ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្ដីពី ការហាមឃាត់ការចែកចាយ ឬលក់ ឱសថបុរាណ “ថ្នាំឫសដូងបាត” គ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើ បណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ថ្នាំឬសដូងបាត ពូកែលេខ១ ជាដាច់ កំពុងផ្សព្វផ្សាយលក់ឱសថឈ្មោះ “ថ្នាំឬសដូងបាត” គ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល គិតត្រឹម ថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០២១។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវ ឱ្យរាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ញិកាពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញ ផលិតផលឱសថ ឬផលិតផលបំប៉នសុខភាពគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ជិកា ដែលមានបិទលើ សំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវគឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណនីហរណឱសថ ២-ផ្នែកខាងក្រោមមានលេខទិដ្ឋាការ ឬបញ្ជិកា ដូចមានគំរូភ្ជាប់ជាមួយ។
ក្រសួងសុខាភិបាល សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឈប់ជឿការផ្សព្វផ្សាយឱសថដែល គ្មានលេខបញ្ជិកា តាមគណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងឈប់ប្រើប្រាស់ផលិតផលទាំងនេះជាបន្តទៀត។ ម្ចាស់គណនីបណ្ដាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផល “ថ្នាំឬសដូងបាត” ដែលគ្មានលេខបញ្ជិកាខាងលើជាបន្ទាន់។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធទាំង ឡាយណាដែលនាំចូលចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលដែលគ្មានលេខបញ្ជិកាខាងលើនេះ ទៅតាមច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណា កំពុងចែកចាយ ឬលក់ផលិតផល“ថ្នាំឬសដូងបាត” ដែលគ្មានលេខបញ្ជិកាខាងលើ សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែម ពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង៕ រក្សាសិទ្ធិដោយ ៖ កូលាប



