Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

UNDP បន្តស្វែងរកគម្រោងជំនួយផ្សេងៗ និងកៀងគរជំនួយហិរញ្ញវត្ថុ ពីដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ដើម្បីការអភិវឌ្ឍវិស័យថាមពល របស់កម្ពុជា

spot_img

ភ្នំពេញ ៖ ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងលោកស្រី Alissar Chaker ប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា(UNDP) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួងរ៉ែនិងថាមពល ដើម្បីស្វែងយល់បន្ថែម អំពីទស្សន:វិស័យរបស់ក្រសួង និងគម្រោងអាទិភាពនានា ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍប្រសិទិ្ធភាពថាមពល ក៏ដូចជាឱកាស និងគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត ដើម្បីបន្ត និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល។

ឯកឧត្តមរដ្ឋមន្ត្រីស៊ុយ សែម បានថ្លែងអំណរគុណដល់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា ដែលបានផ្តល់កិច្ចសហការ និងកិច្ចគាំទ្រជាច្រើន ក្នុងគម្រោងអភិវឌ្ឍន៍ថាមពលរបស់កម្ពុជា ដែលក្នុងនោះរួមមាន៖​ ជំនួយហិរញ្ញប្បទាន គម្រោងកសាងសមត្ថភាព គម្រោងបច្ចេកទេស និងការសិក្សាស្រាវជ្រាវ គម្រោងប្រឹក្សាយោបល់ ទាំងក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត សេចក្តីណែនាំនិងវិធានការផ្សេងៗ និង​ ការផ្តល់ជាសម្ភារៈបរិក្ខាជាដើម ដែលសរុបមានចំនួនប្រមាណ ១០ គម្រោងសម្រាប់ឆ្នាំ២០២១ នេះ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីចំណុចសំខាន់ៗ ក្នុងការអភិវឌ្ឍវិស័យថាមពល រួមមាន៖ គោលដៅនៃការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា លទ្ធផលនៃការរៀបចំផែនការមេអភិវឌ្ឍវិស័យថាមពលកម្ពុជា ជាមួយធនាគារ ADB​ និង វឌ្ឍនភាព នៃការរៀបចំគោលនយោបាយជាតិ ស្តីពីប្រសិទ្ធភាពថាមពល និងជំហររបស់វិស័យថាមពលកម្ពុជា ពាក់ព័ន្ធទៅនឹងបញ្ហាអាកាសធាតុ។

ភាគីទាំងពីរ បេ្តជ្ញាពង្រឹងការអនុវត្តស្របតាមអនុស្សារណៈយោគយល់គ្នា និងពង្រឹងភាពជាដៃគូ ក្នុងវិស័យថាមពលបន្តទៀត។

លោកស្រីប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា នឹងបន្តស្វែងរកគម្រោងជំនួយផ្សេងៗ និងកៀងគរជំនួយហិរញ្ញវត្ថុ ពីដៃគូអភិវឌ្ឍន៍ផ្សេងៗទៀតផងដែរ ដើម្បីការអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា ជាពិសេសគឺការផ្តោតលើគម្រោងប្រសិទិ្ធភាពថាមពល និងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រែប្រួលអាកាសធាតុ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×