Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឯម ច័ន្ទមករា ជំរុញដល់ស្ថាប័នរដ្ឋ និងឯកជនរួមគ្នាលុបបំបាត់ របាំងដែលបង្កការលំបាក ដល់ជនមានពិការភាព

ភ្នំពេញ ៖​ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងថា កន្លងមកជនមានពិការភាពតែជួបប្រទះ នូវឧបសគ្គជាច្រើនជាពិសេស គឺកត្តាហេដ្ឋារចនាសម្ព័ន្ធដែលមិនបានបង្កលក្ខណៈងាយស្រួល មិនមានផាសុកវត្ថុ ដែលជនពិការមិនអាចចេញចូល ចុះឡើង និងប្រើប្រាស់បាននៅតាមទីសាធារណៈផ្សេងៗ ជាពិសេសអាគារឬទីតាំងដែលប្រជាពលរដ្ឋឧស្សាហ៍ទៅទទួលយកសេវាសាធារណៈ ដោយជំរុញដល់ក្រសួងស្ថាប័នរដ្ឋនិងឯកជនទាំងអស់ គិតគូរឡើងវិញដើម្បីលុបបំបាត់របាំងដែលរារាំងដល់ជនមានពិការភាពទាំងនេះ។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពី«បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព» នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ ឯកឧត្តម ឯម ច័ន្ទមករា បានស្នើដល់ ក្រសួងមហាផ្ទៃ ក្រសួងដែនដី សាលារាជធានីភ្នំពេញ ក្រសួងសាធារណៈការ គណស្ថាបត្យករនិងគណៈវិស្វករ សមាគមរោងចក្រកាត់ដេរទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់និងសាងសង់ថ្មីឱ្យមានលក្ខខន្តអំណោយផលដល់ជនមានពិការភាព ដោយគិតគូរពីជម្រាលសម្រាប់ជនពិការ ជណ្ដើរយន្ត បន្ទប់ទឹក កន្លែងរង់ចាំ ចំណតនិងផ្លូវសម្រាប់ជនមានពិការភាពប្រើប្រាស់ និងការសម្របសម្រួលឱ្យជនមានពិការភាពប្រឡងនិងទទួលបណ្ណបើកបរដូចពលរដ្ឋទូទៅ។

ឯកឧត្តម ប្រកាសស្វាគមន៍ជានិច្ចនៅពេលមានការស្នើសុំបើកវគ្គបណ្ដុះបណ្ដាល ឬកសាងសមត្ថភាពដល់រោងចក្រកាត់ដេរ រោងចក្រស្បែកជើង ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្តុអំពីបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពក្នុងស្ថាប័នទាំងនេះ។

ឯកឧត្តម បន្តថា៖ «បច្ចុប្បន្នតាមការសង្កេតឃើញចំពោះហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឬឯកជនដែលកំពុងកសាងថ្មីមានការរៀបចំផាសុកវត្ថុច្រើនបើទោះបីមិនទាន់ត្រឹមត្រូវតាមខ្នាតស្តង់ដា តែយ៉ាងហោចណាស់គឺបានបង្កលក្ខណៈងាយស្រួល បានមួយកម្រិតសម្រាប់ជនមានពិការភាព ឬ មនុស្សចាស់ ស្រ្តី កុមារដែលប្រើប្រាស់រទេះរុញ។ ប៉ុន្តែអ្វីដែលនៅតែជាក្តីបារម្ភគឺសំណង់អគារហេដ្ឋារចនាសម្ព័ន្ធចាស់ៗ ដែលសាងសង់មិនបានគិតគូដល់ជនមានពិការភាព ទាំងបរិវេណទីតាំងខាងក្រៅក៏ដូចជាបរិក្ខាដែលបំពាក់នៅខាងក្នុងបន្ទប់ នៃអគារគ្រប់ប្រភេទដែលនាំឱ្យនៅតែជាឧបសគ្គក្នុងការចេញចូល ចុះឡើង និងប្រើប្រាស់ដូចជាគ្មានឬមានជម្រាលចោតពេក គ្មានឬមានចំណតសមស្រប ទ្វារពិបាកបិទបើក គ្មានឬមានជណ្តើរយោងទំហំមិនសមស្របដើម្បីឡើង ទៅជាន់ខាងលើនៃអគារខ្ពស់ៗ ទ្វារចេញចូលតូចចង្អៀតចេញចូលរទេះរុញមិនបាន។ល។»

កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តាមរយៈអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានដាក់ឱ្យប្រើប្រាស់ «បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព» ដែលណែនាំពីការសាងសង់ផ្លូវនិងច្រកចេញចូល ការរៀបចំណតយានយន្ត ការណែនាំពីប្រភេទអគារ និងច្រកចេញចូលអាគារ ការបំពាកបរិក្ខាគាំទ្រក្នុងអគារ និងបរិក្ខាអនាម័យ ដែលសំដៅធ្វើយ៉ាងណាឱ្យមានការផ្សាភ្ជាប់ រវាងវិស័យសំណង់និងវិស័យពិការភាព។

គួរបញ្ជាក់ផងដែរថា ជនមានពិការភាពនៅកម្ពុជា មានចំនួនជិត៧០ម៉ឺននាក់៕រក្សាសិទ្ធិដោយ ៖ កូលាប

×