Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គយ និងសភាពាណិជ្ជកម្ម រួមគ្នាពិនិត្យនិងដោះស្រាយនូវសំណូមពរ និងបញ្ហា របស់វិស័យឯកជន ពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ

spot_img

ភ្នំពេញ ៖ នាថ្ងៃអង្គារទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា បានប្រារព្ធកិច្ចប្រជុំលើកទី៨ នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន (8th CPPM Meeting) តាមរបៀបពាក់កណ្តាលជាកិច្ចប្រជុំទល់មុខគ្នា និងពាក់កណ្ដាលតាមប្រព័ន្ធវីដេអូ Zoom ក្នុងគោលបំណងពិនិត្យនិងដោះស្រាយនូវសំណូមពរ និងបញ្ហានានារបស់វិស័យឯកជន ពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ សំដៅធានាបាននូវការអនុវត្តគោលនយោបាយសម្រួលពាណិជ្ជកម្ម និងការលើកកម្ពស់អនុលោមភាពការអនុវត្តច្បាប់។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព សហប្រធាននៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជនគឺ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករ រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានលើកឡើងពីសារៈសំខាន់ និងសមិទ្ធផលដ៏ល្អប្រសើរជាបន្តបន្ទាប់នៃយន្តការ CPPM ដែលជាវេទិកាសម្រាប់ផ្នែកឯកជនអាចស្វែងរកដំណោះស្រាយចំពោះបញ្ហានិងសំណូមពរនានាពាក់ព័ន្ធនីតិវិធីគយ សំដៅលើកកម្ពស់បន្ថែមទៀត នូវកិច្ចសម្រួលពាណិជ្ជកម្ម និងអនុលោមភាពច្បាប់ ពិសេសក្នុងបរិបទនៃការងើបឡើងវិញ នូវសកម្មភាពពាណិជ្ជកម្មអន្តរជាតិក្រោយវិបត្តិកូវីដ-១៩។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា យន្តការភាពជាដៃគូគយ-ផ្នែកឯកជនគឺជាវេទិកាសន្ទនាក្នុងភាពជាដៃគូ ដើម្បីពិគ្រោះយោបល់ស្វែងរកដំណោះស្រាយ នូវរាល់បញ្ហានានា ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងយោគយល់គ្នាទៅវិញទៅមក។ អ្នកឧកញ៉ាសហប្រធានក៏បានថ្លែងអំណរគុណ ចំពោះអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំនាថ្ងៃនេះ និងដែលបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មបន្ថែមពីពេលមួយទៅពេលមួយ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កន្លងមក។

បន្ទាប់ពីបានស្ដាប់វឌ្ឍនភាពការងាររបស់យន្តការ CPPM នាពេលកន្លងមក ដែលបង្ហាញដោយតំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កិច្ចប្រជុំបានពិភាក្សាគ្នាលើសំណូមពរ និងបញ្ហាចំនួន ១២ ដែលលើកឡើងដោយផ្នែកឯកជនពាក់ព័ន្ធនីតិវិធីគយដែលរួមមាន ការបញ្ចុះកម្រៃបែបបទគយ (Customs Processing Fee) លើប្រតិវេទន៍ដែលមានតម្លៃទាប, ការកាត់បន្ថយចំណាយ លើការត្រួតពិនិត្យទំនិញក្រៅម៉ោងធ្វើការ, ការកើនឡើងនូវថ្លៃដឹកជញ្ជូនទំនិញ នាំចេញដោយសារកង្វះទូកុងតែន័រក្នុងបរិបទកូវីដ-១៩, ការកាត់បន្ថយការត្រួតពិនិត្យទំនិញ នាំចេញដល់ទីតាំងក្រុមហ៊ុន, ការជំរុញការអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មគយ និងប្រព័ន្ធ e-Payment, ការលើកកម្ពស់ប្រសិទ្ធភាពការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធទំនិញ, ការតភ្ជាប់ប្រព័ន្ធដោះដូរទិន្នន័យនិវេទនប័ណ្ណ របស់ក្រុមហ៊ុនដឹកជញ្ជូនជាមួយប្រព័ន្ធអាស៊ីគូដា, ការអនុវត្តនីតិវិធីនិងប្រព័ន្ធធ្វើបែបបទគយ មុនពេលទំនិញមកដល់ (Pre-Arrival Processing), និងការផ្ដល់ប្រព្រឹត្តិកម្មលើកទឹកចិត្ត ចំពោះក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ដែលមានអនុលោមភាពខ្ពស់ ជាដើម។

ជាលទ្ធផលនៃកិច្ចពិភាក្សា ផ្នែកឯកជនបានស្វាគមន៍ និងទទួលយកនូវដំណោះស្រាយ ដែលបានលើកឡើងដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយភាគីទាំងពីរបានប្តេជ្ញាថា នឹងអនុវត្តតាមវិធានការដំណោះស្រាយ ប្រកបដោយការទទួលខុសត្រូវរៀងៗខ្លួន។
សហប្រធានក៏បានឯកភាពគ្នា លើកទឹកចិត្តឱ្យក្រុមការងារជំនាញនីមួយៗបន្តពិនិត្យ និងពិភាក្សាដោះស្រាយបញ្ហា ដែលនឹងកើតឡើងជាយថាហេតុ នាពេលខាងមុខ ឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។
កិច្ចប្រជុំនេះបានបញ្ចប់ ក្រោមបរិយាកាសការងារ ប្រកបដោយស្មារតីទទួលខុសត្រូវ និងការយោគយល់គ្នា៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×