ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ផ្នែកអន្តោប្រវេសន៍កម្ពុជាបានឲ្យដឹងថា បន្ទាប់ពី រាជរដ្ឋាភិបាលប្រកាសបើកប្រទេសទទួលទេសចរឡើងវិញ ជាពិសេស ទេសចរចាក់វ៉ាក់សាំង ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កនោះ មានជនបរទេសចូលមកប្រទេសកម្ពុជា រយ:ពេល១៥ថ្ងៃ សរុបជាង ៦,០០០នាក់ ក្នុងនោះ មានអ្នកវិនិយោគ និងអ្នកដំណើរផ្សេងទៀត។

ក្នុងកិច្ចប្រជុំជាមួយក្រសួងទេសចរណ៍ ក្រុមការងារនៃស្ថាប័នពាក់ព័ន្ធ និងឯកជន ស្ដីពី ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា នៅមុនពេលបើកឲ្យមានដំណើរការប្រទេសឡើងវិញ អ្នកដំណើរចូលមកប្រទេសកម្ពុជា មានជាមធ្យមប្រមាណ ៣០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ តែក្រោយពេលបើកដំណើរការប្រទេសឡើងវិញ ក៏មានការកើនឡើង។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បង្ហាញថា ចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ (រយៈពេល ១៥ថ្ងៃ) គឺមានអ្នកដំណើរ ចូលមកប្រទេសកម្ពុជា ៦,០៧១នាក់, បើគិតជាមធ្យមមាន ៤០០នាក់ ក្នុងមួយថ្ងៃ ពោលគឺកើនឡើងប្រមាណ១០០នាក់ក្នុងមួយថ្ងៃ បើប្រៀបធៀបនឹងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។

បើគិតចាប់ពីថ្ងៃទី០១ រហូតដល់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វិញ មានជនបរទេសចូលមកកម្ពុជាចំនួន ១២,១៨២នាក់ ក្នុងនោះ មានភ្ញៀវទេសចរចំនួន ៤,៤១០នាក់ ហើយភ្ញៀវដែលមានចំនួនច្រើនជាងគេ គឺភ្ញៀវវៀតណាម ឥណ្ឌូណេស៉ី ម៉ាឡេស៉ី ថៃជាដើម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN








