Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គយ និងផ្នែកឯកជន បានឯកភាពគ្នាកាត់ភាពសាំញ៉ាំ ដោះស្រាយបញ្ហាប្រឈមទាន់ពេលវេលា និងមានប្រសិទ្ធភាព

spot_img

ភ្នំពេញ ៖ គយ និងផ្នែកឯកជន បានពិភាក្សាគ្នាលើនីតិវិធីដោះស្រាយការប្រឈម ចំនួន ១២ចំណុច ដើម្បីសម្រួលបែបបទរដ្ឋបាល នៃការបញ្ចេញទំនិញ សម្រួលពាណិជ្ជកម្ម និងការលើកកម្ពស់ អនុលោមតាមការអនុវត្តច្បាប់ បន្ទាប់ពីវិស័យឯកជន បានជួបបញ្ហាប្រឈមមួយចំនួនជុំវិញនិតិវិធីគយក្នុងការនាំចេញ និងនាំចូល, នេះបើតាម កិច្ចប្រជុំសម្របសម្រួលភាពជាដៃគូ រវាងគយ និងផ្នែកឯកជន លើកទី៨ ដែលរៀបចំឡើងតាមរបៀបពាក់កណ្តាល ជាកិច្ចប្រជុំទល់មុខគ្នា និងតាមប្រព័ន្ធវីដេអូ Zoom នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

កិច្ចពិភាក្សាសម្រួលពាណិជ្ជកម្ម លើបញ្ហាចំនួន១២ ដែលលើកឡើងដោយផ្នែកឯកជន ពាក់ព័ន្ធនីតិវិធីគយនោះ មានដូចជា ការបញ្ចុះកម្រៃបែបបទគយ លើប្រតិវេទន៍ដែលមានតម្លៃទាប, ការកាត់បន្ថយចំណាយលើការត្រួតពិនិត្យទំនិញក្រៅម៉ោងធ្វើការ, ការកើនឡើងនូវថ្លៃដឹកជញ្ជូនទំនិញ នាំចេញដោយសារកង្វះទូកុងតឺន័រក្នុងបរិបទកូវីដ-១៩។

ការកាត់បន្ថយការត្រួតពិនិត្យទំនិញនាំចេញដល់ទីតាំងក្រុមហ៊ុន, ការជំរុញការអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មគយ និងប្រព័ន្ធ e-Payment, ការលើកកម្ពស់ប្រសិទ្ធភាពការងារបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធទំនិញ, ការតភ្ជាប់ប្រព័ន្ធដោះដូរ ទិន្នន័យនិវេទនប័ណ្ណរបស់ក្រុមហ៊ុនដឹកជញ្ជូនជាមួយប្រព័ន្ធអាស៊ីគូដា, ការអនុវត្តនីតិវិធី និងប្រព័ន្ធធ្វើបែបបទគយមុនពេលទំនិញមកដល់, និងការផ្តល់ប្រព្រឹត្តិកម្មលើកទឹកចិត្ត ចំពោះក្រុមហ៊ុនបុត្តសម្ព័ន្ធរបស់ក្រុមហ៊ុន ដែលមានអនុលោម ភាពខ្ពស់ ជាដើម។

ការសំណូមពររបស់ផ្នែកឯកជន ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្តេជ្ញាថា នឹងអនុវត្តតាមវិធានការដំណោះស្រាយ ប្រកបដោយការទទួលខុសត្រូវរៀងៗខ្លួន។ មិនតែប៉ុណ្ណោះ គយ និងផ្នែកឯកជន បានឯកភាពគ្នាលើកទឹកចិត្ត ឱ្យក្រុមការងារជំនាញនីមួយៗ បន្តពិនិត្យលើកឡើង និងពិភាក្សាដោះស្រាយ បញ្ហាដែលនឹងកើតឡើងជាយថាហេតុ នាពេលខាងមុខ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា កិច្ចប្រជុំដោះស្រាយបញ្ហាប្រឈម សម្រួលពាណិជ្ជកម្ម រវាងគយ និងផ្នែកឯកជន នេះ ធ្វើឡើងក្រោមសហប្រធាន លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីគយ និងរដ្ឋាករ កម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×