ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា, លោក បណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីឡាវទើបឡើងកាន់តំណែងថ្មី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៩ ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងពេលបំពេញទស្សនកិច្ចនេះ លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ និងសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងមានកិច្ចប្រជុំពិភាក្សាលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ បញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម។
លោកនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នឹងក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង, បន្ទាប់មក ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា លោក ផនខាំ វីផាវ៉ាន់ ជានាយករដ្ឋមន្រ្តីថ្មីរបស់ឡាវ ដែលឡើងកាន់តំណែងកាលពី ខែមីនា ឆ្នាំ២០២១, រីឯ លោក ថងលួន ស៊ីសូលីត ជាប្រធានាធិបតីឡាវ។ មុនកាន់តំណែងនេះ លោក ផនខាំ វីផាវ៉ាន់ ធ្លាប់កាន់តំណែងជាអនុប្រធានាធិបតីឡាវ ចាប់តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN







