Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតត្រឹមខែតុលា ឆ្នាំ២០២១ វិនិយោគចិន បានបណ្តាក់ទុន សរុបប្រមាណជាង ២៧ ប៊ីលានដុល្លារ

ភ្នំពេញ ៖ ឯកឧត្តម សុខ ចិន្តាសោភា បានថ្លែងថា តាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងអំឡុងឆ្នាំ ១៩៩២-២០២០ សាធារណរដ្ឋប្រជាមានិតចិន បានបើកផ្តល់ហិរញ្ញប្បទានមកកម្ពុជាសរុប ប្រមាណ ៤.៦៥៥លានដុល្លារអាមេរិក ខណៈដែលវិនិយោគចិន បានបណ្តាក់ទុនសរុបប្រមាណជាង ២៧ប៊ីលានដុល្លារអាមេរិក គិតត្រឹមខែតុលា ឆ្នាំ២០២១។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមកិច្ចសហការរបស់ការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា និងសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូ ជូនវិនិយោគិននិងធុរជនចិននៅកម្ពុជា និងនៅក្រៅប្រទេស ដែលមានអ្នកចូលរួមចំនួនប្រមាណ ៣០០នាក់នៅរសៀលថ្ងៃចន្ទ ១ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។

សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានវត្តមានចូលរួមថ្លែងសុន្ទរកថាពីសំណាក់ ឯកឧត្តម វ៉ាង វិនធៀន (WANG Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា, លោក អ៊ូ គ័រ ឈៀន (Wu Guoquan) ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំប្រទេសកម្ពុជា, លោក លីន សីលាំង (Lin Shiqiang) ប្រធានធនាគារ អាយ ស៊ី ប៊ី ស៊ី សាខាភ្នំពេញ, និង លោក ហ្វាន ទីហ័រ (Fan Dehua) អ្នកគ្រប់គ្រងទូទៅនៃតំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជី។

ក្នុងសុន្ទរកថាបើក ឯកឧត្តម សុខ ចិន្តាសោភា បានលើកឡើងពីទំនាក់ទំនងដ៍ល្អប្រសើរ រវាងប្រទេសទាំងពីរដែលមានតាំងពីយូរលង់មកហើយ និងត្រូវបានពួនជ្រុំដោយ ព្រះករុណា ព្រះ វររាជបិតា នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិននាសម័យនោះ និងត្រូវបាន លើកកម្ពស់ដោយ សម្តេចតេជោនាយករដ្ឋមនិងថ្នាក់ដឹកនាំចិនជាបន្តបន្ទាប់ រហូតសម្រេចបានកម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១០។ ទំនាក់ទំនងការទូតដ៏ល្អ ប្រសើរនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងរឹងមាំ ដោយចិនបានក្លាយជាដៃគូ ពាណិជ្ជកម្ម ប្រភពទុនវិនិយោគនិងទេសចរធំជាងគេរបស់កម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងវិនិយោគិនចិនដែល បានចូលរួមក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ជាក់ស្ដែង តាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងអំឡុងឆ្នាំ ១៩៩២-២០២០ សាធារណរដ្ឋប្រជាមានិតចិនបានបើកផ្តល់ហិរញ្ញប្បទានមកកម្ពុជាសរុប ប្រមាណ ៤.៦៥៥លានដុល្លារអាមេរិក ខណៈដែលវិនិយោគចិនបានបណ្តាក់ទុនសរុបប្រមាណជាង ២៧ប៊ីលានដុល្លារអាមេរិក គិតត្រឹមខែតុលា ឆ្នាំ២០២១។
ឯកឧត្តមបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិនដែលបានផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺ,កូវីដ-១៩ ដល់កម្ពុជា ដែលធ្វើឱ្យកម្ពុជាក្លាយជា ប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ និងអាចបើកដំណើរការសេដ្ឋកិច្ចឡើងវិញបានយ៉ាងឆាប់រហ័ស។ ពាក់ព័ន្ធនឹងច្បាប់វិនិយោតថ្មីនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានជម្រាបជូនអង្គសិក្ខាសាលាថា ច្បាប់នេះត្រូវបានតាក់តែងឡើងស្របតាមការចង្អុលបង្ហាញរបស់ គោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយនិង សេដ្ឋកិច្ច បដិវត្តន៍ឧស្សាហកម្ម៤. ០ បរិវត្តកម្មឌីជីថល និងការរអាក់រអួលនៃខ្សែច្រវាក់តម្លៃសាកល ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ សំដៅច្បាមយកកាលានុវត្តភាពជាអតិបរមាពី និម្មាបនកម្មសេដ្ឋកិច្ចក្នុងតំបន់ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស ដួចជាទាញយកផលប្រយោជន៍ពីកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគីនានា រួមទាំងពាណិជ្ជកម្មសេរីកម្ពុជា-ចិនដែលនឹងចូល ជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ ឯកឧត្តម បានបន្ថែមទៀតថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិ ការវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់នៃ សាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាបន្តបន្ទាប់ និង ចុងក្រោយនេះ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការធ្វើឱ្យប្រសើរឡើងនូវ កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។

ក្នុងន័យនេះ ឯកឧត្តមមានសុទិដ្ឋិនិយមថាតាមរយៈសិក្ខាសាលានាថ្ងៃនេះ វិនិយោគិនចិនបានយល់ កាន់តែច្បាស់និងស៊ីជម្រៅពីច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងសម្រេចចិត្តបណ្តាក់ទុនវិនិ យោគនៅកម្ពុជាបន្ថែមទៀត។ ឯកឧត្តម បានអញ្ជើញវិនិយោគិនចិនដែលនៅក្រៅប្រទេសមកធ្វើទស្សន កិច្ចសិក្សានៅកម្ពុជា ស្របពេលដែលកម្ពុជាបានលើកលែងការធ្វើចត្តាឡីស័កដល់អ្នកដំណើរដែលបាន ចាក់វ៉ាក់សាំងដួសមូលដ្ឋានរួច។

មានមតិក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តម វ៉ាង វិនធៀន បានសម្តែងនូវអំណរសាទរ និងការវាយ តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធដែល បានតាក់តែងច្បាប់ស្តីពីវិនិយោគនេះឡើង។
ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងល្អរវាងចិននិងកម្ពុជា មានតាំងពីយូរលង់ណាស់មកហើយ ជាពិសេស ឆ្លងកាត់នូវការរាតត្បាតនៃជំងឺកូវីដ-១៩ ទំនាក់ទំនង រវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធថែមមួយកម្រិតទៀត។ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ថ្នាក់ដឹកនាំ និងការខិតខំរបស់ប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងទ្វេភាគីបានឈានដល់កម្រិតល្អបំផុតជាប្រវត្តិសាស្ត្រ ហើយកម្ពុជាបានក្លាយជាទិសដៅវិនិយោគដ៏សំខាន់របស់ប្រទេសចិន។

ឯកឧត្តមសង្ឃឹមថា ជាមួយនឹងការដាក់ចេញនូវច្បាប់ស្តីពីវិនិយោគ ការបន្តអនុវត្តគំនិតផ្តួចផ្តើម ផ្លូវមួយខ្សែក្រវាត់មួយ និងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចសហប្រតិបត្តិការ វិនិយោគកម្ពុជា-ចិននឹងទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរជាក់ជាមិនខាន៕ រក្សាសិទ្ធិដោយ ៖ កូលាប

×