Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហោ សេរីវឌ្ឍន៍ ៖ កម្ពុជាប្រឆាំងកូវីដ ១៩ មានបេសកកម្មចម្បង ៣ សម្រាប់ជួយសម្របសម្រួល និងអន្តរាគមន៍រវាងប្រជាពលរដ្ឋ និងស្ថាប័នមានសមត្ថកិច្ច ពាក់ព័ន្ធនឹងកូវីដ-១៩

ភ្នំពេញ ៖ កម្ពុជាប្រឆាំងកូវីដ១៩ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃពិធីជួបជុំក្រុមការងារស្ម័គ្រចិត្តកម្ពុជាប្រឆាំងកូវីដ១៩ ប្រចាំឆ្នាំ 2020-2021។ កម្ពុជាប្រឆាំងកូវីដ១៩ មានបេសកកម្មចម្បង ៣ គឺ: ១. ជាបណ្តាញសង្គមសម្រាប់ការផ្សព្វផ្សាយព័ត៌មាន និងអប់រំ, ២. ជាយន្តការសម្រាប់ជួយសម្របសម្រួល និងអន្តរាគមន៍រវាងប្រជាពលរដ្ឋ និងស្ថាប័នមានសមត្ថកិច្ច ពាក់ព័ន្ធនឹងកូវីដ-១៩, ៣. ជាវេទិកាមនុស្សធម៌តាមរយៈ មូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ។

កម្ពុជាប្រឆាំងកូវីដ១៩ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ និង អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា៖ ក្រុមការងារស្ម័គ្រចិត្តកម្ពុជាប្រឆាំងកូវីដ១៩ បានរៀបចំពិធីជួបជុំគ្នា ក្នុងគោលបំណងបង្ហាញនូវរបាយការណ៍ និងលទ្ធផលការងារ ឆ្នាំ 2020-2021 ប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតជាសកលកូវីដ-១៩ ក្រោមអធិបតីភាព លោក ហោ សេរីវឌ្ឍន៍ ស្ថាបនិក និងជាប្រធានកម្ពុជាប្រឆាំងកូវីដ១៩ មានការចូលរួមពីសមាជិក-សមាជិកាអ្នកស្ម័គ្រចិត្តនៅរាជធានីភ្នំពេញ នាវេលាព្រឹកថ្ងៃសៅរ៍ ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ តាមទម្រង់ជួបដោយផ្ទាល់ ដោយគោរពយ៉ាងត្រឹមត្រូវទៅនឹងក្បួនខ្នាតវេជ្ជសាស្ត្រ បង្ការការឆ្លងជំងឺកូវីដ-១៩ ដែលកំណត់ដោយក្រសួងសុខាភិបាល។

នៅពិធីជួបជុំនេះ លោក ហោ សេរីវឌ្ឍន៍ មានប្រសាសន៍បញ្ជាក់ពីសាវតាថា កម្ពុជាប្រឆាំងកូវីដ១៩ បានបង្កើតឡើងនៅខែមីនា ឆ្នាំ២០២០ ជាគ្រុប Telegram មានគោលបំណងចែករំលែក និងបញ្ជាក់ ព័ត៌មាន ចំណេះដឹង និងសារពាក់ព័ន្ធពីជម្ងឺកូវីដ-១៩។ ក្រោយមក ដោយមានសំណូមពរយ៉ាងច្រើនពីប្រជាពលរដ្ឋជាសមាជិកនៃគ្រុប ក៏បានស្នើសុំឲ្យរៀបចំជាមូលនិធិ ដើម្បីអាចចូលរួមជាថវិកាក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ដែលជាលទ្ធផល នៅខែមេសា ឆ្នាំ ២០២១ មូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ត្រូវបានបង្កើតឡើង។ មកដល់ពេលនេះ កម្ពុជាប្រឆាំងកូវីដ១៩ មានបេសកកម្មចម្បង ៣ គឺ: ១. ជាបណ្តាញសង្គមសម្រាប់ការផ្សព្វផ្សាយព័ត៌មាន និងអប់រំ, ២. ជាយន្តការសម្រាប់ជួយសម្របសម្រួល និងអន្តរាគមន៍រវាងប្រជាពលរដ្ឋ និងស្ថាប័នមានសមត្ថកិច្ច ពាក់ព័ន្ធនឹងកូវីដ-១៩, ៣. ជាវេទិកាមនុស្សធម៌តាមរយៈ មូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ។

ជាសមទ្ធផលកម្ពុជាប្រឆាំងកូវីដ១៩ ទទួលបានលទ្ធផលក្នុងឆ្នាំ២០២០-២០២១ ដូចខាងក្រោម៖
១. កៀគរការចូលរួមជាសមាជិកគ្រុប Telegram បានលើស 55555 នាក់,
២. សម្របសម្រួលប្រឹក្សាយោបល់ និងជួយអន្តរាគមន៍ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃពាក់ព័ន្ធនឹងកូវីដ-១៩ ដូចជាការធ្វើចត្តាឡីស័ក ការចាក់វ៉ាក់សាំង ការយកសំណាក ការយក និងដឹកអ្នកជំងឺកូវីដ១៩ ការចូលរួមចំណែកព្យាបាលជំងឺកូវីដ១៩ ។ល។ ជាប្រចាំរាល់ថ្ងៃ ដោយសហការជាមួយក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស ក្រសួងសុខាភិបាល ។
៣. មូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ បានកៀគរជំនួយឧបត្ថម្ភជាកញ្ចប់គ្រឿងឧបភោគ-បរិភោគជូនប្រជាពលរដ្ឋជាង 5000 គ្រួសារ, ថ្នាំពេទ្យ ជាង 7000 កញ្ចប់, និងបរិក្ខារពេទ្យ និងឧបករណ៍ មានតម្លៃជាង $100,000 ជូនដល់ស្ថាប័នប្រយុទ្ធប្រឆាំងកូវីដ-១៩ នានា។ ការឧបត្ថម្ភនេះគឺទទួលបានពី សប្បុរសជនជាតិ និងអន្តរជាតិ ដែលពេញចិត្តនឹងសកម្មភាពរបស់កម្ពុជាប្រឆាំងកូវីដ១៩ ហើយស្របតាមទិសស្លោក «ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» ។

កម្ពុជាប្រឆាំងកូវីដ១៩ សូមថ្លែងអំណរគុណយ៉ាងស្មោះសរក្រៃលែង ជូនចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា, មន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងសុខាភិបាល, ក្រសួងការពារជាតិ, បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ, អាជ្ញាធររាជធានី-ខេត្ត និងសមត្ថកិច្ចក្រោមឱវាទ, ក្រុមគ្រូពេទ្យអាវស, អ្នកស្ម័គ្រចិត្ត សមាគម និងអង្គការ ចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩នានា និងជាពិសេសសប្បុរសជនជាតិ និងអន្តរជាតិ ដែលទុកចិត្តនិងបានជួយទំនុកបំរ៉ុងដល់ក្រុមការងារស្ម័គ្រចិត្តកម្ពុជាប្រឆាំងកូវីដ-១៩ ដើម្បីបំពេញបេសកកម្មចម្បងទាំង ៣ របស់ខ្លួន ឲ្យមានលទ្ធផលជាទីមោទនៈសម្រាប់សមាជិករបស់យើងគ្រប់រូប ដែលជាវិភាគ ទានដ៏តូចមួយចូលជាមួយនឹងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើមបំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ។

ដោយឡែក យើងខ្ញុំសូមសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានជួយទ្រទ្រង់ទាំងការអន្តរាគមន៍ជួយប្រជាពលរដ្ឋពេលត្រូវការចាំបាច់, ថវិកា, សម្ភារៈ និងស្មារតី ដែលជាទុនដ៏សំខាន់បំផុតសម្រាប់បំពេញបេសកម្មរបស់កម្ពុជាប្រឆាំងកូវីដ១៩។ យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងអាណេក និងសូមវាយតម្លៃខ្ពស់ចំពោះការចូលរួមជានិច្ចកាលរបស់ លោកជំទាវ ឱ វណ្ណឌីន ក្នុងការឆ្លើយតបជាកិច្ចអន្តរាគមន៍ ជូនដំណឹង ចែករំលែកព័ត៌មាន ចំណេះដឹង និងដំណោះស្រាយជូនដល់ប្រជាពលរដ្ឋនៅក្នុងគ្រុបជាប្រចាំ ព្រមទាំងផ្តល់ឱកាសដល់កម្ពុជាប្រឆាំងកូវីដ១៩ ចូលរួមសកម្មភាពនានា ក្នុងស្មារតីបំពេញបេសកម្មស្នូលរបស់យើងសំដៅប្រយុទ្ធប្រឆាំងការរីករាលដាលជម្ងឺកូវីដ-១៩។

កម្ពុជាប្រឆាំងកូវីដ១៩ ជាអង្គការសង្គម កើតឡើងពីក្រុមប្រជាពលរដ្ឋកម្ពុជាស្ម័គ្រចិត្ត ធ្វើសកម្មភាពរួមចំណែកបម្រើប្រយោជន៍សុខភាពសាធារណៈ ដោយមិនប្រកាន់ជំនឿសាសនា និន្នាការនយោបាយ និងជាតិកំណើតដើម ។

កម្ពុជាប្រឆាំងកូវីដ១៩ មានសមាសភាពស្ម័គ្រចិត្តជាង ៥០ រូប ដែលជាថ្នាក់ដឹកនាំស្ថិតក្នុងក្រសួង-ស្ថាប័ន, មន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ម្ចាស់ភាគហ៊ុន ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន-អាជីវកម្មឯកជន, ថ្នាក់ដឹកនាំ និងមន្ត្រីអង្គការ-សមាគម, កងទ័ព, នគរបាល, គ្រូពេទ្យ និងអ្នកបម្រើក្នុងវិស័យសុខាភិបាល, និស្សិតសាកលវិទ្យាល័យនិងប្រជាជនសាមញ្ញទូទៅ។

កម្ពុជាប្រឆាំងកូវីដ១៩ បង្កើតឡើងដោយ លោក ហោ សេរីវឌ្ឍន៍ ដែលជាស្ថាបនិក និងជាប្រធានដឹកនាំប្រចាំថ្ងៃ ព្រមជាមួយនឹងសមាសភាពដឹកនាំរចនាសម្ព័ន្ធកម្ពុជាប្រឆាំងកូវីដ១៩ ដែលមាន៖
១. លោក តាំង សាមឿន – ប្រធានលេខាធិការដ្ឋាន
២. លោក តាំង ជុងលី – លេខាធិការអចិន្ត្រៃយ៍
៣. លោក ជា ច័ន្ទតារ៉ា – ប្រធានក្រុមរដ្ឋបាល និងហិរញ្ញវត្ថុ
៤. លោក ង៉ូវ បូរីណា – ប្រធានក្រុមប្រព័ន្ធផ្សព្វផ្សាយ
៥. លោក ចាប សុភ័គ – ប្រធានក្រុមសម្របសម្រួល និងអន្តរាគមន៍
៦. លោក ឈាវ ណារ៉ាត – ប្រធានក្រុមទំនាក់ទំនងសាធារណៈ
៧. អ្នកនាង ខៀវ សានសាណា – ទូតសុឆន្ទៈ។

យោងតាមរបាយការណ៍សង្ខេបការងារមនុស្សធម៌ កម្ពុជាប្រឆាំងកូវីដ១៩ លោកចាប សុភ័ក បានឲ្យដឹងថា កម្ពុជាប្រឆាំងកូវីដ១៩ បានទទួលនូវប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងដំណាក់កាល ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ ជាពិសេសការទាក់ទាញនូវក្រុមការងារស្ម័គ្រចិត្ត ក្នុងនាមជា សមាជិកAdminនៃក្រុម ក្នុងការជួយដល់បងប្អូនដែលមានទុក្ខលំបាក និងគ្រាអាសន្នទាក់ទងនឹងការរីករាលដាលនៃមេរោគកូវីដ១៩ ។

កម្មវិធីជួបជុំបងប្អូនក្រុមការងារកម្ពុជាប្រឆាំងកូវីដ១៩ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២១នេះ នៅភោជនីយដ្ឋាន យី សាង ។ របាយការណ៍សង្ខេបការងារមនុស្សធម៌ កម្ពុជាប្រឆាំងកូវីដ១៩ ដែលអានដោយលោកចាប សុភ័ក បានឲ្យដឹងថា ស្ថិតក្រោមបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល និងសាមគ្គីភាពផ្ទៃក្នុងលោកសូមសម្តែងនូវការស្វាគមន៍ និងសេចក្តីស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូនទាំងអស់ ដែលជាសមាជិក សមាជិកក្រុមការងារស្ម័គ្រចិត្តកម្ពុជាប្រឆាំងកូវីដ១៩ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងពិធីដ៏មានអត្ថន័យនេះ។

លោកចាប សុភ័ក ក៏សូមថ្លែងអំណរគុណចំពោះ លោក ហោ សេរីវឌ្ឍន៍ ស្ថាបនិកមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ដែលបានផ្តួចផ្តើមនូវកម្មវិធីនេះ ជួបជុំនេះឡើង ហើយដែលបានបង្កឳកាស ឲ្យបងប្អូនយើងទាំងអស់គ្នា អាចកសាងបន្ថែមទៀត នូវសាមគ្គីភាពផ្ទៃក្នុង កាន់តែមានភាពជិតស្និទ្ធ។

ឆ្លៀតឳកាសនេះ ដោយមានការអនុញ្ញាតពី លោកប្រធាន និងសមាជិកនៃអង្គពិធីទាំងមូល លោក សូមធ្វើការអាននូវរបាយការណ៍សង្ខេប ស្ដីពីសកម្មភាពមនុស្សធម៌ ដែលក្រុមការងារកម្ពុជាប្រឆាំងកូវីដ១៩ ដែលបានអនុវត្ត និងទទួលបាននូវសមិទ្ធផលដូចខាងក្រោម៖

ក្រុមបណ្តាញសង្គមតេឡេក្រាម ដែលមានឈ្មោះថា កម្ពុជាប្រឆាំងកូវីដ១៩ ត្រូវបានបង្កើតឡើង កាលពីដើមឆ្នាំ ២០២០ ដោយ លោក ហោ សេរីវឌ្ឍន៍ ក្នុងគោលបំណង ដើម្បីចែកចាយព័ត៌មាន ទាន់ហេតុការណ៍ និងការរីករាលដាលនៃមេរោគកូវីដ១៩ ជូនដល់សាធារណៈជនក្នុងស្រុក និង ក្រៅប្រទេសផងដែរ។

កម្ពុជាប្រឆាំងកូវីដ១៩ បានទទួលនូវប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងដំណាក់កាល ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ ជាពិសេសការទាក់ទាញនូវក្រុមការងារស្ម័គ្រចិត្ត ក្នុងនាមជា សមាជិកAdminនៃក្រុម ក្នុងការជួយដល់បងប្អូនដែលមានទុក្ខលំបាក និងគ្រាអាសន្នទាក់ទងនឹងការរីករាលដាលនៃមេរោគកូវីដ១៩ តាមរយៈការផ្តល់ប្រឹក្សាយោបល់ សម្របសម្រួល និងការជួយអន្តរគមន៍ និងការងារមួយចំនួនផ្សេងៗទៀតផងដែរ។ បន្ថែមពីនេះទៀត ជារៀងរាល់ថ្ងៃក្រុម ការងារ Admin ក៏នៅតែបន្តជួយដោះស្រាយ នូវបញ្ហាប្រឈមជូនបងប្អូនប្រជាពលរដ្ឋ រួមមាន ការចាក់វ៉ាក់សាំង ការធ្វើចត្តាឡីស័ក, ការយកសំណាក, ការទៅយក និងដឹកអ្នកជំងឺកូរីដ១៩ ការ ព្យាបាលជំងឺកូវីដ១៩ និងបញ្ហាផ្សេងៗ។

នៅក្នុងខែមេសា ឆ្នាំ២០២១ ក្រុមការងារកម្ពុជាប្រឆាំងកូវីដ១៩ បានផ្តួចផ្តើមបង្កើតនូវមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ដោយយោងតាមការលើកទឹកចិត្ត និងសំណើរជាច្រើនពីមហាជនសាធារណៈជន ដើម្បីប្រើប្រាស់ជាកន្លែងសម្រាប់ពួកគាត់ អាចមានលទ្ធភាពចូលរួមជាថវិកា ឬជាស្បៀង អាហារ គ្រឿងបរិក្ខារ និងគ្រឿងឧបភោគបរិភោគ ដោយបន្តឲ្យមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ អាចបន្តជួយដល់ប្រជាជនដែលរងប៉ះពាល់ដោយការបិទខ្ទប់ និងការរីករាលដាលនៃមេរោគកូវីដ-១៩ នៅទូទាំងប្រទេស។

បច្ចុប្បន្ននេះមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ មានសមាជិកកើនឡើងជាបន្តជាប់ រហូតដល់ជិត ប្រាំមួយម៉ឺននាក់ , កន្លងមកនេះ ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត មូលនិធិយើងទាំងអស់គ្នា បានទទួលនូវការឧបត្ថម្ភ ជាអង្ករចំនួន ២៧.៥តោន ផងដែរ។ ជាងនេះទៀត មូលនិធិ ក៏បានទទួលនូវការចូលរួមជាថវិកា និងសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ពីសប្បុរស ជន គ្រប់មជ្ឈដ្ឋាន។

តាមរយៈអំណោយដ៏ថ្លៃថ្លាទាំងនេះ និងការសហការជាមួយអង្គការ និងសមាគមន៍មួយចំនួន ក្រុម ការងារមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ មានលទ្ធភាពធ្វើការចុះចែកអំណោយជាស្បៀង និងគ្រឿង ឧបភោគបរិភោគ ជូនដល់ប្រជាជនរងគ្រោះ បានជាង ៥,០០០ គ្រួសារ រួមទាំងនៅក្នុងរាជធានី ភ្នំពេញ និងបណ្តាខេត្តមួយចំនួន ដោយក្នុងនោះបានប្រើប្រាស់ក្នុងការទិញជាអង្ករ, ទឹកត្រី/ទឹកស៊ី អ៊ីវ,មី, ត្រីខ, អាល់កុល, ប្រេងម៉ាស៊ូត, ជែលលាងដៃ និងអាហារឧបត្ថម្ភប្រចាំថ្ងៃជូនដល់ក្រុមគ្រូ ពេទ្យស្ម័គ្រចិត្ត និងគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានបំពេញការងារនៅក្នុងយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនបបប្អូនប្រជាពលរដ្ឋ និងកុមារដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់១៨ឆ្នាំ។

ជាងនេះទៀត មូលនិធិក៏បានធ្វើការប្រគល់ជូននូវរបាំងការពារសុវត្ថិភាព សម្រាប់ការពារហានិ ភ័យដែលអាចឆ្លងដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់ ពេលប្រាស្រ័យជិតអ្នកមកទទួលការចាក់វ៉ាក់សាំង ក្នុងប្រតិបត្តិការយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងស្ម័គ្រចិត្តទូទាំងប្រទេស ក្នុងនោះបានប្រគល់ជូន ក្រុម
គ្រូពេទ្យTYDA កងពល ង៧០ . ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចពិជ័យសេនា ទៀ បាញ់ ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជា-ចិន និងសម្ព័ន្ធគ្រូពេទ្យស.ស.យ.កផងដែរ។

ថ្មីៗនេះ ក្រោមកិច្ចសហការជាមួយ សមាគមនិកាយ សាសនាចក្រព្រះយេស៊ូគ្រិះនៃពួកបរិសុទ្ធថ្ល ចុងក្រោយ បានសម្រេចជួយឧបត្ថម្ភជាគ្រឿងបរិក្ខារពេទ្យ ដើម្បីជួយសម្រួលដល់ការងារជួយពនិត្យ ជំងឺដល់ប្រជាជនក្រីក្រ ជូនដល់មន្ទីពេទ្យបង្អែកចតុមុខ រាជធានីភ្នំពេញ ដែលមានតម្លៃសរុបជិត ១០ម៉ឺន ដុល្លារអាមេរិក។

ជាថ្មីម្តងទៀត លោកសូមធ្វើការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត ប្រកបដោយកាយវិការស្ម័គ្រចិត្ត និងបេះដូងមនុស្សធម៌ ក្នុងការចូលរួមចំណែកពីសំណាក់បងប្អូនដែលជា សប្បុរសជនទាំងអស់ ជាពិសេសការចូលរួមចំណែកជាថវិកា និងកម្លាំងចិត្ត ព្រមទាំងកម្លាំងកាយ ដើម្បី បុព្វហេតុការងារមនុស្សធម៌ នៃកម្ពុជាប្រឆាំងកូវីដ១៩៕រក្សាសិទ្ធិដោយ ៖ កូលាប

×