉ូវកម្លាំង B-Smart នៅឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាលនាពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ដោយសង្ស័យផលិតពុំបានអនុលោមត្រឹមត្រូវតាមច្បាប់កំណត់(រោងចក្រ) ហើយពុំមានអនាម័យត្រឹមត្រូវ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច សមត្ថកិច្ចជំនាញសហការជាមួយវិទ្យាស្ថានស្តង់ដាកម្ពុជា មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត និងនគរបាលសេដ្ឋកិច្ចខេត្តកណ្តាល និងក្រោមការសម្របសម្រួលនីតិវិធីពីលោកហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល។
លោក ម៉ាត់ យូសុះ នាយការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា បានឲ្យដឹងថាក្រោយចុះពិនិត្យជាក់ស្តែង បានឃើញថារោងចក្រខាងលើបានធ្វើការផលិតភេសជ្ជៈជាច្រើនប្រភេទដែលមានម៉ាកដូចជា B-Smart Grean Tea, Honey,Strawberry, Energy Drinkប៉ៃតង Energy Drinkខៀវដែល បានផលិតពុំអនុលោមត្រឹមត្រូវតាមការចុះបញ្ជីច.ប.ផ.នៅវិទ្យាស្ថានស្តង់ដាកម្ពុជានោះឡើយព្រមជាមួយទី តាំងពុំបានរៀបចំតាមបទដ្ឋានត្រឹមត្រូវនិងខ្វះអនាម័យថែមទៀតផង។ តែយ៉ាងណាក៏ដោយ សមត្ថកិច្ចពុំបានធ្វើការបិទរោងចក្រនោះឡើយគ្រាន់តែណែនាំឲ្យម្ចាស់សិប្បកម្មធ្វើឲ្យស្របតាមស្តង់ដានិងអនាម័យប៉ុណ្ណោះ។
លោក ម៉ាត់ យូសុះបានបន្ថែមថាយោងតាមការសម្របសម្រួលរបស់លោក ហេង ផេង ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាលបានតម្រូវឲ្យម្ចាស់រោងចក្រធ្វើការកែ តម្រូវឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនិងអនាម័យត្រឹមត្រូវ ព្រមទាំងតម្រូវឲ្យម្ចាស់ទីតាំងដែលមានឈ្មោះងន សុគន្ធ ទៅសាកសួរបំភ្លឺបន្ថែមនៅនាយកដ្ឋាននគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចដើម្បីបន្តតាមនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ