ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិនបានអះអាងថា មេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងគឺ គឺមិនបង្កជាក្តីព្រួយបារម្ភ មិនមែនជាការបង្កភាពភ័យស្លន់ស្លោនោះទេ។ ការអះអាងបែបនេះក្រោយពេលដែលសហរដ្ឋអាមេរិករកឃើញមេរោគបំប្លែងខ្លួនថ្មីនេះនៅក្នុងតំបន់អាមេរិកខាងជើង។ លោក បៃដិនបន្តថា សហរដ្ឋអាមេរិកមិនត្រូវបិទខ្ទប់ជាថ្មីម្តងទៀតនោះទេ ប្រសិនបើប្រជាពលរដ្ឋបានចាក់វ៉ាក់សាំង និងធ្វើការពាក់ម៉ាសឱ្យបានគ្រប់គ្នា។
ជាក់ស្តែងករណីមេរោគនេះបានរកឃើញនៅក្នុងប្រទេសកាណាដាហើយសហរដ្ឋអាមេរិកបានដាក់បម្រាមការធ្វើដំណើរចេញចូលប្រទេសចំនួន៨នៅទ្វីបអាហ្រ្វិកភាគខាងត្បូង។ បើតាម លោក បៃដិន ក្រុមហ៊ុនឱសថកំពុងរៀបចំផែនការបន្ទាប់ដើម្បីបង្កើតថ្នាំសម្រាប់ចាក់ចូលប្រជាជនដែលត្រូវការ។
ថ្លែងពីសេតវិមានកាលពីចន្ទ លោកប្រធានាធិបតីបាននិយាយថា សហរដ្ឋអាមេរិកជៀសមិនផុតនោះទេពីមេរោគកូវីដបំប្លែងថ្មីនេះ ខណៈការរាយការណ៍ដំបូងគឺនៅប្រទេសអាហ្វ្រិកខាងត្បូង ហើយបន្ទាប់មកក៏រកឃើញនៅក្នុងប្រទេសអាមេរិក។កាលពីសប្តាហ៍កន្លងទៅ សហរដ្ឋអាមេរិកបានប្រកាសផ្អាកការហោះហើរពីបណ្តាប្រទេសមួយចំនួនដូចជា អាហ្វ្រិកខាងត្បូង ប៊ុតស្វាណា ហ្ស៊ីមប៉ាវី ណាមីបៀ លេសូថូ អេសស្វាទីនី ម៉ូហ្សាមបិច និងមាឡាវី។ ក្នុងប្រទេសកាណាដា ចក្រភពអង់គ្លេស សហភាពអឺរ៉ុបនិងប្រទេសមួយចំនួនទៀតក៏បានដាក់បម្រាមហាមឃាត់ការធ្វើដំណើរពីប្រទែសអាហ្វ្រិកខាងត្បូង។
លោក បៃដិនថា ការដាក់បម្រាមហាមការធ្វើដំណើរនេះ គឺទុកពេលឱ្យសហរដ្ឋអាមេរិកមានពេលវេលាសិក្សាអំពីមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ ខណៈអង្គការសុខាភិបាលពិភពលោក បានបញ្ជាក់ថា មេរោគអូមីក្រុងនេះគឺជាមេរោគនៃក្តីកង្វល់ ដោយវានៅតែមិនទាន់មានព័ត៌មានច្បាស់លាស់ថាតើមេរោគនេះមានសមត្ថភាពនិងការចម្លងលឿននិងបង្កជាហានិភ័យប្រឆាំងមេរោគកូវីដ១៩កម្រិតណានោះទេ៕ ប្រភព៖ A24 News