ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេច ហាមឃាត់អ្នកដំណើរពីប្រទេសចំនួន១០ នៅទ្វីបអាហ្រ្វិក ឬអ្នកមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសទាំង១០ នោះ ហើយត្រូវហោះហើរចូលមកកម្ពុជាគឺហាមឃាត់រយៈពេល៣សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង។

បើតាម ខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងសុខាភិបាលមានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា អង្គការសុខភាពពិភពលោក បានរាយការណ៍ ពីការរកឃើញវីរុស បំប្លែងថ្មី B.1.1.529 នៅបណ្តាប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក និងបានកំណត់ឈ្មោះថា អូមីក្រុង (Omicron) ដែលនេះគឺជាការព្រួយបារម្ភ ចំពោះការរីករាលដាលមេរោគកូវីដ-១៩ ប្រភេទបំប្លែងថ្មី ដូច្នេះ ត្រូវការធ្វើការទប់ស្កាត់។
ប្រទេសចំនួន១០ នោះរួមមាន (1) Botswana (2) Eswatini (3) Lesotho (4) Mozambique (5) Namibia (6) South Africa (7) Zimbabwe (8) Malawi (9) Angola និង (10) Zambia៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN










