Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅខេត្តព្រះសីហនុថ្ងៃទី២ធ្នូ ៖ ប្រធានមន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ ស្លន់ស្លោររឿងចេញប្លង់រឹង គ្របលើដីរដ្ឋតំបន់ការពារ នៃព្រៃកោងកាងជាង៣០ ហិកតា

ភ្នំពេញ ៖ ខណៈដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ បានធ្វើឲ្យលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ កំពុងតែស្លន់ស្លោររឿងបានចេញប្លង់រឹងឱ្យទៅបុគ្គលឈ្មោះ មាស សូលឡុង គ្របលើដីរដ្ឋតំបន់ការពារនៃព្រៃកោងកាង ចំនួន ៧ បណ្ណ ស្មើនឹងទំហំដីជាង៣០ ហិកតា ដែលមានទីតាំង ស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


ហើយក៏មានមន្ត្រីដដែលៗនៅក្រសួងមួយបានអន្តរាគមន៍ទៅបណ្តាញសារព័ត៌មានមួយចំនួនដើម្បីកុំឲ្យផ្សព្វផ្សាយរឿងដ៏រសើបមួយនេះ។
ពាក់ព័ន្ធរឿងនេះ ប្រជានេសាទ និងគណៈកម្មការ សហគមន៍នេសាទ ព្រៃនប់២ បានសម្តែងការព្រួយបារម្ភ ចំពោះការបាត់បង់ព្រៃកោងកាង ដែលជាជម្រកជីវៈចម្រុះ សម្រាប់ប្រជានេសាទ អាស្រ័យផល ហើយពួកគាត់ស្នើសុំឱ្យ អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ ជួយទប់ស្កាត់បទល្មើ សកាប់បំផ្លាញព្រៃកោងកាង នេះតទៅទៀត ដើម្បីទុកលទ្ធ ភាពឲ្យពលរដ្ឋក្រីក្រ រកស៊ីទទួលទាន ចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ប្រជាពលរដ្ឋក៏បានទទូចស្នើសុំឲ្យសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដកហូត ឬលុបចោលបណ្ណកម្មសិទ្ធិ គ្របលើដីព្រៃកោងកាង របស់សហគមន៍ នេសាទព្រៃនប់២ ហើយសំណូមពរ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ពិនិត្យមើលភាពមិនប្រក្រតី នៃការលួចចេញប្លង់រឹង ទាំង ៧ បណ្ណ គ្របលើដីព្រៃកោងកាង ដែលឈានទៅការបំផ្លាញបរិស្ថាន នៃជីវៈចម្រុះ ធនធានធម្មជាតិដ៏កម្រ។

ការស្នើរបស់ប្រជាពលរដ្ឋ បានធ្វើឡើង បន្ទាប់ពីលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ បានចេញប្លង់រឹង ឱ្យទៅបុគ្គលឈ្មោះ មាស សូលឡុង គ្របលើដីរដ្ឋ តំបន់ការពារនៃព្រៃកោងកាង ចំនួន ៧ បណ្ណ ស្មើនឹងទំហំដីជាង៣០ ហិកតា ដែលមានទីតាំង ស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ប៉ុន្តែការកសាងវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ មិនមានអនុក្រឹត្យ កាត់ចេញពីគម្រប ព្រៃឈើ ២០០២ ដីព្រៃកោងកាង ដើម្បីធ្វើអនុបយោគ ជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្ម ជាកម្មសិទ្ធិ ជូនប្រជាពលរដ្ឋឡើយ ។

ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញលិខិត លេខ៦១៦ សជណ.កស កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ បានជម្រាបជូន រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងរដ្ឋមន្ត្រីក្រសួងកសិកម្មថាៈ « ករណីរបាយការណ៍ ស្ដីពីស្ថានភាពព្រៃកោងកាង តាមតំបន់ឆ្នេរ នៃប្រទេសកម្ពុជា រាជរដ្ឋាភិបាល ជូនឯកឧត្ដម ជា សុផារ៉ា ផ្ដល់មតិសំខាន់ លើចំណុចទី២ «និរាករណ៍ ឬដកហូតបណ្ណកម្ម សិទ្ធិកាន់កាប់អចលនវត្ថុ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងលិខិតបញ្ជាក់ការកាន់កាប់ដី របស់មន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរដែនដី នៃខែត្រទាំង៤ (ខែត្រកំពត ខែត្រកែប ខែត្រព្រះសីហនុ និង ខែត្រកោះកុង) ដែលមានការពាក់ព័ន្ធដីព្រៃកោងកាង»។

ចំណែករដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានចេញលិខិត បង្គាប់ការ ដែលមានប្រធាន អនុប្រធាន និងសមាជិក យ៉ាងតិច ១២ នាក់ មកពីគ្រប់មន្ទីរជំនាញ ដឹកនាំដោយលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ជាប្រធាន ដើម្បីចុះពិនិត្យ វាយតម្លៃ និងកំណត់អត្តសញ្ញាណដី មានទីតាំង ភូមិនិងឃុំ ខាងលើ តាមការស្នើសុំធ្វើ អាជីវកម្មពីឈ្មោះ មាស សូលឡុង។ ក៍ប៉ុន្តែពួកគេបំភ្លេច មន្ទីរបរិស្ថាន មួយចោលដែលជាឆ្អឹងទទឹង ក នៃគម្រោងការបំផ្លាញ ធនធានធម្មជាតិ ទឹកប្រៃនេះ។

លោក គួច ចំរើន អភិបាលខេត្ត ចេញលិខិតលេខ ៩៩៥/២១ សជណ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ជម្រាបទៅលោក មាស សូលឡុង អាសយដ្ឋានផ្ទះលេខ ៣០៨ ផ្លូវលេខ៩៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្មវត្ថុករណីស្នើសុំសម្អាតដី ទំហំ ៣០៦.៦៩២ ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅ ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ដើម្បីអភិវឌ្ឍន៍ ជាសួនអភិរក្ស សត្វត្រចៀកកាំ ទេសចរណ៍។

រដ្ឋបាលខេត្ត បានជម្រាបទៅលោក មាស សូលឡុង ថាៈ «រដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកសម្អាត ទីតាំងសាងសង់ផ្ទះត្រចៀកកាំ ដើម្បីអភិវឌ្ឍន៍ ជាសួនអភិរក្ស សត្វត្រចៀកកាំ ទេសចរណ៍ លើដីមាន វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៧ បណ្ណ រួមមាន ក្បាលដីលេខ ០៣៣៤, ០៣៣៥, ០៣៣៩, ០៣៤០, ០៣៤១, ០៣៤២, ០៣៤៣ មានទីតាំងស្ថិតនៅ ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខែត្រព្រះសីហនុ។

ទន្ទឹមនឹងនេះ មុនពេលសាងសង់ផ្ទះត្រចៀកកាំ លោកត្រូវអនុវត្តតាមការណែនាំ ដូចខាងក្រោមគឺ៖
ទី១. ត្រូវទំនាក់ទំនងជាមួយ អាជ្ញាធរមានសមត្ថកិច្ច ជំនាញពាក់ព័ន្ធ និងភាគីជាប់ព្រំ ដើម្បីកំណត់ព្រំដី មុនអនុវត្តគម្រោងសាង សង់ផ្ទះត្រ ចៀកកាំ។ ទី២.ត្រូវរៀបចំប្លង់គោល គម្រោងអភិវឌ្ឍន៍ ដាក់មករដ្ឋបាល ខែត្រព្រះសីហនុ ដើម្បីពិនិត្យ និងសម្រេច។ ទី៣.ត្រូវរក្សាទុកព្រៃកោងកាង នៅក្នុងដីកម្មសិទ្ធិរបស់ខ្លួន ឱ្យនៅសភាពដើម ក្នុងករណី ទីតាំងដីមិនទាន់ធ្វើ ការអភិវឌ្ឍន៍ និងទី៤.ចំពោះការអភិវឌ្ឍន៍ ម្ចាស់សំណើត្រូវអនុវត្តជាជំហានៗ។

បើយោងតាមរបាយការណ៍ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២១ ស្តីពីការចុះពិនិត្យវាយតម្លៃ និងកំណត់អត្តសញ្ញាណដី ដែលមានទីតាំងនៅ ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ តាមការចង្អុលបង្ហាញរបស់ ឈ្មោះ មាស សូលឡុង ជាម្ចាស់ដី។ ផ្អែកលើលទ្ធផល នៃការចុះពិនិត្យជាក់ស្តែង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដំឡើងផែនទី និងផ្ទៀងផ្ទាត់ ឯកសារពាក់ព័ន្ធ គឺលទ្ធផលនៃការចុះពិនិត្យជាក់ស្តែងដល់ទីតាំងបានចង្អុលបង្ហាញដោយម្ចាស់សំណើឃើញថាគ្របដណ្តប់ដោយ ព្រៃកោងកាងទាំងស្រុង មានសភាពក្រាស់ ដុះលូតលាស់ល្អ និងមានប្រភេទចម្រុះ ដូចជា កោងកាង ក្រញឹប ស ក្រញឹបក្រហម ប្រសាក់ ឈើជ័រ បើស អម្ពរ អម្គា ។ល។

របាយការណ៍ដដែល បានបង្ហាញទៀតថាៈ «លទ្ធផលបាន គណនាតាម ជីអាយអេស (GIS) ការគណនាតាម ជីធីអេស (GTS) បង្ហាញថា ក្បាលដីទាំង ៧ បណ្ណ ដែលមានទំហំសរុប ៣០៦.៦៩២ ម៉ែត្រការ៉េ មានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១០ ស្ថិតនៅក្នុងគម្របព្រៃឈើ ២០០២ ដែលមានទំហំ ២៣៨.៨៧៥ ម៉ែត្រការ៉េ។ ម្យ៉ាងទៀត ក្បាលដីទាំង ៧ បណ្ណនេះ ស្ថិតក្នុងផែនទី ព្រៃកោងកាង ទំហំ ២៦៥.៨១៣ ម៉ែត្រការ៉េ។ ដោយឡែក ក្បាលដីលេខ៣៣៩ ទំហំ ៤៥.០៨១ និងលេខ ៣៤០ ទំហំ ៥៦.៣៩០ ម៉ែត្រការ៉េ ត្រូវបានផ្ទេរបណ្ណ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ ទីតាំងទាំង ៧ ក្បាលដីនេះ ស្ថិតក្នុងគម្របព្រៃឈើ ២០០២ និងស្ថិត ក្នុង តំបន់ព្រៃកោងកាង ដែលត្រូវការពារ។ ប៉ុន្តែការកសាងវិញ្ញាបនបត្រ សម្គាល់ម្ចាស់ អចលនវត្ថុ ទាំងអស់នេះ មិនមានអនុក្រឹត្យ កាត់ចេញពីគម្របព្រៃឈើ ២០០២ ឬដីព្រៃកោងកាង ដើម្បីធ្វើអនុបយោគ ជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្ម ជាកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ នោះទេ»។

ទាក់ទងករណីនេះ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថាៈ ដីព្រៃកោងកាង ដែលខ្លួនបានចេញប្លង់រឹង ឲ្យទៅលោក មាស សូលឡុង ចំនួន ៧ បណ្ណ ស្មើនឹងទំហំផ្ទៃដី ៣០៦.៦៩២ ម៉ែត្រការ៉េ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទម្រង់ថ្មី នៅក្នុង ឆ្នាំ ២០២១ នោះពីមុន ជាដីស្រែប្រជាពលរដ្ឋ ដែលបានបាក់ទំនប់ទឹកប្រៃ កកើតដុះព្រៃកោងកាង ដល់សព្វថ្ងៃ។

ប្រភពដដែល បានបន្តថាៈ ការចេញបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិ ចំនួន ៧ ប្លង់ គ្របលើ ព្រៃកោងកាង ស្ថិតនៅ ភូមិព្រែកសង្កែ ឃុំទឹកថា្ល ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខាងលើនោះ ជាការបន្តចរន្តការចាស់ ពីអតីតអភិបាលខេត្តព្រះសីហនុ លោក ស្បោង សារ៉ាត់ និងបន្តកិច្ចការ ពីអតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោក សូ សុខ ។ ជាពិសេសបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិ ទាំង ៧ ប្លង់ ដែលទើបចុះហត្ថលេខា នៅក្នុង ឆ្នាំ២០២១ ដោយលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី ខែត្រព្រះសីហនុ បច្ចុប្បន្ន ជាការផ្លាស់ប្ដូរទម្រង់បណ្ណចាស់ មកទម្រង់បណ្ណថ្មី ដែលមានលេខឃ្យូអ័រកូដ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×