នេះជាខណៈពេលដ៏រន្ធត់ខ្លាំងណាស់ ដែលរថយន្ត១គ្រឿង បានក្រឡាប់ធ្លាក់ចូលប្រឡាយ ស្ថិតនៅចំណុចទឹកហូរយ៉ាងខ្លាំង ក្នុងតំបន់បឹងតាមោក សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១ រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ តែទោះជាយ៉ាងណា សំណាងល្អ ដែលមនុស្សក្នុងរថយន្ត ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះទាន់ តាមរយៈបោះខ្សែឲ្យតោងឡើងដោយសុវត្ថិភាព។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Kim Yinda ដែលបានឃើញហេតុការណ៍នេះផ្ទាល់ បានឲ្យដឹងថា ឡាន២សណ្តោងគ្នា លុះមកដល់កន្លែងហ្នឹងកើតហេតុ ស្រាប់តែឡានក្រោយផុងធ្លាក់ និងក្រឡាប់ចូលប្រឡាយតែម្តង ស្ថិតនៅកន្លែងទឹកកំពុងហូរយ៉ាងខ្លាំង។ ហើយនៅពេលនោះ គាត់បានយកខ្សែគោក្នុងឡានប្រវែង១០ម៉ែត្រ អោយអ្នកចុះសង្រ្គោះតោងបណ្តាក់គ្នា ទើបអាចចុះទៅបើទ្វារឡាន យកមនុស្សចេញដោយសុវត្ថិភាព។
ម្ចាស់គណនីខាងលើ ក៏បានបញ្ជាក់ឲ្យដឹងថា រថយន្តដែលបានធ្លាក់ប្រឡាយទឹកក្នុងហេតុការណ៍ដ៏រន្ធត់នេះ គឺម្ចាស់ជាចៅសង្កាត់ពន្សាំង ពុំរងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ប៉ុន្តែ រថយន្តរបស់គាត់បានបែកកញ្ចក់មុខ និងផ្នែកដទៃទៀត រងការខូចខាតយ៉ាងដំណំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







