ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅអគារមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រី ។

នៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារប្រទេសឡាវ កងទ័ពប្រទេសទាំងពីរ បានប្តេជ្ញាចិត្តបន្តសហការរួមគ្នាយ៉ាងស្អិតរមួតក្នុងភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សំដៅលើកកម្ពស់ទំនាក់ទំនងកម្រិតដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាពជាភាតរៈលើវិស័យការពារជាតិ ព្រមទាំងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀតលើកិច្ចការតំបន់ អន្តរជាតិ និងបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី៕ រក្សាសិទ្ធិដោយ៖ កូលាប









