ភ្នំពេញ ÷ រថយន្តម៉ាកLexusNX200tមួយគ្រឿង បើកបរក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតជ្រុលទៅបុ.ករថយន្តដឹកខ្សាច់ធុនធំចំពីចំហៀងមុខខាងស្តាំ យ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តបង្កខ្ទេ.ចផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង០០នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១០០៨ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាកFUSO ដឹកខ្សាច់ធុនធំមួយគ្រឿង ក្បាលពណ៌សំបកឪឡឹកពាក់ផ្លាកលេខព្រះសីហនុ 3A-7261 បើកបរតាមបណ្ដោយផ្លូវ១០០៨ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ជាប់នឹងទីស្នាក់ការប៉ុស្តិ៍ទួលសង្កែ២ ស្រាប់តែគេឃើញមានរថយន្តម៉ាក LexusNX200t ពណ៌សបានបិទផ្លាកលេខ បើកបរតាមបណ្ដោយផ្លូវ១០០៨ ក្នុងទិសដៅបញ្រ្ចាសទិសគ្នា ពីកើតមកលិចក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុករថយន្តដឹកខ្សាច់ ចំពីចំហៀងមុខ ខាងស្តាំយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តដឹកខ្សាច់ រងកាខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ ចំណែករថយន្ត Lexus NX200t វិញរងការខូចខាតខ្ទេ.ចមួយកំណាត់ខាងមុខស្ទើរទាំងស្រុង សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែរថយន្តទាំង២គ្រឿងតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត





