Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាល់គម្រោង ឬកម្មវិធីជំនួយឧបត្ថម្ភរបស់ ធនាគារពិភពលោក បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យមានការរីកចម្រើន

ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានថ្លែងថា រាល់គម្រោង ឬកម្មវិធីជំនួយឧបត្ថម្ភរបស់ ធនាគារពិភពលោក (WB) បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល កែប្រែកម្រិតជីវភាព និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាសមស្រប ទំនើប ធន់នឹងការប្រែប្រួលអាកាស ធាតុ សុវត្ថិភាពសង្គមនិងបរិស្ថាន បរិយាប័ន្ន និងនវានុវត្តន៍ ។

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកស្រី Mariam J. Sherman នាយិកាធនាគារ ពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកភាគខាងកើត រួមទាំងប្រចាំនៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ផងដែរ និងសហការី ដើម្បីពិភាក្សា និងវាយតម្លៃជារួមលើវឌ្ឍនភាពនៃការអនុវត្តគម្រោងនានាក្នុងវិស័យកសិកម្មដែលគាំទ្រដោយធនាគារពិភពលោក (World Bank, WB)។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែង ធនាគារពិភពលោក និងសហការីទាំងអស់នៅកម្ពុជា ដែលបានយកចិត្តទុកដាក់ និងជួយអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយ:គម្រោង ៖ ១- ការបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហានទី១ , ២ និងទី៣ (Land Allocation for Social and Economic Development LASED I II and III) និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា រាល់គម្រោង ឬកម្មវិធីជំនួយឧបត្ថម្ភរបស់ WB បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល កែប្រែកម្រិតជីវភាព និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាសមស្រប ទំនើប ធន់នឹងការប្រែប្រួលអាកាស ធាតុ សុវត្ថិភាពសង្គមនិងបរិស្ថាន បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ប្រែក្លាយកម្ពុជាទៅជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ និងជាពិសេសឈានជាជំហានៗ ឆ្ពោះទៅជាប្រទេសនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា សម្រេចចក្ខុវិស័យនេះបាន ទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជន ដើម្បីជួយបំពេញតួនាទីលើការងារផ្សព្វផ្សាយបច្ចេកទេស ធាតុចូលកសិកម្ម ពូជ ពង្រឹងខ្សែច្រវាក់តម្លៃបន្ថែម ខ្សែច្រវាក់ផលិតកម្ម ទីផ្សារ និងបណ្តុំផលិត-ផ្គត់ផ្គង់-ចែកចាយ។

ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យ WB ពិនិត្យពិចារណាលើកម្មវត្ថុនៃកម្មវិធីដែលបាននិងកំពុងអនុវត្ត និងកម្មវិធីផ្សេងៗដែលគ្រោងនឹងជួយដល់កម្ពុជានាពេលអនាគត ធ្វើយ៉ាងណាឲ្យស្របទៅនឹងបរិបទនាពេលបច្ចុប្បន្នគឺការរស់ នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ការប្រកួតប្រជែងទីផ្សារក្នុងស្រុក និងនាំចេញបរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនឹងនាំមកនូវការបង្កើនប្រាក់ ចំណូល វិបុលភាព និងសុខុមាលភាពយូរអង្វែងសម្រាប់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចជាតិ។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យ WB ពិចារណាផងដែរលើអនុវិស័យផលិតកម្មសត្វ ការកែច្នៃសាច់ សត្តឃាតដ្ឋានសត្វ វារីវប្បកម្ម ប្រពលវប្បកម្មកសិកម្ម ដើម្បីលើកកម្ពស់ប្រាក់ចំណូលសម្រាប់កសិករងាយរងគ្រោះ ដែលរស់នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច និងដោយឡែក គឺធ្វើឲ្យប្រសើរឡើងនូវគុណភាព និងសុវត្ថិភាពសាច់ ផលិតផលសាច់ ធានាសុខភាពដល់អ្នកបរិភោគ។ កិច្ចការនេះ ឯកឧត្តមរដ្ឋមន្ត្រីស្វាគមន៍រាល់ជំនួយឧបត្ថម្ភពី WB និងការចូលរួមពីវិស័យឯកជន និងដៃគូអភិវឌ្ឍនានា។

លោកស្រី Mariam J. Sherman បានថ្លែងថា ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានផ្តល់កិច្ចសហការយ៉ាងល្អ លើការអនុវត្តគម្រោងសម្រេច ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះ លោកស្រីក៏បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពនៃការ ការអនុវត្តកម្មវិធីផ្សេងៗ សំដៅដល់ការកែប្រែកម្រិតជីវភាព កំណើនប្រាក់ចំណូល និងជំរុញកំណើនកសិកម្មប្រកបដោយភាពប្រកួតប្រជែង និងបរិយាប័ន្ន ដែលផ្តល់នូវផលិតផលមានគុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភ ដោយត្រូវគិតគូរខ្ពស់ដល់ការគ្រប់គ្រងដីធ្លី ទឹក ធនធានព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព”។

ចំពោះសំណើ និងមតិកែលម្អ ឬធាតុចូលរួមសំខាន់ៗរបស់ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារ លោកស្រីនឹងយកទៅពិនិត្យ ពិចារណាជាមួយក្រុមការងារ ធ្វើយ៉ាងណាកែលម្អឲ្យសមស្រប ឆ្លើយតបតាមតម្រូវការជាក់ស្តែងនៅក្នុងវិស័យ ជាពិសេសឲ្យស្របទៅនឹងស្ថានភាពជាក់ស្តែងនៃវិបត្តិជំងឺឆ្លងកូវិដ-១៩។

កិច្ចប្រជុំត្រូវបានបញ្ចប់ និងទទួលបានលទ្ធផល សហប្រតិបត្តិការ និងមានឆន្ទ:រួមមួយគឺលើកកម្ពស់គុណភាពជីវភាពប្រជាពលរដ្ឋ និងនិរន្តរភាពសេដ្ឋកិច្ច តាមរយ:វិស័យកសិកម្មទាំងពេលបច្ចុប្បន្ន និងអនាគត។

សូមអនុញ្ញាតជម្រាបជូនថា៖
១- គម្រោង LASED II មានរយពេល ៥ឆ្នាំ (២០១៦-២០២១) ថវិកា ១.០៨២.៧៧៦ដុល្លារ។ ប្រជាពលរដ្ឋក្រីក្រចំនួន ៥.០៩១គ្រួសារនឹងទទួលបានដីសម្រាប់រស់នៅ និងប្រករបរកសិកម្ម (ដាំដុះដំណាំ និងការចិញ្ចឹមសត្វ) ក្នុងខេត្តគោលដៅ ៖ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ ក្រចេះ និងត្បូងឃ្មុំ លើផ្ទៃដីសរុប ១៧.០០០ហ.ត។

២- គម្រោង LASED III ៖ រយៈពេល (២០២០-២០២៦) – ថវិកា ១០៧លានដុល្លារ (៩៣លានដុល្លារ កម្ចីពី WB និង ១៤លាន ថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា)។ ខេត្តគោលដៅ ៖ ក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តស្ទឹងត្រែង។ ដែលផ្តោតការវិនិយោគលើប្រព័ន្ធធារាសាស្ត្រខ្នាតតូច ផ្តល់សេវាគាំទ្របច្ចេកទេស សម្រាប់ការប្រកបរបរចិញ្ចឹមជីវិតផ្អែកលើកសិកម្មជាមូលដ្ឋាន កសិករទទួលផលសរុប ១៥ ០០០គ្រួសារ។

៣- គម្រោងពិពិធកម្មកសិកម្ម ៖ ថវិកា ១០១,៦៧ លានដុល្លារ (WB ចំនួន ៩១,៦៧ លានដុល្លារនិងរាជរដ្ឋាភិបាល ១០ លានដុល្លារ) រយៈពេល ២០១៩ -២០២៤។ ខេត្តគោលដៅ ៖ កំពង់ឆ្នាំង បាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×