Sunday, March 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសការបំផ្លាញដីព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចុះទៅស្រាវជ្រាវ និងបង្ក្រាបបទល្មើសការកាប់ទន្ទ្រានព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានធ្វើដំណើរទៅដល់ខេត្តកំពង់ឆ្នាំង និងបានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រុមការងារចុះជួយខេត្ត អភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ រួចហើយបន្តដំណើរចុះទៅពិនិត្យផ្ទាល់ នៅតំបន់ព្រៃលិចទឹក ដើម្បីដាក់ចេញផែនការ និងវិធានការឲ្យអាជ្ញាធរ និងកងកម្លាំងបង្ក្រាបឲ្យខាងតែបានចំពោះបទល្មើសមួយនេះ។

ក្រោយបញ្ចប់ការចុះត្រួតពិនិត្យនៅខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អមដំណើរដោយរដ្ឋមន្រ្តីមួយចំនួន ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត បានធ្វើដំណើរទៅដល់ខេត្តកំពង់ធំ ដើម្បីចុះស្រាវជ្រាវបន្តទៀតចំពោះបទល្មើសនេះ។

សូមរលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។

នាព្រឹកថ្ងៃចន្ទទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីវិធានការបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប បន្ទាប់មក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី គណៈប្រតិភូអន្តរក្រសួង និងមន្រ្តីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងដីជាក់ស្តែងស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៕ រក្សាសិទ្ធិដោយ ៖ កូលាប

×