ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ជនជាប់ចោទ ជនជាតិចិនតៃវ៉ាន់ម្នាក់ ដែលត្រូវបានតុលាការជាន់ទាប កាត់ទោស ដាក់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធការជួញដូរ ប្រព្រឹត្តនៅផ្ទះសំណាក់សំណាងល្អ ផ្លូវ ៣០៤ ស្ថិតនៅក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ និងនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ២០១៣។

សវនាការនេះ ដឹកនាំដោយ លោកចៅក្រម ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមជំនុំ និង មានលោកព្រះរាជអាជ្ញារង ប៊ូ ប៊ុនហាង គឺជាតំណាងមហាអយ្យការអមសាលាកំពូល ព្រមទាំងមានវត្តមាន របស់ជនជាប់ចោទ និង មេធាវីការពារក្តីជនជាប់ចោទ ចូលរួមផងដែរ។
លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទជនជាតិចិនមានឈ្មោះ លី គីងស៊ាង ភេទ ប្រុស អាយុ កើតឆ្នាំ ១៩៦២ ជនជាតិ ចិនតៃវ៉ាន។
ជនជាប់ចោទ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៤ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ៨០ លានរៀល,សម្រាប់ដាក់ចូលក្នុងថវិកាជាតិ។

តែគាត់ប្តឹងឧទ្ធរណ៍ ខណៈដែលសាលាឧទ្ធរណ៍ បានតម្កល់ទោសគាត់ រក្សាទុកនៅដដែល។ គាត់ ក៏ បន្តប្តឹងសារទុក្ខមកតុលាការកំពូលទៀត។
ជនជាប់ចោទត្រូវ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៣។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានគ្រឿងញៀន ប្រភេទម៉ាទឹកកក ១៦០០, ៦៥ ក្រាម។
សំណុំរឿងក្តីនេះ, តុលាការកំពូលនឹងប្រកាសសាលដីកា នៅពេលថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

