ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា គិតរហូតមកដល់ពេលនេះ អង្គភាពស៊ីម៉ាក់បានកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម បានជាង២លាន៧សែនគ្រាប់ ហើយប្រជាជន និងរដ្ឋាភិបាលជប៉ុន ជាដៃគូយ៉ាងសំខាន់ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពកំចាត់មីន។
នៅថ្ងៃសុក្រទី២០ ខែមេសា ឆ្នាំ២០១៨នេះ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានទទួលស្វាគមន៍គណៈប្រតិភូក្រសួងការបរទេសជប៉ុន ស្ថានទូតជប៉ុន និងភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន ដើម្បីពិនិត្យវាយតំលៃលើវឌ្ឍនភាព នៃការអនុវត្តគំរោងជំនួយជប៉ុន ផ្តល់ជូនរាជរដ្ឋាភិបាលគាំទ្រដល់សកម្មភាព របស់អង្គភាពស៊ីម៉ាក់។
លោកអគ្គនាយកស៊ីម៉ាក់ បានថ្លែងថា យើងបានវាយតម្លៃខ្ពស់ ដល់ការចូលរួមកសាងសុខសុវត្ថិភាព ដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម ក្រោយសង្គ្រាមត្រូវបានបញ្ចប់។ អង្គភាពស៊ីម៉ាក់បានកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម បានជាង២លាន៧សែនគ្រាប់។ ប្រជាជន និងរដ្ឋាភិបាលជប៉ុន ជាដៃគូរយ៉ាងសំខាន់ ក្នុងការគាំទ្ររាជរដ្ឋាភិបាល ក្នុងសកម្មភាពកម្ចាត់មីននេះ។ ជាមួយផែនការយុទ្ធសាស្ត្រច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាល ធ្វើឱ្យភាគីជប៉ុន អាចជួយគាំទ្របានយ៉ាងពេញទំហឹង។ លោកបានលើកឡើងថា “ខ្ញុំនឹងជួបភ្ញៀវនៅចំការមីនផ្ទាល់តែម្តង ដើម្បីស្វែងយល់កាន់តែច្បាស់ថែមទៀត នូវតម្រូវការ និងសំណូមពរ របស់ប្រជាពលរដ្ឋ”។
លោកបានបន្តថា ការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម នៅច្រើននៅឡើយ។ សំរាមជាគ្រាប់គ្រប់ប្រភេទ សល់ពីសង្គ្រាមជាង៣០ឆ្នាំ ប្រាកដណាស់ត្រូវការពេលសំអាត ច្រើនឆ្នាំ ទើបអាចធ្វើឱ្យទឹកដីកម្ពុជា ទាំងមូល មានសុខសុវតិ្ថភាព និងស្រស់បំព្រងឡើងវិញ៕ ដោយ៖បញ្ញាស័ក្តិ