ខេត្តព្រះសីហនុ ៖ មហាសន្និបាតសមុទ្រអាស៊ីបូព៌ា លើកទី៧ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១ ដល់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ឆាប់ៗនេះ ក្រសួងបរិស្ថាន សហការជាមួយ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំដំណើរទស្សនកិច្ចសារព័ត៌មានមួយក្រុម ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅលើទឹកដី ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននៅខេត្តជាប់មាត់សមុទ្រមួយនេះ ក៏ដូចជាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ធនធានធម្មជាតិ និងជីវៈចម្រុះនៅតំបន់សមុទ្រ និងចូលរួមយកព័ត៌មាននៅក្នុងមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ដែលរាជរដ្ឋាភិបាលកម្ពុជា ជ្រើសរើសខេត្តព្រះសីហនុ ធ្វើជាម្ចាស់ផ្ទះរៀបចំពិធីនេះផងដែរ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានដឹងថា ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាននេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញឱ្យសាធារណជនបានឃើញពីភាពជាអ្នកដឹកនាំរបស់កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលកម្ពុជាមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំ និងការដឹកនាំមហាសន្និបាតអន្តរជាតិ និងបានឃើញពីវឌ្ឍនភាព ព្រមទាំងសមិទ្ធផលនៃការអភិវឌ្ឍ និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា បង្ហាញពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ជាពិសេស ខេត្តព្រះសីហនុ ដែល រាជរដ្ឋាភិបាលកម្ពុជាបានប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ហើយកម្ពុជាបានជ្រើសរើសយកខេត្តព្រះសីហនុ ជាទីកន្លែង ដើម្បីប្រារព្ធមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងកិច្ចប្រជុំពាក់ព័ន្ធដែលគ្រោងធ្វើនាថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១។

លោក នេត្រ ភក្ត្រា បានថ្លែងថា មហាសន្និបាតសមុទ្រឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «បង្កើតទសវត្សថ្មីនៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច»។ អ្នកសារព័ត៌មានសរុបចំនួន ៣០រូប មកពី ១៦ស្ថាប័នព័ត៌មាននៅកម្ពុជា បានចូលរួមក្នុងដំណើរទស្សនកិច្ចសារព័ត៌មានរយៈពេល ៥ថ្ងៃនេះ ដើម្បីបង្កើនការផ្សព្វផ្សាយអំពីសក្ដានុពល ដែលរំលេចក្នុងមហាសន្និបាតសមុទ្រអាស៊ីបូព៌ានេះ។
ក្រុមអ្នកសារព័ត៌មាននឹងមានឱកាសស្វែងយល់បន្ថែម ពីសក្តានុពលទេសចរណ៍ សក្តានុពលសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធដែលខេត្តព្រះសីហនុមាន ព្រមទាំងធ្វើទស្សនកិច្ច នៅតាមទីតាំងនានាដូចជាបណ្តោយឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខេត្តព្រះសីហនុ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែដែលរាជរដ្ឋាភិបាលបានសាងសង់សម្រាប់ធ្វើទំនើបកម្មខេត្តព្រះសីហនុ ទីតាំងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដែលមានតួនាទីសម្អាតសំណល់រាវទឹកកខ្វក់ក្រុងព្រះសីហនុ, ការគ្រប់គ្រងទីលានចាក់សំរាម សំណល់រឹង និងការអភិរក្សឆ្នេរសមុទ្រកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN





















