ភ្នំពេញ ៖ នគរបាលខណ្ឌកំបូល បានឃាត់ជនសង្ស័យម្នាក់ករណី រំលោភសេពសន្ថវៈ និងប្រព្រឹត្តអំពើលួច លើនារីម្នាក់។ នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានស្គាល់គ្នា ជាមួយជនសង្ស័យតាមFacebook ហើយបានណាត់ជួបគ្នា រួចនាំគ្នាទៅលេងកោះពេជ្រ បាននាំគ្នាផឹកស៊ី ក្រោយពីត្រឡប់មកវិញ ជនសង្ស័យមិនបានដឹកជនរងគ្រោះទៅផ្ទះវិញទេ បានដឹកជនរងគ្រោះ មកទីកន្លែងស្ងាត់ ចំណុចដីវាលក៏បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ និងប្រព្រឹត្តអំពើលួចយកទូរស័ព្ទរបស់ជនរងគ្រោះ។ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

អធិការដ្ឋាននគរបាលខណ្ឌកំបូល បានឲ្យដឹងថា ករណីរំលោភសេពសន្ថវៈ និងប្រព្រឹត្តអំពើលួច (ទូរស័ព្ទ និងលុយ) កាលពីវេលាម៉ោង២៤និង០០នាទី ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានឲ្យលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍ ធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ៖ ជនសង្ស័យឈ្មោះ ផេង ភក្តី ហៅ និចហ្សីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)។

ជនរងគ្រោះឈ្មោះ ស.ស.អ ភេទស្រី អាយុ២២ឆ្នាំ មុខរបរម៉ាស្សា កោសជប់ មានទីលំនៅបច្ចុប្បន្នភូមិគោកឃ្លាង សង្តាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អធិការដ្ឋាននគរបាលខណ្ឌកំបូល បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានស្គាល់គ្នាជាមួយជនសង្ស័យតាមFacebook អ្នកទាំងពីរបានណាត់ជួបគ្នានៅម្តុំសួនកុមារមុខផ្សារស៊ីនជូរី រួចនាំគ្នាទៅលេងកោះពេជ្រ បាននាំគ្នាផឹកស៊ីនៅទីនោះ ក្រោយពីត្រឡប់មកវិញជនសង្ស័យមិនបានដឹកជនរងគ្រោះទៅផ្ទះវិញទេ បានដឹកជនរងគ្រោះមកទីកន្លែងស្ងាត់ ចំនុចដីវាលក៏បានធ្វើសកម្មភាពតែម្ដង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ កូលាប




